
ស៊ីរីបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល និងភាពវឹកវរអស់រយៈពេលជាង ១ទសវត្សរ៍ហើយ ដែលនាំឱ្យមានពាក្យចចាមអារ៉ាម និងការអះអាងនានាភ្ជាប់នឹងស្ថានការណ៍ និងបញ្ហារបស់ប្រទេសមួយនេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ក្នុងចំណោមនោះ ការអះអាងមួយបាននិយាយថា ក្មេងស្រីម្នាក់ដែលដេកនៅក្នុងគំនូរដៃម្ដាយ គឺជាកុមារកំព្រានៅទីក្រុងអាឡិបប៉ូ (Aleppo) ប្រទេសស៊ីរី។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយការបញ្ចេញមតិ និងប្រតិកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់ហើយ យើងបានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះទេ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញក្មេងស្រីម្នាក់ដេកនៅក្នុងគំនូរដៃម្ដាយ។ ទំព័រហ្វេសប៊ុកដដែលនេះ អះអាងថា ក្មេងស្រីនោះ គឺជាកុមារកំព្រានៅទីក្រុងអាឡិបប៉ូ ប្រទេសស៊ីរី។ រូបថតនេះ ត្រូវបានចែករំលែកតៗគ្នាយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម ដោយមានការបញ្ចេញមតិយោបល់ និងប្រតិកម្មយ៉ាងច្រើន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញការអះអាងរបស់ទំព័រហ្វេសប៊ុកដែលសរសេរថា៖ «Sleeping in mama’s arms picture taken in an orphanage in Aleppo.» ឬអាចប្រែសម្រួលជាភាសាខ្មែរថា៖ «គេងនៅក្នុងដៃម្ដាយ រូបថតថតនៅក្នុងមណ្ឌលកុមារមួយនៅទីក្រុងអាឡិបប៉ូ»។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយទៀតឈ្មោះ Saikat & Satabdi ក៏បានបង្ហោះវីដេអូខ្លីមួយដែលផលិតចេញពីរូបថតនេះផងដែរ ដោយមានការអះអាងដូចគ្នាថា « Sleeping in Mama’s Arms picture taken in an orphanage in Aleppo, Syria»។ ឃ្លីបវីដេអូខ្លីមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមមើលដល់ទៅជាង ១៩,០០០ដង ហើយមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image ដែលនាំឱ្យយើងបានជួបនឹងការពិតដូចខាងក្រោមនេះ។
រូបថតដើម ត្រូវបានរកឃើញនៅក្នុងវេបសាយរក្សាទុកព័ត៌មានខ្សែភាពយន្តឈ្មោះថា IMDb ដែលបង្ហាញថា រូបថតនេះ គឺជាគម្របនៃភាពយន្ត O Avental Rosa ដែលដឹកនាំផលិតដោយផលិតករ Jayme Monjardim។ ភាពយន្តមួយនេះ ត្រូវបានផលិតឡើងរួមគ្នាដោយក្រុមហ៊ុន Accorde Filmes និងក្រុមហ៊ុន Globo Filmes ហើយចាក់បញ្ចាំងនៅក្នុងឆ្នាំ២០១៨កន្លងមក។
ខ្សែភាពយន្តមួយនេះ បានរៀបរាប់អំពីស្ត្រីវ័យ ៥០ម្នាក់ឈ្មោះ Alice ដែលត្រូវការលុយ ដោយបានធ្វើការជាអ្នកថែទាំអ្នកជំងឺនៅមន្ទីរពេទ្យឯកជនដ៏ទំនើបមួយកន្លែង ដើម្បីទទួលបានចំណូលខ្ពស់ ហើយទន្ទឹមគ្នានេះ នាងក៏ធ្វើការដោយស្ម័គ្រចិត្តនៅមន្ទីរពេទ្យរដ្ឋមួយកន្លែងផងដែរ ដោយមិនទទួលបានប្រាក់កម្រៃនោះឡើយ។

ឈុតខ្លីៗនៃខ្សែភាពយន្ត O Avental Rosa ឬ THE PINK APRON មានផ្សព្វផ្សាយនៅលើឆាណែល YouTube របស់ក្រុមហ៊ុន Accorde Filmes។ គេអាចមើលឈុតខ្លីៗនៃខ្សែភាពយន្តនេះបានតាមរយៈតំណភ្ជាប់នៅទីនេះ។
Accorde Filmes YouTube Channel | Archived Link
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលអះអាងដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដូចដែលរៀបរាប់ខាងលើ និងគម្របដើមនៃខ្សែភាពយន្ត O Avental Rosa ដែលមាននៅលើវេបសាយ IMDb។

ការអះអាងនេះ ក៏ត្រូវបានស្ថាប័នត្រួតពិនិត្យការពិតមួយចំនួនបានផ្ទៀងផ្ទាត់រួចហើយដែរក្នុងរយៈពេលពីរបីខែកន្លងមកនេះ។ ស្ថាប័នត្រួតពិនិត្យការពិតមួយឈ្មោះថា KONMINFO SEKDAU បានផ្ទៀងផ្ទាត់លើការអះអាងនេះកាលពីខែវិច្ឆិកាឆ្នាំមុន។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតនេះ មិនបានបង្ហាញទិដ្ឋភាពកុមារីកំព្រានៅទីក្រុងអាឡិបប៉ូ ប្រទេសស៊ីរី នោះឡើយ។ រូបថតនេះ ត្រូវបានរកឃើញនៅលើគម្របនៃខ្សែភាពយន្ត O Avental Rosa ផលិតឡើងដោយផលិតករខ្សែភាពយន្តប្រេស៊ីល លោក Jayme Monjardim ហើយចាក់បញ្ចាំងនៅក្នុងឆ្នាំ២០១៨។

Title:Fact-Check: រូបថតគម្របខ្សែភាពយន្តប្រេស៊ីលមួយ ត្រូវបានអះអាងមិនត្រឹមថាជាកុមារកំព្រានៅស៊ីរី
Fact Check By: Jay UdomResult: Misleading
