
កាលពីចុងសប្ដាហ៍កន្លងមកនេះ មានសេចក្ដីរាយការណ៍ថា សកម្មជនគាំទ្របក្សប្រឆាំងមួយរូបឈ្មោះអាសង្ហា ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវសមត្ថកិច្ចប្រទេសនេះចាប់ខ្លួន។ បន្ទាប់ពីករណីនេះ បានកើតឡើង អ្នកប្រើប្រាសហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គម ដែលបង្ហាញឱ្យឃើញសកម្មជនរូបនេះថតរូបបែបស្និទ្ធស្នាលជាមួយអ្នកស្រី មូរ សុខហួរ ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងក្នុងន័យថា រូបថតនោះ បង្ហាញឱ្យឃើញអ្នកស្រី មូរ សុខហួរ និងសកម្មជនរូបនោះ មានទំនាក់ទំនងស្នេហាជាមួយគ្នា។
រូបថតនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម ហើយមានការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើង រកឃើញថា រូបថតនេះត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីចុងសប្ដាហ៍កន្លងមកនេះ គណនីហ្វេសប៊ុកមួយ បានបង្ហោះរូបថត ១សន្លឹកក្នុងចំណោមរូបថត ៣សន្លឹកនៅលើបណ្ដាញសង្គម ដែលបង្ហាញអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថតរូបស្និទ្ធស្នាលជាមួយសកម្មជនគាំទ្របក្សប្រឆាំងម្នាក់នៅកូរ៉េខាងត្បូង ដែលគេស្គាល់ត្រឹមឈ្មោះហៅថាក្រៅថា «អាសង្ហា»។
គណនីហ្វេសប៊ុកដែលនេះ បានសរសេររៀបរាប់ក្នុងន័យថា ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលទៅហើយនោះ មានទំនាក់ទំនងស្នេហាជាមួយសកម្មជនរូបនេះទៀតផង។
រូបថតជាមួយនឹងសំណេរបែបនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិចម្រុះ និងប្រតិកម្មជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ ចៅ តូច ដែលសរសេររៀបរាប់កាលពីថ្ងៃអាទិត្យកន្លងមកនេះថា «កាហួរ [មូរ សុខហួរ]អើយជួយប្ដីផង…! ប្ដីងនាងត្រូវប៉ូលិសចាប់ខ្លួនហើយ ប្រយ័ត្នខានបានដាក់ស្នុក»។


រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកតាំងពីខែសីហា ឆ្នាំ២០១៨មកម៉្លេះ ដែលមានសំណេររៀបរាប់ថា អ្នកស្រី មូរ សុខហួរ មានទំនាក់ទំនងស្នេហាជាមួយសកម្មជនបក្សប្រឆាំងដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលបង្ហាញអ្នកស្រី មូរ សុខហួរ ពាក់ក្រមាគ្របលើស្មា និងពាក់ខ្សែកគ្រាប់អង្កាំនោះ ត្រូវបានរកឃើញនៅលើវេបសាយមួយចំនួននៅលើប្រព័ន្ធអ៊ីនធឹណិត។
រូបថតដែលរកឃើញនៅលើគេហទំព័រសារព័ត៌មាន BORDERLESS បង្ហាញឱ្យឃើញអ្នកស្រី មូរ សុខហួរ ថតរូបតែម្នាក់ឯងប៉ុណ្ណោះ ពោលគឺគ្មានរូបសកម្មជនម្នាក់ហៅ អាសង្ហា នោះឡើយ។
គេហទំព័រមួយនេះ បានឱ្យដឹងទៀតថា រូបថតនេះ ត្រូវបានយកពីគេហទំព័រ Vital Voice ហើយជារូបថតថតដោយអ្នកថតរូបជនជាតិអាហ្វ្រិកខាងត្បូង លោក Micky Wiswedel។

យើងបានរកឃើញថា លោក Micky Wiswedel បានថតរូបអ្នកស្រី មូរ សុខហួរ តាំងពីឆ្នាំ២០០៩មកម៉្លេះ ដែលរូបថតមួយសន្លឹកនេះ ត្រូវបានអង្គការ Vital Voice Global Partnership យកទៅផ្សព្វផ្សាយជាមួយរឿងរ៉ាវទាក់ទងនឹងអ្នកស្រី មូរ សុខហួរ។

សូមពិនិត្យមើលការប្រៀបធៀបរវាងរូបថតច្បាប់ដើម និងរូបថតកាត់ត ដែលត្រូវបានប្រើប្រាស់នៅក្នុងការអះអាងមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

នៅក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ Ah Sang Ha យើងបានរកឃើញរូបថតមួយសន្លឹក ដែលបង្ហាញសកម្មជនរូបនេះថតជាមួយស្ត្រីម្នាក់កាលពីខែឧសភា ឆ្នាំ២០១៨កន្លងមក។ សំណេររបស់គេនៅលើហ្វេសប៊ុក ឱ្យដឹងថា ស្ត្រីម្នាក់នេះស្ថិតក្នុងចំណោមនារីមួយក្រុមដែលបានធ្វើដំណើរកម្សាន្តនៅទីក្រុងក្វាងជូធំ ប្រទេសកូរ៉េខាងត្បូង។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដូចដែលត្រូវបានរៀបរាប់ពីខាងលើនេះ គឺជារូបថតកាត់ត។ រូបថតច្បាប់ដើម ពុំបានបង្ហាញឱ្យឃើញអ្នកស្រី មូរ សុខហួរ ថតរូបស្និទ្ធស្នាលគ្នាជាមួយសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូងនោះឡើយ។ ការពិត រូបថតច្បាប់ដើម គឺជារូបថតអ្នកស្រី មូរ សុខហួរ តែម្នាក់គត់ ដែលថតរូបថតនោះកាលពីឆ្នាំ២០០៩។

Title:រូបថតអ្នកស្រី មូរ សុខហួរ ថតរូបកៀកកិតនឹងសកម្មជនម្នាក់នៅកូរ៉េ គឺជារូបភាពកាត់ត
Fact Check By: Jay UdomResult: Altered
