រូបថតកាត់តអតីតឧកញ៉ាម្នាក់ឈរជ្រែងហោប៉ៅមុខពន្ធនាគារកំពុងផ្ទុះនៅលើបណ្ដាញសង្គម
បន្ទាប់ពីតុលាការសម្រេចចោទប្រកាន់ និងបញ្ជាឱ្យឃុំខ្លួនខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់សម្លាប់គូស្នេហ៍វ័យក្មេងមួយគូ និងមនុស្ស ២នាក់ទៀតនៅឯខណ្ឌច្បារអំពៅកាលពីសប្ដាហ៍មុននោះ ថ្មីៗនេះ រូបថតមួយសន្លឹកដែលបង្ហាញអតីតឧកញ៉ារូបនោះឈរជ្រែងហោប៉ៅដោយដៃគ្មានជាប់ខ្នោះនោះ ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម។ ការបង្ហោះរូបនេះនៅលើបណ្ដាញសង្គមនាំឱ្យមានការរិះគន់ទៅលើរបៀបនៃការអនុវត្តរបស់សមត្ថកិច្ចទៅលើខ្មាន់កាំភ្លើងរូបនេះ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា រូបភាពនោះត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញអតីតឧកញ៉ា ស្រី ស៊ីណា ឈរថតនៅមុខពន្ធនាគារដោយដៃទាំងពីរគ្មានជាប់ខ្នោះនោះ ត្រូវបានចុះផ្សាយដោយសសារព័ត៌មានមួយចំនួននៅក្នុងស្រុក និងត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមនារយៈពេលប៉ុន្មានថ្ងៃមកនេះ។
រូបថតនេះ ទទួលបានការចែករំលែកបន្តយ៉ាងច្រើន និងការបញ្ចេញមតិយោបល់ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដែលជឿថា រូបថតនេះជាការពិត។
រូបថតនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជារិះគន់ផងដែរថា អតីតឧកញ៉ារូបនេះដែលបានបាញ់សម្លាប់គូស្នេហ៍វ័យក្មេងមួយគូ និងបាញ់ប្រហារមនុស្ស ២នាក់ទៀតឱ្យរងរបួសនោះ មានស្ថានភាពប្រសើរជាងឧក្រិដ្ឋជនក្រីក្រ និងប្រសើរជាងអ្នកជាប់ឃុំជាសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន។
ខាងក្រោមនេះ គឺជាព័ត៌មានទាំងស្រុងដែលផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “អតីតឧកញ៉ា ស្រី ស៊ីណា បានទៅដល់មណ្ឌលអប់រំកែប្រែទី១ហើយ” ។
ក្រៅពីសារព័ត៌មាន NP ខាងលើនេះហើយ រូបថតនេះក៏ត្រូវបានទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មាន VOA យកទៅចុះផ្សាយជាមួយនឹងសេចក្ដីរាយការណ៍របស់ខ្លួនផងដែរកាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យមានការចែករំលែកបន្តជាច្រើនទៀតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។
ជាងនេះទៅទៀត សារព័ត៌មានដើមអម្ពិល (DAP NEWS) បានប្រើប្រាស់រូបភាពមួយសន្លឹកនេះនៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនចុះផ្សាយជាបន្តបន្ទាប់ផងដែរនៅក្នុងរយៈជិត ១សប្ដាហ៍ចុងក្រោយនេះ។
បន្ទាប់មក អត្ថបទភ្ជាប់ជាមួយរូបភាពនេះ ក៏ត្រូវបានចែករំលែកនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មាននេះកាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
ក្រៅពីសារព័ត៌មានមួយចំនួនខាងលើនេះហើយ រូបភាពដដែលនេះ ក៏ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនផងដែរ ហើយក៏ត្រូវបានចែករំលែកបន្តជាច្រើន រួមទាំងការបញ្ចេញមតិចម្រុះបែបរិះគន់ថា ប្រព័ន្ធយុត្តិធម៌កម្ពុជាមានភាពលម្អៀង។
គេអាចរកមើលរូបភាពនេះដែលបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតតាមរយៈតំណភ្ជាប់នៅទីនេះ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), Link 5 (archived), Link 6 (archived), Link 7 (archived), Link 8 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅពេលដំណើរការផ្ទៀងផ្ទាត់រូបថតតាមរយៈ Google Reverse Image Search យើងក៏បានជួបនឹងរូបថតប្រកបដោយគុណភាព និងសេចក្ដីប្រកាសព័ត៌មានចេញដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលលើកឡើងថា រូបថតដូចដែលរៀបរាប់ខាងលើនេះ គឺជារូបភាពកាត់ត។
រូបថតច្បាប់ដើមដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញនេះ បង្ហាញខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា ពាក់អាវបៃតង ឈរនៅមុខមណ្ឌលអប់រំកែប្រែទី១ និងដៃទាំងពីរជាប់ខ្នោះ។
បើតាមសំណេររបស់ទំព័រហ្វេសប៊ុករបស់ខ្លួន អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានចែករំលែកបន្តនូវការបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញនេះ។
នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងមហាផ្ទៃ Fact Crescendo Cambodia ក៏បានរកឃើញវីដេអូព័ត៌មានមួយដែលនិយាយថា រូបថតដែលបង្ហាញខ្មាន់កាំភ្លើង ស្រី ស៊ីណា ឈរជ្រែងហោប៉ៅខោនៅមុខពន្ធនាគារនោះ គឺជារូបភាពកាត់តតែប៉ុណ្ណោះ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ថា រូបថតត្រឹមត្រូវពិតប្រាកដ បង្ហាញអតីតឧកញ៉ា ស្រី ស៊ីណា ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិលឈរនៅមុខពន្ធនាគារ និងដៃទាំងពីរជាប់ខ្នោះ។
ដោយពិនិត្យទៅលើទាំងពីរ យើងបានរកឃើញចំណុចដែលអាចបែងចែកថា រូបមួយណាជារូបកាត់ត និងរូបមួយណាជារូបថតពិតប្រាកដ រូបថតនោះបានផ្ដិតចាប់ដៃមនុស្សម្នាក់កាន់ទូរស័ព្ទថតរូបខ្មាន់កាំភ្លើងនោះដែរ ដែលបង្ហាញដៃទាំងពីររបស់ខ្មាន់កាំភ្លើងជាប់ខ្នោះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបង្ហាញខ្មាន់កាំភ្លើង ស្រី ស៊ីណា ឈរជ្រែងហោប៉ៅនៅមុខមណ្ឌលអប់រំកែប្រែទី១នោះ គឺជារូបភាពកាត់តតែប៉ុណ្ណោះ។ រូបថតពិតប្រាកដ បង្ហាញខ្មាន់កាំភ្លើងរូបនេះស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល ឈរនៅមុខមណ្ឌលអប់រំកែប្រែទី១ជាមួយដៃទាំងពីរជាប់ខ្នោះ។
Title: រូបថតកាត់តអតីតឧកញ៉ាម្នាក់ឈរជ្រែងហោប៉ៅមុខពន្ធនាគារកំពុងផ្ទុះនៅលើបណ្ដាញសង្គម
Fact Check By: Jay UdomResult: Altered