គូ​ស្នេ​ហ៍​​ប្រេស៊ីល​មួយ​គូ​ចំណាយ​ពេល​​​២០ឆ្នាំ​ស្ដារ​គម្រប​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​មួយ​កន្លែង

International Misleading

ខណៈ​ដែល​ពិភព​លោក​បន្ត​បាត់​បង់​គម្រប​ព្រៃ​ឈើ​បៃតង​នោះ​ រូប​ភាព​ផ្គុំ​គ្នា​​មួយ​សន្លឹក​ដែល​បង្ហាញ​រូបថត​នៃ​តំបន់​ភ្នំ​សឹក​រីក​រិល​បាត់​បង់​គម្រប​ព្រៃ​ឈើ​ និង​រូបថត​នៃ​តំបន់​ភ្នំ​ដដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ព្រៃ​ឈើ​បៃតង​នោះ ត្រូវ​បាន​​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​។​ ​រូបភាព​មួយ​សន្លឹក​នេះ បង្ហាញ​នូវ​អត្ថន័យ​ថា តំបន់​ភ្នំ​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ព្រៃឈើ​បៃតង​នៅ​ឆ្នាំ​២០០៩ បាន​ក្លាយ​ជា​ភ្នំ​សឹក​រីក​រិល​នៅ​ឆ្នាំ​២០២៣​នេះ។ រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែកចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ភាព​ភ្ជាប់​ជាមួយ​ខ្លឹមសារ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «Sharon»​ បាន​បង្ហោះ​រូប​ថតប្រៀប​ធៀប​​មួយ​សន្លឹក​​បង្ហាញតំបន់ភ្នំ​ដូច​គ្នា​​មួយ​កន្លែង​ ដែល​​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​បៃតង​នៅ​ឆ្នាំ​២០០៩ និង​ទីវាល​ស្រឡះ​គ្មាន​ព្រៃ​ឈើ​​​នៅ​ឆ្នាំ​២០២៣​។​

រូបភាព​ដែល​ភ្ជាប់​ជាមួយ​ខ្លឹមសារ​​បែប​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាមចេញ​ពី​រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​​ គឺ​ត្រូវ​បាន​រក​ឃើញ​​​នៅ​លើគេហទំព័រ​សារព័ត៌មាន​ The Sun ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​ឧសភា​ ឆ្នាំ​២០១៩​កន្លង​ទៅ​។​

បើ​តាម​អត្ថបទ​របស់​សារព័ត៌មាន​អង់គ្លេស​មួយ​នេះ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា​ តំបន់​ព្រៃ​ភ្នំ​មួយ​កន្លែង​របស់​គ្រួសារ​ប្រេស៊ីល​មួយ ត្រូវ​បាន​គេ​បំផ្លិច​បំផ្លាញ​កាល​ពីឆ្នាំ​២០០១​កន្លង​មក។

The Sun News Report | Archived Link

ចំណែក​ឯ​រូបថត​មួយ​សន្លឹក​ទៀត​ដែល​បង្ហាញ​តំបន់​គ្រប​ដណ្ដប់​ទៅ​ដោយ​គម្រប​ព្រៃឈើ​បៃតង​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ Instituto Terra ដែល​បង្ហោះ​​លើ​បណ្ដាញ​សង្គមកាល​ពី​ខែ​មករា​ ឆ្នាំ​២០១៩​កន្លង​មក។

ខ្លឹមសារ​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​នេះ បាន​ឱ្យ​ដឹង​ថា តំបន់​ភ្នំ​ដែល​បាន​បាត់​បង់​គម្រប​ព្រៃឈើ​បៃតង​កាល​ពី​ឆ្នាំ​២០០១​នោះ បាន​ទទួល​គម្រប​ព្រៃឈើ​បៃតង​វិញ​កាល​ពី​ឆ្នាំ​២០០៩​កន្លង​មក បន្ទាប់​ពី​ប្ដី​ប្រពន្ធ​ជន​ជាតិ​ប្រេស៊ីល​មួយ​គូ បាន​ព្យាយាម​ដាំ​ដើម​ឈើ​ឡើង​វិញ។

Facebook Post | Archived Link

ព័ត៌មាន​និយាយ​ពី​​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​របស់​ប្ដី​ប្រពន្ធ​ប្រេស៊ីល​មួយ​គូ​នេះ ក៏​ត្រូវ​បានរក​ឃើញ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Daily Mail កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩​កន្លង​មក​ផង​ដែរ។

​សារព័ត៌មាន​ដដែល​នេះ​ បាន​រៀប​រាប់​ថា ប្តីប្រពន្ធប្រេស៊ីល បានធ្វើឲ្យពិភព​លោក​មានកា​រកោត​សរសើរជាខ្លាំង​ ក្រោ​យពី​ពួក​គាត់​បាន​ចំណាយ​ពេល​ ២០​ឆ្នាំ​ ដើម្បី​ដាំដើម​ឈើប្រមាណ​ជា​ ២​លាន​ដើម​ នៅ​​ក្នុ​ងតំប​ន់ភ្នំ​ដែល​ធ្លា​ប់រង​នូវកា​រកាប់​បំផ្លាញស្ទើរតែហិនហោចអស់​។ សូម​មើល​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សាទុក​នៅ​ទីនេះ

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ។​ ការ​ពិត​ រូបថត​ទាំង​ ២​សន្លឹក​នេះ​ បង្ហាញ​តំបន់​ភ្នំ​មួយ​ក្នុង​ប្រទេស​ប្រេស៊ីល​ដែល​បាន​បាត់​បង់​គម្រប​ព្រៃឈើ​បៃតង​ទាំង​ស្រុង​នៅ​ឆ្នាំ​២០០១ ហើយ​ត្រូវ​បាន​ប្ដី​ប្រពន្ធ​ជន​ជាតិ​ប្រេស៊ីល​មួយ​គូ​ដាំ​ដើម​ឈើ​ឡើង​វិញ ប្រែក្លាយ​តំបន់​ភ្នំ​នោះ​គ្រប​ដណ្ដប់​ទៅ​ដោយ​ព្រៃឈើ​បៃតង​នៅ​ឆ្នាំ​២០១៩។

Avatar

Title:គូ​ស្នេ​ហ៍​​ប្រេស៊ីល​មួយ​គូ​ចំណាយ​ពេល​​​២០ឆ្នាំ​ស្ដារ​គម្រប​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​មួយ​កន្លែង

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *