គ្មានភស្តុតាងបញ្ជាក់ថា អ្នកនាង រ៉ូហ្សេត បិតស្ទីកឃ័របក្សផ្សេងលើផ្ទាំងបដារបក្សខ្លួនទេ
ខណៈយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កំពុងប្រព្រឹត្តទៅនោះ មានការអះអាងមួយនៅលើបណ្ដាញសង្គម លើកឡើងថា អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខនារីរបស់គណបក្សភ្លើងទៀននៅសង្កាត់អូរចារ ក្នុងខេត្តបាត់ដំបង និងគូកន បានយកស្ទីកឃ័ររបស់គណបក្សប្រជាជនកម្ពុជាទៅបិតលើផ្ទាំងបដារឃោសនារបស់គណបក្សខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន។ ការអះអាងនេះ ត្រូវបានគេចែករំលែកទៅក្រុមបណ្ដាញសង្គមចំនួនពីរ ដែលមានគណនីហ្វេសប៊ុករាប់ម៉ឺនជាសមាជិក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
គណនីហ្វេសប៊ុកមួយឈ្មោះ គណបក្ស ផ្សែងទៀន បានបង្ហោះរូបថត ២សន្លឹក ដែលបង្ហាញផ្ទាំងក្រដាសឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានគេយកទៅបិទពីលើរូបសញ្ញាគណបក្សភ្លើងទៀន នៅលើផ្ទាំងបដារឃោសនាបោះឆ្នោតរបស់បក្សនេះនៅឯសង្កាត់អូរចារ ក្នុងខេត្តបាត់ដំបង។
គណនីហ្វេសប៊ុកដដែលនេះ អះអាងថា អ្នកនាង ស៊ិន ពៅចាន់រ៉ូហ្សេត បេក្ខជនគណបក្សភ្លើងទៀននៅសង្កាត់អូរចារ និងគូកនរបស់នាង ជាអ្នកប្រព្រឹត្តទង្វើបែបនេះ។
ការអះអាងនេះបែបនេះ ត្រូវបានគេចែករំលែកទៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ កឹម សុខ វិរៈបុរស ដែលមានគណនីហ្វេសប៊ុកដល់ទៅជាង ២៤,០០០ជាសមាជិកនៅក្នុងក្រុម។
ការអះអាងនេះ ក៏ត្រូវបានចែករំលែកផងដែរទៅក្នុងក្រុមបណ្ដាញសង្គមមួយទៀតឈ្មោះ TV Sorn Dar ដែលមានគណនីហ្វេសប៊ុកជាង ១សែនជាសមាជិក។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការសម្ភាសជាមួយប្រភពពាក់ព័ន្ធនានា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia នៅថ្ងៃទី២៨ ខែឧសភា អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខនារីគណបក្សភ្លើងទៀន ដែលបានឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅសង្កាត់អូរចារ ក្នុងខេត្តបាត់ដំបង បានច្រានចោលការអះអាងខាងលើ ដោយនិយាយថា គណបក្សប្រឆាំងមិនប្រព្រឹត្តទង្វើបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជននោះឡើយ។
អ្នកនាង រ៉ូហ្សេត បានឱ្យដឹងថា ការយកផ្ទាំងឃោសនារបស់គណបក្សប្រជាជនកម្ពុជាទៅបិទលើផ្ទាំងឃោសនារបស់គណបក្សភ្លើងទៀននៅសង្កាត់អូរចារ បានកើតឡើង ២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែឧសភា។
អតីតចៅសង្កាត់ជាប់ឆ្នោតរូបនេះ បានឱ្យដឹងទៀតថា ក្រុមការងារគណបក្សភ្លើងទៀន បានរាយការណ៍ករណីនេះទៅគណៈកម្មការបោះឆ្នោតនៅសង្កាត់អូរចារហើយ បន្ទាប់ពីបានឃើញករណីនេះកើតឡើង ២លើកជាប់គ្នា ហើយគណៈកម្មការបោះឆ្នោតសង្កាត់អូរចារ ក៏បានអញ្ចើញតំណាងគណបក្សប្រជាជនកម្ពុជានៅក្នុងភូមិកាប់គោ ឱ្យទៅបកផ្ទាំងក្រដាសឃោសនានោះចេញវិញ។
នៅក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia នៅថ្ងៃសៅរ៍នេះដែរ លោក ឯម សុផល បេក្ខជនចៅសង្កាត់អូរចាររបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា សកម្មជនរបស់លោកមិនបានប្រព្រឹត្តទង្វើបែបនេះឡើយ ហើយលោកជំរុញទៅតំណាងគណបក្សភ្លើងទៀន ឱ្យដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរចារ លោក ប្រាក់ គី ប្រាប់ឱ្យដឹងថា លោកទទួលបានព័ត៌មានអំពីករណីនេះដែរ ប៉ុន្តែ សមត្ថកិច្ចរបស់លោកមិនបានដំណើរការស៊ើបអង្កេតអ្វីនោះឡើយ ដោយសារតែគ្មានបណ្ដឹងដាក់មកសមត្ថកិច្ចរបស់លោក។
នៅក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia មន្ត្រីសេវាកម្មច្បាប់នៃគណៈកម្មការបោះឆ្នោតសង្កាត់អូរចារ អ្នកស្រី ម៉ៅ នួន បានឱ្យដឹងថា គណៈកម្មការបោះឆ្នោតសង្កាត់អូរចារ បានទទួលព័ត៌មានអំពីករណីនេះដែរ ហើយមន្ត្រីបោះឆ្នោតនៅមូលដ្ឋាន បានចុះទៅពិនិត្យករណីនេះផងដែរ។
មន្ត្រីបោះឆ្នោតរូបនេះ បានឱ្យដឹងទៀតថា គណៈកម្មការបោះឆ្នោតសង្កាត់អូរចារ ក៏បានអញ្ចើញតំណាងគណបក្សប្រជាជនកម្ពុជា ឱ្យទៅមើលករណីនេះ ហើយសាកសួរផងដែរ ប៉ុន្តែ តំណាងគណបក្សកាន់អំណាច បានបដិសេធចំពោះការប្រព្រឹត្តទង្វើបែបនេះ។
ប៉ុន្តែ អ្នកស្រី ម៉ៅ នួន បានបញ្ជាក់ថា គណៈកម្មការបោះឆ្នោតសង្កាត់អូរចារ មិនបានដំណើរការស៊ើបអង្កេតករណីនេះនោះឡើយ បន្ទាប់ពីភាគីតំណាងគណបក្សទាំងពីរបានសម្របសម្រួលគ្នារួចរាល់ហើយនោះ។
វីដេអូមួយមានរយៈពេលប្រហែល ៨នាទី ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញឱ្យឃើញបុរសមួយក្រុមស្លៀកពាក់អាវមានស្លាកគណបក្សប្រជាជនកម្ពុជា បានបកផ្ទាំងផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជាចេញពីផ្ទាំងឃោសនារបស់គណបក្សភ្លើងទៀន។
បុរសម្នាក់ក្នុងចំណោមនោះ បាននិយាយថា ក្រុមលោកមិនបានបិតផ្ទាំងឃោសនាតូចៗទៅលើផ្ទាំងបដារគណបក្សភ្លើងទៀននោះឡើយ ហើយបុរសដទៃទៀត បានជូតសម្អាតត្រង់រូបសញ្ញាគណបក្សភ្លើងទៀន។
អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលឈរឈ្មោះជាបេក្ខនារីរបស់គណបក្សសង្គ្រោះជាតិ បានជាប់ឆ្នោតជាចៅសង្កាត់អូរចារនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧កន្លងមក ប៉ុន្តែ តំណែងនេះត្រូវបានដកហូតឱ្យទៅចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាវិញ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលកាលពីចុងឆ្នាំ២០១៧កន្លងមក។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងលើបណ្ដាញសង្គមដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខនារីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតនៅសង្កាត់អូរចារ ក្នុងខេត្តបាត់ដំបង បានប្រាប់ថា រូបនាង និងក្រុមការងារគណបក្ស មិនបានប្រព្រឹត្តទង្វើបែបនេះ ដើម្បីទាក់ទាញ់ចំណាប់អារម្មណ៍មហាជននោះឡើយ។ អ្នកនាង រ៉ូហ្សេត បានអះអាងថា ការបំផ្លាញផ្ទាំងបដារឃោសនារបស់គណបក្សនៅក្នុងសង្កាត់អូរចារ បានកើតឡើងជាច្រើនករណីរួចមកហើយ។ ចំណែកឯងមន្ត្រីបោះឆ្នោតនៅសង្កាត់អូរចារ បានបញ្ជាក់ថា មិនទាន់ដឹងថា នរណាប្រព្រឹត្តទង្វើបែបនេះទៅលើបដារគណបក្សប្រឆាំងនោះឡើយ។
Title:គ្មានភស្តុតាងបញ្ជាក់ថា អ្នកនាង រ៉ូហ្សេត បិតស្ទីកឃ័របក្សផ្សេងលើផ្ទាំងបដារបក្សខ្លួនទេ
Fact Check By: Jay UdomResult: Misleading