
បន្ទាប់ពីអ្នកស្រី ប៊ុន រ៉ានី បានដួល ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីដើមខែកុម្ភៈនេះ មានព័ត៌មានច្រើននិយាយអំពីសុខភាពរបស់អ្នកស្រី ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម។ ក្នុងនោះ រូបថតប្អូនស្រីរបស់លោក ហ៊ុន សែន ឈរនៅពីមុខកម្រងផ្កាដែលមានរូបថតអ្នកស្រី ប៊ុន រ៉ានី ក៏ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមួយដែលបង្ហាញរូបថតអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅក្នុងរង្វង់កម្រងផ្កាមួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមក្នុងន័យថា អ្នកស្រីបានទទួលមរណភាពហើយ។
វីដេអូនេះ ត្រូវបានគេចែករំលែកបន្តនៅលើបណ្ដាញសង្គម ព្រមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មផ្សេងៗពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបដែលបានបង្ហាញប្អូនស្រីរបស់លោក ហ៊ុន សែន ឈរនៅខាងស្ដាំដៃនៃរូបថតកម្រងផ្កាដែលមានរូបថតអ្នកស្រី ប៊ុន រ៉ានី។
https://www.facebook.com/reel/3381407025338035
រូបថតស្រដៀងគ្នានេះ ក៏ត្រូវបានរកឃើញ និងបង្ហោះផងដែរកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដោយបានបង្ហាញរូបថតរបស់អ្នកស្រី ប៊ុន រ៉ានី រួមជាមួយសំណេរអះអាងថា អ្នកស្រីបានទទួលមរណភាពហើយ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលសំណេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមគ្រួសាររបស់លោក ហ៊ុន សែន និងសេចក្ដីរាយការណ៍ព័ត៌មាននៅក្នុងកម្ពុជារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដំណឹងមរណភាពរបស់ភរិយារបស់មេដឹកនាំប្រទេស គួរតែត្រូវបានប្រកាសជាផ្លូវការជាសាធារណៈដោយស្ថាប័នរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឯកជន និងតាមមធ្យោបាយនៃការផ្សព្វផ្សាយសំខាន់ៗដទៃទៀត។
ទោះជាយ៉ាងណា គ្មានព័ត៌មាននេះត្រូវបានចុះផ្សាយ ឬផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជននៅក្នុងប្រទេសកម្ពុជានោះឡើយ។
យើងបានរកឃើញថា ទំព័រហ្វេសប៊ុករបស់អ្នកស្រី ហ៊ុន ស៊ីណាត បានបង្ហោះរូបថតមួយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នោះ ដែលបង្ហាញរូបអ្នកស្រីនៅក្នុងកម្មវិធីបុណ្យខួបគម្រប់១ឆ្នាំរបស់អ្នកស្រី ប៊ុន សុថា ដែលត្រូវបានគេស្គាល់ថា គឺជាប្អូនស្រីរបស់អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
រូបថតដែលមានទម្រង់ដូចគ្នាទៅនឹងរូបថតភ្ជាប់នៅក្នុងវីដេអូឃ្លីបខាងលើ ពុំបានបង្ហាញទិដ្ឋភាពជាកម្រងផ្ការបស់អ្នកស្រី ប៊ុន រ៉ានី នោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បង្ហាញអ្នកស្រី ហ៊ុន ស៊ីណាត ក្នុងកម្មវិធីបុណ្យខួបគម្រប់១ឆ្នាំរបស់អ្នកស្រី ប៊ុន សុថា។

ខាងក្រោមនេះ គឺជារូបភាពផ្ដាម បង្ហាញទិដ្ឋភាពប្អូនស្រីរបស់លោក ហ៊ុន សែន ឈរនៅពីមុខកម្រងផ្កាដែលមានរូបថតរបស់អ្នកស្រី ប៊ុន សុថា។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

លោក ហ៊ុន ម៉ានី ដែលត្រូវជាកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះរូបថតឪពុកម្ដាយរបស់លោកនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៤ ខែកុម្ភៈ ចំទិវានៃក្ដីស្រឡាញ់។

វីដេអូលោក ហ៊ុន សែន និងភរិយារបស់លោក ព្រមទាំងកូនចៅ ប្រារព្ធទិវានៃក្ដីស្រឡាញ់នៅក្នុងគេហដ្ឋាន ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Fresh News ផងដែរកាលពីថ្ងៃពុធកន្លងមកនេះ។
Fresh News Report | Archived Link
ទោះជាយ៉ាងណា យើងពុំអាចបញ្ជាក់បានទេថា វីដេអូ និងរូបថតនេះ ពិតជាត្រូវបានថតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឬយ៉ាងណានោះ។
Fact Crescendo Cambodia ស្នើសុំការបញ្ជាក់ពីលោក ហ៊ុន ម៉ានី និងលោក សេង ទៀង ជំនួយការរបស់លោក ហ៊ុន សែន តាមរយៈទូរស័ព្ទផងដែរ ប៉ុន្តែ មិនទទួលបានការឆ្លើយតប។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក និងព័ត៌មាននៅថ្ងៃនេះថា លោក និងភរិយាបានធ្វើដំណើរទៅសួរសុខទុក្ខព្រះរាជសុខភាពរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃនេះ។
ក្នុងចំណោមរូបថត ៦សន្លឹកនោះ យើងបានឃើញអ្នកស្រី ប៊ុន រ៉ានី បង្ហាញវត្តមានរួមគ្នាជាមួយស្វាមីរបស់អ្នកស្រីផងដែរនៅក្នុងដំណើរទៅសួរសុខទុក្ខព្រះរាជសុខភាពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នោះ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការភ្ជាប់រូបថតទៅនឹងការអះអាងខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅរស់រានមានជីវិតធម្មតា និងទើបតែបង្ហាញវត្តមាននៅក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់ជាមួយនឹងក្រុមគ្រួសារ។

Title:រូបថតអ្នកស្រី ប៊ុន រ៉ានី ក្នុងកម្រងផ្កាមរណទុក្ខ គឺជារូបភាពកាត់ត
Written By: Kakada SimResult: Altered
