វីដេអូចាស់នៃការវិលចូលស្រុករបស់លោក ថាក់ស៊ីន កាលពី១៥ឆ្នាំមុន ត្រូវបានចែកចាយសារជាថ្មី
ក្រោយពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាស និងមានផែនការវិលចូលប្រទេសថៃវិញនោះ វីដេអូឃ្លីបមួយនៅលើបណ្ដាញសង្គម TikTok ដែលបង្ហាញលោកក្រាបសំពះផ្ទាល់ដល់ដីនោះ ត្រូវបានគេអះអាងថា ទីបំផុតលោក ថាក់ស៊ីន បានវិលត្រឡប់ទៅប្រទេសថៃវិញហើយ។ ការអះអាងដោយភ្ជាប់វីដេអូខាងលើ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះ ត្រូវបានភ្ជាប់ជាមួយនឹងព័ត៌មានមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមួយ ដែលបង្ហាញទិដ្ឋភាពលោក ថាក់ស៊ីន ដែលត្រូវបានគេស្គាល់ថា ជាអតីតនាយករដ្ឋមន្ត្រីថៃមួយរូប បានវិលត្រឡប់មកប្រទេសថៃវិញ ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok ម្នាក់ ដោយភ្ជាប់ជាមួយនឹងការអះអាងថា ទីបំផុតលោក ថាក់ស៊ីន ជាន់ដីថៃវិញបានហើយ។
ការអះអាងបែបនេះ បានកើតឡើងក្រោយពីអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានប្រកាស និងមានផែនការវិលចូលក្នុងប្រទេសថៃវិញនាពេលឆាប់ៗនេះ។
វីដេអូឃ្លីបដែលមានសំណេរបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok និយាយភាសាខ្មែរយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដោយបានបញ្ជាក់ថា លោក ថាក់ស៊ីន បានវិលត្រឡប់មកកាន់ប្រទេសថៃវិញហើយ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈដំណើរការកម្មវីធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
យើងបានរកឃើញវីដេអូឃ្លីប និងរូបថតដូចគ្នាជាច្រើន បង្ហាញទិដ្ឋភាពនៃការវិលត្រឡប់របស់លោក ថាក់ស៊ីន ខាងលើនេះ ហើយត្រូវបានបង្ហោះនៅលើបណ្ដាគេហទំព័រ និងសារព័ត៌មានជាច្រើន។
ទិដ្ឋភាពរបស់អតីតនាយករដ្ឋមន្ត្រីថៃ ក្រាបសំពះផ្ទាល់នឹងដី ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលខាងលើនេះ បានបញ្ជាក់នៅក្នុងខ្លឹមសាររូបថតរបស់ខ្លួនថា នោះគឺជា ទិដ្ឋភាពនៃការវិលត្រឡប់របស់លោក ថាក់ស៊ីន មកកាន់ប្រទេសថៃវិញ ក្រោយពេលលោកបាននិរទេសនៅក្រៅប្រទេសអស់រយៈពេល ១៧ខែកន្លងទៅ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានបង្ហាញទិដ្ឋភាពលោក ថាក់ស៊ីន បានក្រាបសំពះ ក្រោយពីខ្លួនបានមកដល់ប្រទេសថៃភ្លាម។
ការវិលត្រឡប់ចូលស្រុករបស់លោក ថាក់ស៊ីន មកកាន់ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨កន្លងទៅ ក៏ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មានអន្តរជាតិ Aljazeera ផងដែរ។ សូមអានខ្លឹមសារអត្ថបទលម្អិត ដែលមាននៅទីនេះ (archived link)។
ខាងក្រោមនេះ គឺជាវីដេអូរាយការណ៌ព័ត៌មានមួយរបស់ Associated Press (AP) ដែលបានបញ្ជាក់ និងបង្ហាញទិដ្ឋភាពអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានវិលចូលប្រទេសថៃវិញ ក្រោយពីនិរទេសខ្លួននៅក្រៅស្រុក អស់រយៈពេល ១៧ខែរួចមក។ ទិដ្ឋភាពនៃការវិលត្រឡប់របស់លោក ត្រូវបានថតឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨មកម្ល៉េះ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបនេះ គឺជាទិដ្ឋភាពអតីតលោកនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានត្រឡប់មកប្រទេសថៃវិញ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រោយពីលោកបាននិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៧ខែ។
Title:វីដេអូចាស់នៃការវិលចូលស្រុករបស់លោក ថាក់ស៊ីន កាលពី១៥ឆ្នាំមុន ត្រូវបានចែកចាយសារជាថ្មី
Written By: Kakada SimResult: False