
កាលពីសប្ដាហ៍មុន អ្នកសារព័ត៌មានខេមបូឌា ដេលី លោក តាំង សារ៉ាដា បានរាយការណ៍ព័ត៌មានស៊ើបអង្កេតមួយដែលបង្ហាញឧកញ៉ា ឡេង ណាវ៉ាត្រា ពាក់ព័ន្ធនឹងការលាងលុយកខ្វក់នៅកម្ពុជា។ បន្ទាប់មក ក៏មានការចែករំលែកនៅលើបណ្ដាញសង្គមថា អ្នកសារព័ត៌មានរូបនេះ បានសុំទោសឧកញ៉ារូបនេះជុំវិញការចុះផ្សាយបែបនេះ។ ការអះអាងបែបនេះ ត្រូវបានគេចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការអះអាងនេះ ជាព័ត៌មានក្លែងក្លាយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គម បានរៀបរាប់ថា អ្នកសារព័ត៌មានខេមបូឌា ដេលី លោក តាំង សារ៉ាដា បានសុំទោសលោក ឡេង ណាវ៉ាត្រា ជាឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ដែលសារព័ត៌មានខាងលើចុះផ្សាយថា មានជាប់ព័ន្ធពាក់នឹងការលាងលុយកខ្វក់នៅកម្ពុជា។
ការអះអាងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះពីសំណាក់គណនីហ្វេសប៊ុកមួយដែលដាក់ឈ្មោះថា Taing Sarada។
ការអះអាងនេះ ត្រូវបានគេចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម ហើយក៏ទទួលបានការបញ្ចេញមតិជាច្រើន និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១១ ខែកុម្ភៈ ដែលសរសេររៀបរាប់ថា «សូមគោរព និងជូនជាដំណឹងទៅដល់ប្អូនសាធារណជនដែលនៅក្នុងស្រុក និងក្រៅស្រុកទាំងអស់ឱ្យបានជ្រាប់ថា៖
ខ្ញុំបាទ តាំង សារ៉ាដា (Taing Sarada) គឺជានាយកនិពន្ធនៅក្នុងសារព័ត៌មាន The Cambodia Daily Khmer ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។
ខ្ញុំបាទ និងក្រុមការងារសូមលំឱនកាយលើកម្រាមដៃទាំងដប់គោរពសុំទោសទៅដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយករបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប (Galaxy Navatra Group Co., Ltd) នូវរាល់ទង្វើដែលខុសឆ្គងទាំងឡាយ ជាពិសេសអត្ថបទសារព័ត៌មានរបស់ខាងយើងខ្ញុំដែលបានសរសេរ និងចោទប្រកាន់ទៅលើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយសារតែការទទួលបានព័ត៌មានពីក្នុងស្រុកមិនបានច្បាស់លាស់ ហើយមិនមានការពិចារណាហ្មត់ចត់ ទើបធ្វើឱ្យមហាជនមានការយល់ច្រឡំ ហើយប៉ះពាល់ទៅលើកិត្តិយស កេរ្តិ៍ឈ្មោះ(អ្នកឧកញ៉ា និងក្រុមហ៊ុន) ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។
អាស្រ័យហេតុនេះហើយ សូមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ដូចជាមហាជនទាំងអស់ដែលនៅក្នុងស្រុក និងក្រៅស្រុក មេត្តាអភ័យទោសដល់រូបខ្ញុំបាទ តាំង សារ៉ាដា ព្រមទាំងអ្នកដែលបានពាក់ព័ន្ធទាំងអស់នៅក្នុងសារព័ត៌មាន The Cambodia Daily Khmer។
ដោយហេតុនេះហើយ យើងខ្ញុំសូមចេញមុខសុំទោសជាសាធារណៈ ព្រមទាំងលុបចោលនូវរាល់ការផ្សព្វផ្សាយទាំងឡាយណាដែលពាក់ព័ន្ធដល់អ្នកឧកញ៉ា និងក្រុមហ៊ុន។
ជាមួយគ្នានេះដែរ យើងខ្ញុំសូមសន្យាថានឹងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយណាដែលធ្វើឱ្យមហាជនមានការយល់ច្រឡំមកលើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាថ្មីម្ដងទៀតនោះទេ។
ជាចុងក្រោយ ខ្ញុំសូមគោរព និងជូនពរទៅដល់អ្នកឧកញ៉ា ក៏ដូចជាបុគ្គលិកក្រុមហ៊ុន Galaxy Navatra Group ទាំងអស់ សូមប្រកបនូវពុទ្ធពរទាំងបួនប្រកាសគឺអាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ការអះអាងដដែលនេះ ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនយកទៅផ្សាយនៅលើបណ្ដាញសង្គមរបស់ពួកគេផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ សូមមើលការចុះផ្សាយទាំងនោះនៅទីនេះ ឬតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។
ខាងក្រោមនេះ គឺជាវីដេអូនៃការផ្សាយដោយសារព័ត៌មានមួយឈ្មោះថា CPNT Online កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីគណនីហ្វេសប៊ុកខាងលើបានបង្ហោះថា លោក តាំង សារ៉ាដា បានសុំទោសឧកញ៉ា ឡេង ណាវ៉ាត្រា។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមដែលបង្ហាញនូវការចែករំលែកយ៉ាងផុសផុលនូវការអះអាងខាងលើនៅលើបណ្ដាញសង្គមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការស្វែងរកការបកស្រាយពីលោក តាំង សារ៉ាដា ដោយផ្ទាល់ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
Fact Crescendo Cambodia បានស្វែងរកគណនីហ្វេសប៊ុកពិតប្រាកដរបស់លោក តាំង សារ៉ាដា ហើយបានជជែកផ្ទាល់ជាមួយលោក បន្ទាប់ពីបានឃើញសារបង្ហោះលើបណ្ដាញសង្គមថា លោកបានសុំទោសឧកញ៉ា ឡេង ណាវ៉ាត្រា ជុំវិញការជុំផ្សាយអត្ថបទព័ត៌មាន។
នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក តាំង សារ៉ាដា បានបង្ហោះសំណេរមួយកាលពីថ្ងៃអាទិត្យកន្លងមកនេះ ដោយបញ្ជាក់ថា គណនីហ្វេសប៊ុកជាច្រើន ត្រូវបានបង្កើតឡើងដោយបុគ្គលដទៃដោយប្រើឈ្មោះ និងរូបថតរបស់លោក។
អ្នកអានព័ត៌មាននៃសារព័ត៌មានខេមបូឌា ដេលី រូបនេះ បានបញ្ជាក់បន្ថែមថា គណនីហ្វេសប៊ុកទាំងនោះ សុទ្ធតែក្លែងក្លាយ ហើយលោកបញ្ជាក់ទៀតថា លោកមិនដែលបានសុំទោសឧកញ៉ា ឡេង ណាវ៉ាត្រា នោះឡើយ ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានស៊ើបអង្កេតនាពេលកន្លងមកនោះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសំណេរនៅលើគណនីហ្វេសប៊ុករបស់លោក តាំង សារ៉ាដា កាលពីថ្ងៃអាទិត្យកន្លងមកនេះ។

ដោយនិយាយផ្ទាល់ជាមួយ Fact Crescendo Cambodia លោក តាំង សារ៉ាដា បានបញ្ជាក់បន្ថែមថា ក្រៅពីគណនីហ្វេសប៊ុកមួយនេះ គណនីហ្វេសប៊ុកដទៃទៀតដែលដាក់ឈ្មោះ និងរូបថតរបស់លោក សុទ្ធតែមិនស្ថិតក្រោមការគ្រប់គ្រងរបស់លោកនោះឡើយ។
កាលពីថ្ងៃពុធសប្ដាហ៍មុន លោក តាំង សារ៉ាដា ក៏បានបដិសេធម្ដងរួចមកហើយថា លោកមិនបានសរសេរសំណើរលើបណ្ដាញសង្គមដោយសុំទោសឧកញ៉ា ឡេង ណាវ៉ាត្រា នោះឡើយ ហើយថា ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយអំពីរូបលោក មិនមានប្រសិទ្ធភាពនោះឡើយ។ សូមអានសំណេររបស់គាត់លើគណនីហ្វេសប៊ុកនៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
លោក តាំង សារ៉ាដា បានធ្វើសេចក្ដីរាយការណ៍ព័ត៌មានស៊ើបអង្កេតមួយដែលចុះផ្សាយថា ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានឈ្មោះពិតប្រាកដថា ឡេង ភ័ក្ត្រា នោះ ជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់សម្រាប់គ្រួសារមានអំណាចនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីលោក តាំង សារ៉ាដា ធ្វើសេចក្ដីរាយការណ៍បែបនេះ គណនីហ្វេសប៊ុកគ្មានអត្តសញ្ញាណពិតប្រាកដជាច្រើន ត្រូវបានបង្កើតឡើង និងជេរប្រមាថទៅលើអ្នកសារព័ត៌មានរូបនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការផ្សព្វផ្សាយដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺជាព័ត៌មានក្លែងក្លាយ។ សំណេរដែលរៀបរាប់ថា លោក តាំង សារ៉ាដា សុំទោសឧកញ៉ា ឡេង ណាវ៉ាត្រា នោះ មិនមែនជាសំណេរពិតប្រាកដរបស់លោក តាំង សារ៉ាដា នោះឡើយ។ លោក តាំង សារ៉ាដា បានបញ្ជាក់ថា គណនីហ្វេសប៊ុកដែលដាក់ឈ្មោះ និងរូបថតរបស់លោក គឺជាគណនីហ្វេសប៊ុកក្លែងក្លាយ។

Title:គណនីហ្វេសប៊ុកក្លែងក្លាយនិយាយថា អ្នកសារព័ត៌មានខេមបូឌា ដេលី សុំទោសឧកញ៉ា ឡេង ណាវ៉ាត្រា
Fact Check By: Jay UdomResult: False
