រាជវាំងច្រានចោលរាជសារក្លែងក្លាយនិមន្តព្រះសង្ឃមួយអង្គចូលរួមបុណ្យកឋិនទាន
បន្ទាប់ពីព្រះតេជគុណ វន វាសី ចន្ទមុនី បានល្បីព្រះនាមនៅលើបណ្ដាញសង្គមនាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រាជសារមួយសន្លឹកត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ ដោយលើកឡើងថា ហ្លួងម៉ែបាននិមន្តព្រះសង្ឃអង្គនេះចូលរួមទេសនាក្នុងពិធីបុណ្យកឋិនទាននៅវត្តមួយនៅឯខេត្តកំពត។ រាជសារនេះ ត្រូវបានបង្ហោះ និងចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមនៅថ្ងៃនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា រាជសារនេះក្លែងក្លាយតែប៉ុណ្ណោះ។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកនៃព្រះរាជសារមួយសន្លឹករបស់ព្រះរាជវាំង ត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមនៅថ្ងៃនេះ ដែលបានលើកឡើងថា ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះមាតានៃព្រះមហាក្សត្រ នរោត្ដម សីហមុនី បាននិមន្តព្រះតេជគុណ វន វាសី ចន្ទមុនី ចូលរួមក្នុងព្រះរាជពិធីបុណ្យកឋិនទានដែលគ្រោងរៀបចំធ្វើឡើងនៅឯវត្តមួយស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត នៅខែក្រោយនេះ។
ព្រះតេជគុណ វន វាសី ចន្ទមុនី គឺជាព្រះសង្ឃនៅខេត្តកំពង់ឆ្នាំង ដែលកំពុងល្បីល្បាញលើបណ្ដាញសង្គមថា ជាសង្ឃធុតង្ត និងមានសិល្បិ៍វិជ្ជាការ ដែលអូសទាញបានការគោរពពីប្រជាជនកម្ពុជាជាច្រើន។
ការអះអាងខាងលើនេះ បានបង្ហោះមកជាមួយនូវរូបភាពនៃលិខិតមួយច្បាប់របស់ព្រះរាជវាំង ដែលមានព្រះរាជហត្ថលេខារបស់ព្រះមហាក្សត្រ នរោត្ដម សីហមុនី និងព្រះមាតារបស់ទ្រង់ផងដែរ។
ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងច្រើន និងទទួលបានការបញ្ចេញមតិចម្រុះបែបផងដែរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងលើបណ្ដាញសង្គមនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «សាធុៗ តែបុណ្យឱ្យផលហើយប្រកែកមិនបានទេ… ហ្លួងយាយសូមគោរពអញ្ចើញនិមន្ត…»។
ការអះអាងក្នុងន័យដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរនៅថ្ងៃនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយដែលសរសេររៀបរាប់ថា «សាធុៗ បុណ្យឱ្យផលហើយប្រកែកមិនបានទេ ខាងកំពតមានសំណាងណាស់! ជិតកន្លែងលោកយាយឌីដែរ ត្រៀមខ្លួនចៅៗ ព្រះមហាក្សត្រខ្មែរត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការ»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះសារលិខិត និងសំណេរដូចគ្នាដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតនៅថ្ងៃនេះ។
ជាងនេះទៀត សារព័ត៌មានត្រយ៉ងក៏បានចុះផ្សាយនូវព័ត៌មានផងដែរនៅក្នុងអត្ថបទរបស់ខ្លួនមានចំណងជើងថា «១៤ថ្ងៃទៀត ព្រះថេរធម្ម វន វាសី ចន្ទមុនី នឹងសម្ដែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទានរបស់ហ្លួងម៉ែថ្វាយព្រះបរមរតនកោដ្ឋ»ចេញផ្សាយនៅថ្ងៃនេះផងដែរ។
សារព័ត៌មានត្រយ៉ង | Archived Link
សម្រាប់រូបភាពដែលបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត សូមមើលតាមរយៈតំណភ្ជាប់នៅទីនេះ (archived) ឬតាមរយៈតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
រាជសារមួយសន្លឹកនេះ ត្រូវបានបង្ហោះ និងចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម បន្ទាប់ពីគណនីហ្វេសប៊ុក Thong Nidamony បានបង្ហោះវានៅលើបណ្ដាញសង្គម ប៉ុន្តែ ត្រូវបានលុបចោលទៅវិញប្រហែល ១ម៉ោងក្រោយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មានដោយគណនីហ្វេសប៊ុក Thong Nidamony នៅថ្ងៃនេះ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញផ្ដាមទុក មុននឹងត្រូវលុបចោលទៅវិញ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យទៅលើការអះអាងនេះតាមរយៈការផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការនានា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
បន្ទាប់ពីលិខិតមួយសន្លឹកនេះ ត្រូវបានបង្ហោះ និងចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចោទសួរពីភាពត្រឹមត្រូវនៃលិខិតមួយសន្លឹកនេះ។ បញ្ហានេះនាំឱ្យសារព័ត៌មានក្នុងស្រុក បានចុះផ្សាយអំពីការពិតនៃលិខិតស្នាមមួយសន្លឹកនេះ។
នៅរសៀលថ្ងៃនេះ យើងបានរកឃើញសេចក្ដីប្រកាសព័ត៌មានរបស់ព្រះបរមរាជវាំងកម្ពុជា ដែលបានច្រានចោលនូវលិខិតស្នាមនោះ ដោយចាត់ទុកជាលិខិត«ក្លែងក្លាយ»។ សេចក្ដីប្រកាសព័ត៌មាននេះ ត្រូវបានចុះផ្សាយដោយបណ្ដាញសារព័ត៌មានក្នុងស្រុក។
ទូរទស្សន៍ជាតិកម្ពុជា TVK | Archived Link
សេចក្ដីប្រកាសព័ត៌មានរបស់ព្រះបរមរាជវាំង ក៏ត្រូវបានចុះផ្សាយដោយវិទ្យុវាយោ (archived) បណ្ដាញផ្សព្វផ្សាយ CNC (archived) បណ្ដាញសង្គមក្រសួងមហាផ្ទៃ (archived)។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ព្រះបរមរាជវាំងបានច្រានចោលនូវរាជសារដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនោះ ដោយចាត់ទុកជាឯកសារក្លែងក្លាយប៉ុណ្ណោះ។
Title:រាជវាំងច្រានចោលរាជសារក្លែងក្លាយនិមន្តព្រះសង្ឃមួយអង្គចូលរួមបុណ្យកឋិនទាន
Written By: Jay UdomResult: False