បន្ទាប់​ពី​​តុលាការ​សម្រេច​ចោទ​ប្រកាន់ និង​បញ្ជា​ឱ្យ​ឃុំ​ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់​​ដែល​បាន​​បាញ់​សម្លាប់​គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ និង​មនុស្ស ២​នាក់​ទៀត​នៅ​ឯ​ខណ្ឌ​ច្បារអំពៅ​កាល​ពី​សប្ដាហ៍​មុននោះ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ឧកញ៉ា​រូប​នោះ​ឈរ​ជ្រែង​ហោប៉ៅ​ដោយ​ដៃ​គ្មាន​ជាប់​ខ្នោះ​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ការ​បង្ហោះ​រូប​នេះនៅ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​មាន​ការ​រិះគន់​ទៅ​លើ​របៀប​នៃ​ការ​អនុវត្ត​របស់​សមត្ថកិច្ច​ទៅ​លើ​ខ្មាន់​កាំភ្លើង​រូប​នេះ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា រូប​ភាព​នោះ​ត្រូវ​បាន​កាត់​ត។

ការអះអាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ឧកញ៉ា ស្រី ស៊ីណា ឈរ​ថត​នៅ​មុខ​ពន្ធនាគារ​​ដោយ​ដៃ​ទាំង​ពីរ​គ្មាន​ជាប់​ខ្នោះ​នោះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សសារព័ត៌មាន​មួយ​ចំនួន​​នៅ​ក្នុង​ស្រុក និងត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

រូបថត​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​ការ​បញ្ចេញ​មតិ​យោបល់​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ ដែល​ជឿ​ថា រូបថត​នេះ​ជា​ការ​ពិត។

រូបថត​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​រិះគន់​ផង​ដែរ​ថា អតីត​ឧកញ៉ា​រូប​នេះដែល​បាន​បាញ់​សម្លាប់​គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ និង​បាញ់​ប្រហារ​មនុស្ស ២​នាក់​ទៀត​ឱ្យ​រង​របួស​នោះ មាន​ស្ថានភាព​ប្រសើរ​ជាង​ឧក្រិដ្ឋជន​ក្រីក្រ និង​ប្រសើរ​ជាង​អ្នកជាប់​ឃុំ​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​បរិស្ថាន។

ខាង​ក្រោម​នេះ គឺជា​ព័ត៌មាន​ទាំង​ស្រុង​ដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​​ហ្វេស​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “អតីត​ឧកញ៉ា ស្រី ស៊ីណា បាន​ទៅ​ដល់​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ហើយ” ។

Facebook Post | Archived

ក្រៅ​ពី​សារព័ត៌មាន NP ខាង​លើ​នេះ​ហើយ រូបថត​នេះ​ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សារព័ត៌មាន VOA យក​ទៅ​ចុះ​ផ្សាយ​ជាមួយ​នឹង​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ផង​ដែរកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ទៀត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

Facebook Post | Archived

ជាង​នេះ​ទៅទៀត សារព័ត៌មាន​ដើម​អម្ពិល (DAP NEWS) បាន​ប្រើ​ប្រាស់​រូបភាព​មួយ​សន្លឹក​នេះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ផង​ដែរ​នៅ​ក្នុង​រយៈ​ជិត ១​សប្ដាហ៍​ចុង​ក្រោយ​នេះ។

DAP NEWS | Archived

បន្ទាប់មក អត្ថបទ​ភ្ជាប់​ជាមួយ​រូបភាព​នេះ​ ក៏​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់សារព័ត៌មាន​នេះកាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤។

Facebook Post | Archived

ក្រៅ​ពី​សារព័ត៌មាន​មួយ​ចំនួន​ខាង​លើ​នេះ​ហើយ រូបភាព​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ផង​ដែរ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន រួម​ទាំង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​រិះគន់​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មាន​ភាព​លម្អៀង។

Facebook Post | Archived

គេ​អាច​រក​មើល​រូបភាព​នេះ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), Link 5 (archived), Link 6 (archived), Link 7 (archived), Link 8 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ពេល​ដំណើរការ​ផ្ទៀង​ផ្ទាត់​រូបថត​តាម​រយៈ Google Reverse Image Search យើង​ក៏​បាន​ជួប​នឹង​រូបថត​ប្រកប​ដោយ​គុណភាព និង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ដែល​លើក​ឡើង​ថា រូបថត​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​រូបភាព​កាត់​ត។

រូបថត​ច្បាប់​ដើម​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បង្ហាញ​ខ្មាន់​កាំភ្លើងឈ្មោះ ស្រី ស៊ីណា ពាក់​អាវ​បៃតង ឈរ​នៅ​មុខ​មណ្ឌល​អប់រំ​កែប្រែ​ទី១ និង​ដៃ​ទាំង​ពីរ​ជាប់​ខ្នោះ។

Facebook Post | Archived

បើ​តាម​សំណេរ​របស់​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​ចែក​រំលែក​បន្ត​នូវ​ការ​បំភ្លឺ​របស់អ្នក​នាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​វីដេអូ​ព័ត៌មាន​មួយ​ដែល​និយាយ​ថា រូបថត​ដែល​បង្ហាញ​ខ្មាន់​កាំភ្លើង ស្រី ស៊ីណា ឈរ​ជ្រែង​ហោប៉ៅ​ខោ​នៅ​មុខ​ពន្ធនាគារ​នោះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។

អ្នកនាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​បញ្ជាក់​ថា រូបថត​ត្រឹម​ត្រូវ​ពិត​ប្រាកដ បង្ហាញ​អតីត​ឧកញ៉ា ស្រី ស៊ីណា ស្ថិត​ក្នុង​សម្លៀក​បំពាក់​ស៊ីវិល​ឈរ​នៅ​មុខ​ពន្ធនាគារ និង​ដៃ​ទាំង​ពីរ​ជាប់​ខ្នោះ។

Archived

ដោយ​ពិនិត្យ​ទៅ​លើ​ទាំង​ពីរ យើង​បាន​រក​ឃើញ​ចំណុច​ដែលអាច​បែង​ចែក​ថា រូប​មួយ​ណា​ជា​រូប​កាត់ត និង​រូប​មួយ​ណា​ជា​រូបថត​ពិត​ប្រាកដ រូបថត​នោះ​បាន​ផ្ដិត​ចាប់​ដៃ​មនុស្ស​ម្នាក់​កាន់​ទូរស័ព្ទ​ថត​រូប​ខ្មាន់​កាំភ្លើង​នោះ​ដែរ ដែល​បង្ហាញ​ដៃ​ទាំង​ពីរ​របស់​ខ្មាន់​កាំភ្លើង​ជាប់​ខ្នោះ​។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​បង្ហាញ​ខ្មាន់​កាំភ្លើង​ ស្រី ស៊ីណា ឈរ​ជ្រែង​ហោប៉ៅ​នៅ​មុខ​មណ្ឌល​អប់រំ​កែប្រែ​ទី១​នោះ គឺ​ជា​រូបភាព​កាត់ត​តែ​ប៉ុណ្ណោះ។ រូបថត​ពិត​ប្រាកដ បង្ហាញ​ខ្មាន់​កាំភ្លើង​រូប​នេះ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ស៊ីវិល ឈរ​នៅ​មុខ​មណ្ឌល​អប់រំ​កែប្រែ​ទី១​ជាមួយ​ដៃ​ទាំង​ពីរ​ជាប់​ខ្នោះ។

Avatar

Title: រូបថត​កាត់​ត​អតីត​ឧកញ៉ា​ម្នាក់​ឈរ​ជ្រែង​ហោប៉ៅ​​មុខ​ពន្ធនាគារ​កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម

Fact Check By: Jay Udom

Result: Altered