
កាលពីខែសីហាកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បើកថ្នាក់បង្រៀនភាសាវៀតណាមនៅថ្នាក់ឧត្ដមសិក្សា ដែលនាំឱ្យផ្ទុះនូវការរិះគន់ពីសំណាក់អ្នកតាមដានសង្គមផងដែរ។ ប្រហែល ២ខែក្រោយមក វីដេអូមួយដែលបង្ហាញក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រៀងចម្រៀងខួបកំណើតជាភាសាវៀតណាម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ វីដេអូនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា វីដេអូនេះ ត្រូវបានកាត់តបញ្ចូលសំឡេងជាភាសាវៀតណាម។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមួយដែលបង្ហាញឱ្យក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំពិធីខួបកំណើតឱ្យរូបលោកនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។ វីដេអូដដែលនេះ បង្ហាញទៀតថា សមាជិកក្រុមគ្រួសាររបស់លោក ហ៊ុន សែន បានច្រៀងចម្រៀងអបអរសាទរខួបកំណើតរបស់លោកជាភាសាវៀតណាម។
វីដេអូឃ្លីបមានរយៈពេលជាង ២នាទីកន្លះនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរចែករំលែកបន្តជាច្រើនដង ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ក៏បានបញ្ចេញមតិទៅលើវីដេអូនេះផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១២ ខែតុលា ជាមួយសំណេររៀបរាប់ថា «រៀនច្រៀងឱ្យហើយទៅក្រែងដល់ថ្ងៃហ្នុងអត់ចេះភាសាហ្នឹង»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូមួយនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
Fact Crescendo Cambodia បានរកឃើញវីដេអូដូចគ្នានេះនៅលើបណ្ដាញ YouTube ដែលបង្ហោះដោយសារព័ត៌មាន The Cambodia China Times កាលពី ៤ឆ្នាំមុន។
វីដេអូដែលផ្សព្វផ្សាយដោយសារព័ត៌មានមួយនេះ បង្ហាញឱ្យឃើញសមាជិកក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រារព្ធកម្មវិធីខួបកំណើតលក្ខណៈគ្រួសារដល់រូបលោកកាលពីឆ្នាំ២០១៨កន្លងមក។
វីដេអូមានរយៈពេល ២២វិនាទីនេះ បានបង្ហាញឱ្យដឹងទៀតថា សមាជិកក្រុមគ្រួសារលោក ហ៊ុន សែន បានច្រៀងចម្រៀងអបអរកម្មវិធីខួបកំណើតជាភាសាអង់គ្លេស និងនិយាយឆ្លើយឆ្លងគ្នាទៅវិញទៅមកជាភាសាខ្មែរផងដែរ ប៉ុន្តែ មិនមានសំឡេងចម្រៀងភាសាវៀតណាមនោះឡើយ។
សេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានដដែលនេះ បានឱ្យដឹងថា លោក ហ៊ុន សែន និងសមាជិកក្រុមគ្រួសាររបស់លោក បានប្រារព្ធកម្មវិធីខួបកំណើតគម្រប់អាយុ ៦៧ឆ្នាំ កាលពីដើមខែសីហា ឆ្នាំ២០១៨កន្លងមកនេះ។
សារព័ត៌មានខាងលើនេះ បានចុះផ្សាយវីដេអូមួយនេះដោយផ្អែកទៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនោះ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា វីដេអូដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូខាងលើនេះ ត្រូវបានកាត់តបញ្ចូលសំឡេងជាចម្រៀងភាសាវៀតណាម។ វីដេអូច្បាប់ដើម បានបង្ហាញគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រៀងចម្រៀងអបអរសាទរថ្ងៃខួបកំណើតរបស់លោកជាភាសាអង់គ្លេស។

Title:វីដេអូខួបកំណើតលោក ហ៊ុន សែន ត្រូវបានកាត់តបញ្ចូលសំឡេងជាភាសាវៀតណាម
Fact Check By: Jay UdomResult: Altered
