ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ បាន​ប្រកាស​ និង​មាន​ផែន​ការ​វិល​ចូល​ប្រទេស​ថៃ​វិញ​នោះ​ វីដេអូ​ឃ្លីប​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ TikTok ដែល​បង្ហាញ​​លោក​ក្រាប​សំពះ​ផ្ទាល់​ដល់​ដី​នោះ​ ត្រូវ​បានគេ​​អះ​អាង​ថា​ ទីបំផុត​លោក​ ថាក់ស៊ីន​ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ហើយ​។​ ការ​អះ​អាង​ដោយ​ភ្ជាប់​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​ ថាក់ស៊ីន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​មួយ​រូប​ បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ទី​បំផុត​លោក​ ថាក់​ស៊ីន​ ជាន់​ដី​ថៃ​វិញ​បាន​ហើយ។​

ការ​អះ​អាង​បែប​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ ​បាន​ប្រកាស​ និង​មាន​ផែន​ការ​វិល​ចូល​ក្នុង​​ប្រទេស​ថៃ​វិញ​​នា​ពេល​ឆាប់ៗ​នេះ​។​

វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដោយ​​បាន​បញ្ជាក់​ថា​ លោក​ ថាក់ស៊ីន​ បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ​ហើយ។​

https://vt.tiktok.com/ZSLVfLkmc/

TikTok Link | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួតពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ដំណើរ​ការ​កម្មវីធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

យើង​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ និង​រូប​ថត​ដូច​គ្នា​ជា​ច្រើន​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​វិល​ត្រឡប់​របស់​លោក​ ថាក់ស៊ីន​ ​ខាង​លើ​នេះ​ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដា​គេហទំព័រ​ និង​សារព័ត៌មាន​ជា​ច្រើន​។​

ទិដ្ឋភាព​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​ក្រាប​សំពះ​ផ្ទាល់​នឹង​ដី​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​ Getty Images ដែល​ជា​គេហ​ទំព័រ​សោតទស្សន៍​ដ៏​ធំ​មួយ​។ គេហទំព័រ​ដដែល​ខាង​លើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​ខ្លឹម​សារ​រូប​ថត​របស់​ខ្លួន​ថា​ នោះ​គឺ​ជា​ ទិដ្ឋភាព​នៃ​ការ​វិល​ត្រឡប់របស់​លោក​ ថាក់ស៊ីន​ ​មក​កាន់​ប្រទេស​ថៃ​វិញ​ ក្រោយ​ពេល​លោក​​បាន​និរទេសនៅ​ក្រៅ​ប្រទេស​​អស់​រយៈ​ពេល​ ១៧​ខែ​កន្លង​ទៅ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ ថាក់ស៊ីន​ បាន​ក្រាប​សំពះ​ ក្រោយ​ពី​ខ្លួន​បាន​មក​ដល់​ប្រទេស​ថៃ​ភ្លាម​។​

Getty Images | Archived Link

ការ​វិល​ត្រឡប់ចូល​ស្រុក​​របស់​លោក​ ថាក់​ស៊ីន​ មក​កាន់​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​កន្លង​ទៅ​​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​​គេហទំព័រ​សារព័ត៌មាន​អន្តរជាតិ​ Aljazeera​ ផង​ដែរ​។​ សូម​អាន​ខ្លឹម​សារ​អត្ថបទ​លម្អិត​ ដែល​មាន​នៅ​ទីនេះ​ (archived link)។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​រាយ​ការណ៌​ព័ត៌មាន​មួយ​របស់​ Associated Press (AP) ដែល​បាន​បញ្ជាក់​ និង​បង្ហាញ​ទិដ្ឋភាព​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ​ បាន​វិល​ចូល​ប្រទេស​ថៃ​វិញ​ ក្រោយ​ពី​និរទេស​ខ្លួន​នៅ​ក្រៅ​ស្រុក ​អស់​រយៈ​ពេល​ ១៧​ខែ​រួច​មក​។​ ទិដ្ឋភាព​នៃ​ការ​វិល​ត្រឡប់​របស់​លោក​ ត្រូវ​បាន​ថត​ឡើងតាំង​ពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​មក​ម្ល៉េះ​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​នេះ គឺ​ជា​ទិដ្ឋភាព​អតីត​លោក​នាយករដ្ឋមន្ត្រី​ថៃ​ ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា​ បាន​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ ក្រោយ​ពីលោក​បាន​​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ ១៧​ខែ​។​

Avatar

Title:វីដេអូ​ចាស់​នៃ​ការ​វិល​ចូល​ស្រុក​របស់​លោក​ ថាក់​ស៊ីន​ កាល​ពី​១៥​ឆ្នាំ​មុន​ ត្រូវ​បាន​ចែក​ចាយ​សារ​ជា​ថ្មី

Written By: Kakada Sim

Result: False