វីដេអូចាស់ៗត្រូវបានបង្ហោះលើបណ្ដាញសង្គមភ្ជាប់នឹងគ្រោះមហន្តរាយនៅវៀតណាម

វីដេអូមួយដែលបង្ហាញមនុស្សរត់ប្រសេចប្រសាចពេញផ្លូវ និងខ្យល់បោកបក់ផ្ដួលសំណង់មួយចំនួន ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមដោយអះអាងថា ជាអ្វីដែលកើតឡើងនៅវៀតណាម។ ទោះជាយ៉ាងណា យើងរកឃើញថា ខ្លឹមសារនៃវីដេអូនេះមិនត្រឹមត្រូវនោះឡើយ។

By :  Jay Udom
Update: 2024-09-11 19:56 GMT

ខណៈដែលវៀតណាមកំពុងរងគ្រោះដោយសារខ្យល់ទីហ្វុងយ៉ាកជីនៅដើមសប្ដាហ៍នេះ វីដេអូមួយដែលបង្ហាញមនុស្សរត់ប្រសេចប្រសាចពេញផ្លូវ និងខ្យល់បោកបក់ផ្ដួលសំណង់មួយចំនួន ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមដោយអះអាងថា ជាអ្វីដែលកើតឡើងនៅវៀតណាម។ វីដេអូនេះ ត្រូវបានគេចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ខ្លឹមសារនៃវីដេអូនេះមិនត្រឹមត្រូវនោះឡើយ។


ការអះអាងលើបណ្ដាញសង្គម


វីដេអូឃ្លីបមួយដែលបង្ហាញមនុស្សម្នារត់ប្រសេចប្រសាចលើដងផ្លូវ និងភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាជាគ្រោះមហន្តរាយបណ្ដាលមកពីព្យុះសង្ឃរា Yagi ដែលបានបោកបក់ទៅលើទីក្រុងហូជីមិញរបស់វៀតណាម។

វីដេអូនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។

ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “អំពើលោភលន់ហួសហេតុនាំឱ្យអន្តរាយ ទីក្រុងហូជីមិញ ប្រទេសវៀតណាម”។

Full View

Archived Link

ព័ត៌មានដូចគ្នានេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយទៀតផងដែរជាមួយសំណេរដូចគ្នាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

Full View

Archived Link

នៅដើមដំបូងនៃវីដេអូនេះ វាបង្ហាញឱ្យឃើញមនុស្សម្នាដ៏ច្រើនរត់ប្រសេចប្រសាចនៅលើដងផ្លូវមួយ ហើយបន្ទាប់មកទៀត វាបង្ហាញភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់បណ្ដាលឱ្យខូចខាតផ្ទះសម្បែង និងសំណង់ផ្សេងទៀតនៃទីក្រុងមួយ។


ការត្រួតពិនិត្យការពិត

Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។

តាមរយៈ Google Reverse Image Search យើងបានរកឃើញថា វីដេអូមួយនេះត្រូវបានលាយបញ្ចូលគ្នាដោយវីដេអូនៃហេតុការណ៍ដែលបានកើតឡើងនៅទីកន្លែង និងពេលវេលាខុសគ្នា។

Google Reverse Image Search បង្ហាញថា មួយផ្នែកដំបូងនៃវីដេអូនេះដែលបង្ហាញមនុស្សម្នារត់ប្រសេចប្រសាចពេញផ្លូវនោះ មិនមែនជាហេតុការណ៍មនុស្សម្នារត់គេចចេញពីមហន្តរាយធម្មជាតិដែលវាយប្រហារប្រទេសវៀតណាមនាពេលថ្មីៗនេះឡើយ។

ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា វីដេអូដែលបង្ហាញមនុស្សម្នារត់ប្រសេចប្រសាចលើដងផ្លូវនោះ គឺជាហេតុការណ៍នៃការបង្ក្រាបទៅលើការតវ៉ាប្រឆាំងនឹងប្រធានាធិបតីវ៉េណេស៊ុយអេឡាកាលពីចុងខែកក្កដា និងដើមខែសីហាកន្លងមកនេះ។

គេអាចរកវីដេអូនៃហេតុការណ៍បង្ក្រាបការតវ៉ានៅប្រទេសវ៉េណេស៊ុយអេឡានេះនៅលើបណ្ដាញសង្គម និងបណ្ដាញកម្សាន្ត YouTube ផងដែរ។

Full View

វីដេអូទាំងស្រុងនៃហេតុការណ៍នោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X (អតីត Twitter)កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ជាមួយសំណេរថា “Protesta en Puerto La Cruz, estado Anzoátegui, contra el fraude de Maduro.”


វីដេអូនេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Instagram ផងដែរកាលពីជាង ១ខែមុន ដែលបញ្ជាក់ថា វាជាហេតុការណ៍បង្ក្រាបការតវ៉ានៅក្នុងប្រទេសអាមេរិកខាងត្បូង។

Full View


ក្រុមការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយនៃស្ថាប័ន Fact Crescendo ប្រចាំប្រទេសឥណ្ឌា ក៏បានផ្ទៀងផ្ទាត់រួចហើយចំពោះវីដេអូមួយនេះ។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ

ជាងនេះទៅទៀត យើងបានរកឃើញថា វីដេអូមួយផ្នែកទៀតដែលបង្ហាញសំណង់អគារមួយត្រូវខ្យល់បក់ប៉ើងបះជើងឡើងលើនោះ មិនមែនជាហេតុការណ៍គ្រោះមហន្តរាយកើតឡើងនៅប្រទេសវៀតណាមនាពេលថ្មីៗនេះទេ។

តាមរយៈ Google Reverse Image Search យើងបានរកឃើញថា វាជាគ្រោះមហន្តរាយវាយប្រហារដោយព្យុះទីហ្វុងទៅលើតំបន់ភាគខាងត្បូងប្រទេសចិនកាលពីឆ្នាំ២០១៨កន្លងមក។ សូមមើលអត្ថបទសារព័ត៌មានដែលចុះផ្សាយជាមួយរូបថតនៃហេតុការណ៍គ្រោះមហន្តរាយនោះនៅទីនេះ (archived)។

ខាងក្រោមនេះ គឺជាវីដេអូនៃការវាយប្រហារដោយព្យុះទីហ្វុងលើភាគខាងត្បូងប្រទេសចិន ដែលត្រូវបានបង្ហោះនៅលើ YouTube កាលពី ៥ឆ្នាំមុន។

Full View

សន្និដ្ឋាន

Fact Crescendo រកឃើញថា ការអះអាងទៅលើវីដេអូដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូនេះ ត្រូវបានកាត់តដាក់បញ្ចូលនូវហេតុការណ៍បង្ក្រាបការតវ៉ានៅប្រទេសវ៉េណេស៊ុយអេឡាកាលពីចុងខែកក្កដាកន្លងមក និងហេតុការណ៍ព្យុះទីហ្វុងវាយប្រហារប្រទេសចិនកាលពី ៥ឆ្នាំមុន។


Claim :  វីដេអូបង្ហាញគ្រោះមហន្តរាយបណ្ដាលមកពីព្យុះសង្ឃរាយ៉ាកជីបោកបក់លើទីក្រុងហូជីមិញ ប្រទេសវៀតណាម។
Claimed By :  Sothnin Media
Fact Check :  MISLEADING
Tags: