រហូត​មក​ដល់​ពេល​នេះ​ មាន​មនុស្ស​ជា​ច្រើន​នាក់​ ​បាន​រស់​នៅ​លើ​ផែន​ដី​លើស​ពី ​១០០​ឆ្នាំ​ ដោយ​ក្នុង​ចំណោម​នោះ​​​ រូប​ថត​មួយ​សន្លឹក បង្ហាញ​អំពី​ទិដ្ឋ​ភាពលោក​យាយ​ចំណាស់​ម្នាក់​ បាន​ធ្វើ​ខួប​កំណើត​របស់​ខ្លួន​ ក្នុង​អាយុ​ ៣០០​ឆ្នាំ​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ថ្មី​ៗ​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ខ្លី​មួយ​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ស្ដ្រី​វ័យ​ចំណាស់​​ បាន​អង្គុយ​នៅ​លើ​គ្រែ​មន្ទីរ​ពេទ្យ​មួយ​ ដោយ​មាន​នំ​ខួប​កំណើត​ និង​បាន​ភ្ជាប់​ដោយ​ការ​អះអាង​ថា​ លោក​យាយ​ម្នាក់​នេះ​ មាន​អាយុ​ ៣០០​ឆ្នាំ​ហើយ​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ខាង​លើ​ ដែល​អ្នក​ប្រើ​ប្រាស់​បាន​សរសេរ​រៀប​រាប់​ថា​ «លោក​យាយ​មាន​ព្រះ​ជន្ម​ ៣០០​ឆ្នាំ​ ធ្វើ​ខួប​កំណើត​»។​

https://www.facebook.com/reel/248878071516109

Facebook Post | Archived Link

រូប​ថត​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះ​អាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link)​ និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។​

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «Antonio Di Lernia» កាល​ពី​ថ្ងៃទី​០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​រូប​ភាព​ខាង​លើ​នេះ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​។​

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​សំណេរ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រូប​នេះ បាន​រៀបរាប់​ជា​ភាសា​អ៊ីតាលី​ថា​ «Auguriiiiiii» ឬ​មាន​អត្ថន័យ​ថា​ «សូម​ជូន​ពរ​»។​

Facebook Post | Archived Link

Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​រូបភាព​ជាច្រើន​ដែល​កែច្នៃ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ត្រូវ​បាន​បង្ហោះ​ផង​ដែរ​ ដោយ​ក្នុង​នោះ​មាន​ទាំង​រូបភាព​មេដឹកនាំ​មហា​អំណាច​ពិភព​លោក និង​រូបភាព​ប្លែកៗ​ជាច្រើន​ទៀត។

Facebook Post | Archived Link

តាម​រយៈ​កំណត់​ត្រា​របស់​សៀវ​ភៅ​ហ្គីណេស​ ស្រ្តី​មាន​អាយុ​វែង​ជាង​គេ​នៅ​លើ​ភព​ផែនដី​យើង​នេះ​ គឺ​បាន​ទៅ​លើ​ស្រ្តី​ជន​ជាតិ​បារាំង​ ដែល​មាន​ឈ្មោះ​ថា​ Jeanne Louise Calment។​ លោក​យាយ​ Jeanne Calment បាន​កើត​នៅ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​១៨៧៥​ ហើយ​ទទួល​មរណភាព​នៅ​ទីក្រុង​ Arles ប្រទេស​បារាំង​ ក្នុង​អាយុ​ដល់​ទៅ​ ១២២​ឆ្នាំ​ និង​១៦៤​ថ្ងៃ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​លោក​យាយ​ Jeanne Louise Calment ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​សីហា​ ឆ្នាំ​១៩៩៧​កន្លង​ទៅ​។​

Guinness World Records | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​បញ្ជី​ឈ្មោះ​ស្ដ្រី​មាន​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​ និង​ផ្ទៀង​ផ្ទាត់​ ដែល​គេ​អាច​រក​អាន​បាន​ទាំង​ស្រុង​នៅ​លើ​គេហទំព័រ​ Wikipedia

Wikipedia Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ត្រូវ​បានបង្ហោះ​ដោយ​អ្នក​​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ​ថា​ «Antonio Di Lernia» និង​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​។​

Avatar

Title: តើ​លោក​យាយ​ម្នាក់​នេះ​ មាន​អាយុ​៣០០​ឆ្នាំ​មែន​នោះ​?

Written By: Kakada Sim

Result: False