រូបថត​អ្នកស្រី មូរ សុខហួរ ថត​រូបកៀក​កិត​នឹង​សកម្មជន​ម្នាក់​នៅ​កូរ៉េ គឺ​ជា​រូបភាព​កាត់​ត

Altered Political

កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ មាន​សេចក្ដី​រាយការណ៍​ថា សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ឈ្មោះ​អា​សង្ហា ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​សមត្ថកិច្ច​ប្រទេស​នេះ​ចាប់​ខ្លួន។ បន្ទាប់​ពី​ករណី​នេះ បាន​កើត​ឡើង អ្នកប្រើ​ប្រាសហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​សកម្មជន​រូប​នេះ​ថត​រូប​បែប​ស្និទ្ធ​ស្នាល​ជាមួយ​អ្នកស្រី មូរ សុខហួរ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ក្នុង​ន័យ​ថា រូបថត​នោះ បង្ហាញ​ឱ្យ​ឃើញ​អ្នកស្រី មូរ សុខហួរ និង​សកម្មជន​រូប​នោះ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា។

រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ ១​​សន្លឹក​ក្នុង​ចំណោម​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថត​រូប​ស្និទ្ធ​ស្នាល​ជាមួយ​សកម្មជន​គាំ​ទ្រ​​បក្ស​ប្រឆាំង​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះ​ហៅ​ថា​ក្រៅ​ថា «អា​សង្ហា»។

គណនី​ហ្វេសប៊ុក​ដែល​នេះ បាន​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​សកម្មជន​រូបនេះ​ទៀត​ផង។

រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិចម្រុះ និង​ប្រតិកម្ម​​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះរបស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ចៅ តូច ​ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងម​ក​នេះ​ថា «កាហួរ [មូរ សុខហួរ]​អើយ​ជួយ​ប្ដី​ផង…! ប្ដីង​នាង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ហើយ ប្រយ័ត្ន​ខាន​បាន​ដាក់​ស្នុក»។

Facebook Post | Archived Link

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុ​កតាំង​ពី​ខែ​សីហា ឆ្នាំ​២០១៨​មក​ម៉្លេះ ដែល​មាន​សំណេរ​រៀបរាប់​ថា អ្នកស្រី មូរ សុខហួរ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ដែល​បង្ហាញ​អ្នកស្រី មូរ សុខហួរ ពាក់​​ក្រមា​គ្រប​លើ​ស្មា និង​ពាក់​ខ្សែ​ក​គ្រាប់​អង្កាំ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​វេបសាយ​មួយ​ចំនួន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឹណិត។ 

រូបថត​ដែល​រក​ឃើញ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន BORDERLESS បង្ហាញ​ឱ្យ​ឃើញ​អ្នកស្រី មូរ សុខហួរ ថត​រូប​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ពោល​គឺ​គ្មាន​រូបសកម្មជន​ម្នាក់​ហៅ អា​សង្ហា នោះ​ឡើយ។

គេហ​ទំព័រ​មួយ​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា រូបថត​នេះ​ ត្រូវ​បាន​យក​ពីគេហទំព័រ Vital Voice ហើយ​ជា​រូបថត​ថត​ដោយ​អ្នក​ថត​រូប​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង លោក Micky Wiswedel។

Borderless | Archived Link

យើង​បាន​រក​ឃើញ​ថា លោក Micky Wiswedel បាន​ថត​រូប​អ្នកស្រី មូរ សុខហួរ តាំង​ពី​ឆ្នាំ​២០០៩​មក​ម៉្លេះ ដែល​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អង្គការ​ Vital Voice Global Partnership យក​ទៅ​ផ្សព្វផ្សាយ​ជាមួយ​រឿង​រ៉ាវ​ទាក់​ទង​នឹង​អ្នកស្រី មូរ សុខហួរ។

Vital Voice | Archived Link

សូម​ពិនិត្យ​មើល​ការ​ប្រៀប​ធៀប​រវាង​រូបថត​ច្បាប់​ដើម និង​រូបថត​កាត់​ត ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

នៅ​ក្នុង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Ah Sang Ha យើង​បាន​រក​ឃើញ​រូបថត​មួយ​​សន្លឹក ដែល​បង្ហាញ​សកម្មជន​រូប​នេះ​ថត​ជាមួយ​ស្ត្រី​ម្នាក់​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​មក។ សំណេរ​របស់​គេ​នៅ​លើ​ហ្វេសប៊ុក ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​នារី​មួយ​ក្រុម​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ក្វាងជូធំ ប្រទេស​កូរ៉េ​ខាង​ត្បូង។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ពី​ខាង​លើ​នេះ គឺ​ជា​រូបថត​កាត់​ត។ រូបថត​​ច្បាប់​ដើម ពុំ​បាន​បង្ហាញ​ឱ្យ​ឃើញ​អ្នកស្រី មូរ សុខហួរ ថត​រូប​ស្និទ្ធ​ស្នាល​គ្នា​ជាមួយ​សកម្មជន​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាង​ត្បូង​នោះ​ឡើយ។ ការ​ពិត រូបថត​ច្បាប់​ដើម គឺជា​រូបថត​អ្នកស្រី មូរ សុខហួរ តែ​ម្នាក់​គត់ ដែល​ថត​រូបថត​នោះ​កាល​ពី​ឆ្នាំ​២០០៩។

Avatar

Title:រូបថត​អ្នកស្រី មូរ សុខហួរ ថត​រូបកៀក​កិត​នឹង​សកម្មជន​ម្នាក់​នៅ​កូរ៉េ គឺ​ជា​រូបភាព​កាត់​ត

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.