ខណៈ​ដែល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ារីស​នោះ ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​បាន​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា ក្រុម​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​ជម្រើស​ជាតិ​អាមេរិក​ដែល​មាន​មុខ​មាត់​ដូច​កូនចៅ​ចិន​នោះ បាន​ប្រកួត​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ចិន និង​ដណ្ដើម​បាន​មេដាយ​មាស។ ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​​ក្រុម​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​ជម្រើស​ជាតិ​អាមេរិក ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា ក្រុម​ដែល​មាន​មុខ​មាត់​ដូច​ជន​ជាតិ​ចិន​នេះ បាន​ប្រកួត​ឈ្នះ​ក្រុម​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​ជម្រើស​ជាតិ​ចិន និង​ដណ្ដើម​បាន​មេដាយ​មាស​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ឆ្នាំ​២០២៤​នេះ។

រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែកយ៉ាង​ផុស​ផុល​​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ផង​ដែរ ដែល​បាន​បង្ហោះ និង​ចែក​រំលែក​រូបថត​ជាមួយ​សំណេរ​បែប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​លើ​​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “កីឡា​វាយ​កូន​បាល់​លើ​តុ ឬ​ប៉េងប៉ុង មាន​តែ​ចិន​ទេ​ដែល​ខ្លាំង ប៉ុន្តែ … នេះ​ជា​ក្រុម​របស់​សហរដ្ឋ​អាមេរិក​ដែល​យក​ឈ្នះ​ចិន​ដណ្ដើម​មេដាយ​មាស …”។

Facebook Post | Archived

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​ដូច​គ្នានេះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី០៣ ខែ​សីហា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “នេះ​ជា​ក្រុម​នារី​សហរដ្ឋ​អាមេរិក​ដែល​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​វាយ Tennis ដែល​បាន​យក​ឈ្នះ​ក្រុម​នារី​ចិន អាមេរិក​ភ្នែក​តឹងៗ​របស់​គេ”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “The gold winning USA table tennis team that beat China … ក្រុម​ប៉េងប៉ុង​នារី​អាមេរិក​ដែល​ឈ្នះ​មេដាយ​មាស​បន្ទាប់​ពី​បំបាក់​ជម្រើស​ជាតិ​នារី​ចិន”។

Facebook Post | Archived Link

ក្រៅ​ពី​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ហើយ​នោះ ព័ត៌មាន​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​ដទៃ​ទៀត​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “The gold winning USA table tennis team that beat China”។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ដែរ ដូចជា X (Twitter) និង​បណ្ដាញ​សង្គម Threads ដែល​ជា​បណ្ដាញ​សង្គម​មួយ​ទៀត​របស់​ក្រុមហ៊ុន​ Meta។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម X (Twitter)កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “The gold winning USA table tennis team that beat China at the Olympics” ឬ​អាច​ប្រែ​សម្រួល​ថា “មើល​ក្រុម​វាយ​កូន​បាល់​លើ​តុ​ជម្រើស​ជាតិ​នារី​អាមេរិក​ដែល​បាន​យក​ឈ្នះ​ក្រុម​នារី​ចិន”។

X Tweet | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​ដូច​គ្នា​នេះ​នៅ​លើ​បណ្ដាញ​សង្គម Threads កាល​ពី​ថ្ងៃ​ទី០៤ ខែ​សីហា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “Check out the USA table tennis team that clinched the gold by beating China!”។

Threads Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​វីដេអូ​មួយ​នេះ​តាម​រយៈ​ Google Reverse Image Search និង​ការ​ផ្ទៀង​ផ្ទាត់​មើល​លទ្ធផល​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​ឆ្នាំ​២០២៤ ផ្នែក​​វិញ្ញាសា​វាយ​កូន​បាល់​លើ​តុ ដែល​នាំ​ឱ្យ​យើងរក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ពិត​ជា​កីឡាការិនី​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ផ្នែក​វាយ​កូន​បាល់​លើ​តុ​ ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងប៉ារីស ប្រទេស​បារាំង។

សមាជិក​ក្រុម​ជម្រើស​នារី​អាមេរិក មាន​កីឡាការិនី​ជើង​ចាស់​នាង Lily Zhang អាយុ ២៨​ឆ្នាំ និង​កីឡាការិនី​វ័យ​ក្មេង នាង Rachel Sung អាយុ ២០​ឆ្នាំ និង​នាង Amy Wang អាយុ ២១​ឆ្នាំ។

បើ​តាម​ប្រវត្តិ​ដែល​គេ​អាច​រក​មើល​បាន​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត ​នាង Lily Zhang ជា​កីឡាការិនី​អាមេរិក​កើត​នៅ​ទីក្រុង Redwood រដ្ឋ​កាលីហ្វ័រញ៉ា ក្នុង​គ្រួសារ​អាមេរិក​ដើម​កំណើត​ចិន​ដែល​មាន​ឪពុក​ជា​សាស្ត្រាចារ្យ​គណិតវិទ្យា​នៅ​សាកលវិទ្យាល័យ Stanford និង​ម្ដាយ​ជា​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​ដែល​លេង​ឱ្យ​ខេត្ត​ស៊ីអាន ប្រទេស​ចិន។

ចំណែក​កីឡាការិនី Rachel Sung វិញ នាង​មាន​ដើម​កំណើត​នៅ​ទីក្រុង San Jose រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ក្នុង​គ្រួសារ​មាន​ឪពុក​ម្ដាយ​ដើម​កំណើត​ចិន​តៃវ៉ាន់ ខណៈ​នាង Amy Wang មាន​ដើម​កំណើត​នៅ​ទីក្រុង Sewell នៃ​រដ្ឋ New Jersey នៅ​ក្នុង​គ្រួសារ​មាន​សាច់​ឈាម​ចិន​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​មួយ​នៅ​ក្នុង​ចំណោម​រូបថត​របស់​ក្រុម​ជម្រើស​ជាតិ​នារី​អាមេរិក​ផ្នែក​វាយ​កូន​បាល់​លើ​តុ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុម​កីឡា​វាយ​កូន​បាល់​លើ​តុ​ជម្រើស​ជាតិ​អាមេរិក។

Facebook Post | Archived Link

តើ​ក្រុម​ជម្រើស​ជាតិ​នារី​អាមេរិក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នារី​ចិនឬ​ទេ?

គិត​ត្រឹម​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២៤ សហរដ្ឋ​អាមេរិក​បន្ត​ឈរ​នៅ​កំពូល​តារាង​ក្នុង​នាម​ជា​ប្រទេស​ដែល​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​នៅ​ឯ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ក្រុម​កីឡាករ​​កីឡាការិនី​អាមេរិក ដណ្ដើម​បាន​មេដាយ​សរុប ១០៣ ក្នុង​នោះ​មេដាយ​មាស ៣០​គ្រឿង មេដាយ​ប្រាក់ ៣៨​គ្រឿង និង​មេដាយ​សំរឹទ្ធ ៣៥​គ្រឿង។

ចំណែក​ឯ​ប្រទេស​ចិន​ស្ថិត​នៅ​លំដាប់​ទី​២ កំពុង​តាម​ពី​ក្រោយ​សហរដ្ឋ​អាមេរិក ដោយ​ដណ្ដើម​បាន​មេដាយ​សរុប ៧៣​គ្រឿង ក្នុង​នោះ​មាន​មេដាយ​មាស ២៩​គ្រឿង មេដាយ​ប្រាក់ ២៥​គ្រឿង និង​មេដាយ​សំរឹទ្ធ ១៩​គ្រឿង។

Olympic Paris 2024 | Archived Link

ទោះជាយ៉ាងណា ក្រុម​ជម្រើស​ជាតិ​នារី​អាមេរិកផ្នែក​កីឡា​វាយ​កូន​បាល់​លើ​តុ ពុំ​ទទួល​បាន​មេដាយ​អ្វី​នោះ​ឡើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ប៉ារីស​នេះ។

ខាង​​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​អ៊ិនធឹណិត​នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២៤ ដែល​បង្ហាញ​តារាង​មេដាយ​របស់​ក្រុម​កីឡាករ​កីឡាការិនី​អាមេរិក​ដែល​បាន​ឈ្នះ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ប៉ារីស ដោយ​អាមេរិក​ពុំ​ទទួល​បាន​មេដាយ​សូម្បី​តែ​មួយ​សម្រាប់​វិញ្ញាសា​វាយ​កូន​បាល់​លើ​តុ។

​វេបសាយ​កីឡាវាយ​កូន​បាល់​លើ​តុ​របស់​អាមេរិក បង្ហាញ​ថា ក្រុម​ជម្រើស​នារី​អាមេរិក មិន​អាច​ឈាន​ទៅ​វគ្គ​បន្ត​ដើម្បី​ដណ្ដើម​មេដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​វិញ្ញាសា​វាយ​កូន​បាល់​លើ​តុ​នោះ​ឡើយ បន្ទាប់​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ​នារី​អាល្លឺម៉ង់​​នៅ​​វគ្គ​បឋម​​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២៤។

USTT.ORG | Archived Link

ជា​រួម ក្រុម​ជម្រើស​នារី​អាមេរិក​មិន​បាន​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​នារី​ចិន​ក្នុង​វិញ្ញាសា​វាយ​កូន​បាល់​លើ​តុ​នៅ​ឯ​ព្រឹត្តិការណ៍​អូឡាំពិក​នោះ​ឡើយ។

នៅ​វគ្គ​បឋម ឬ​វគ្គ ១៦​ក្រុម​នេះ ក្រុម​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​របស់​ជម្រើស​ជាតិ​ចិន ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​នារី​អេហ្ស៊ីប ដោយ​ក្រុម​ជម្រើស​នារី​ចិន​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​នារី​អេហ្ស៊ីប ៣ ទល់ ០ ហើយ​ឆ្លង​ទៅ​កាន់​វគ្គ​បន្ទាប់។

Olympic Paris 2024

ក្រុម​ជម្រើស​នារី​ចិន នឹង​ត្រូវ​ប្រកួត​ដណ្ដើម​មេដាយ​មាស​ជាមួយ​ក្រុម​ជម្រើស​នារី​ជប៉ុន​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​នារី​កោះ​តៃវ៉ាន់​នៅ​វគ្គ ១/៤ និង​ឈ្នះ​លើ​ក្រុម​ជម្រើស​នារី​កូរ៉េ​ខាង​ត្បូង​នៅ​វគ្គ​ពាក់​កណ្ដាល់​ផ្ដាច់​ព័ត្រ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​វេបសាយ​អូឡាំពិក ដែល​បង្ហាញ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​រវាង​ក្រុម​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​របស់​ជម្រើស​ជាតិ​ចិន និង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ដើម្បី​ដណ្ដើម​មេដាយ​មាស ខណៈ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង និង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​មេដាយ​សំរឹទ្ធ។

Olympic Paris 2024 | Archived Link

កំណត់ត្រា​​របស់​​វេបសាយ​អូឡាំពិក បង្ហាញ​ថា ក្រុម​កីឡាការិនី​ជម្រើស​ជាតិ​អាមេរិក​ផ្នែក​វាយ​កូន​បាល់​លើ​តុ​នេះ មិន​ធ្លាប់​ឈ្នះ​មេដាយ​នោះ​ឡើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក ប៉ុន្តែ ពួកគេ​បាន​បង្កើត​កំណត់ត្រា​ថ្មីៗ​មួយ​ចំនួន​ផង​ដែរ​នា​ពេល​កន្លង​មក។

Olympic Paris 2024 | Archived Link

វិញ្ញាសា​វាយ​កូន​បាល់​លើ​តុ​ផ្នែក​នារី​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២៤​នេះ បាន​ក្លាយ​ជា​ទីចាប់​អារម្មណ៍​នៃ​មហាជន​ដោយសារ​តែ​វត្តមាន​កីឡាការិនី​តំណាង​ឱ្យ​ប្រទេស​នានា មាន​ប្រភព​កំណើត ឬ​ជាប់​សាច់​ឈាម​ចិន ឬ​មក​ពី​តំបន់​អាស៊ី​ខាង​កើត។

អ្នកស្រី Ni Xia Lian អាយុ ៦១​ឆ្នាំ ដែល​គេ​ហៅ​ជា​ទូទៅ​ថា “អ្នកមីង នី” គឺ​ជា​ម្ចាស់​មេដាយ​មាស​ ២​គ្រឿង​ ឬ​ជើង​ឯក​កីឡា​វាយ​កូន​បាល់​លើ​តុ​ពិភព​លោក​ ធ្វើ​ឡើង​នៅ​អាល្លឺម៉ង់ នៅ​ឆ្នាំ​១៩៨៣។

នៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២៤​នេះ អ្នកមីង នី បាន​ចូល​រួម​ប្រកួត​តំណាង​ប្រទេស​លុចសំបួ (Luxembourg) ប៉ុន្តែ អ្នកស្រី​មាន​ដើម​កំណើត​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន មុន​នឹង​ផ្លាស់​ទៅរស់​នៅ​រៀន​នៅ​ប្រទេស​អាល្លឺម៉ង់ និង​រស់​នៅ​អចិន្ត្រៃយ៍​នៅ​ប្រទេស​លុចសំបួ​នៅ​អំឡុង​ទសវត្សរ៍​១៩៨០។ (Source)

ចំណែក​ឯ​អ្នកស្រី Zeng Zhiying អាយុ ៥៨​ឆ្នាំ បាន​ចូល​រួម​ប្រកួត​វិញ្ញាសា​វាយ​កូន​បាល់​លើ​តុ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ​នេះ ដោយ​ធ្វើ​ជាតំណាង​ប្រទេស​ឈីលី បន្ទាប់​ពី​អ្នកស្រី​ខក​ខាន​បង្ហាញ​ខ្លួន​តំណាង​ប្រទេស​ចិន​នៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​១៩៨៤។ (Source)

ស្រដៀង​នៅ​នឹង​ករណី​ខាង​លើ​នេះ​ដែរ ក្រុម​កីឡា​វាយ​កូន​បាល់​លើ​តុ​ជម្រើស​ជាតិ​អាល្លឺម៉ង់ មាន​សមាជិក ២​រូប​​មាន​ដើម​កំណើត​ ឬ​ជាប់​ខ្សែ​ស្រឡាញ​ចិន។

មាន​អាយុ ២៧​ឆ្នាំ និង​កើត​នៅ​​អាល្លឺម៉ង់ កីឡាការិនី WAN Yuan មាន​ឪពុក​ឈ្មោះ Wan Guohui ដែល​ជា​ម្ចាស់​ជើង​ឯក ៤​សម័យ​នៃ​កីឡា​វាយ​កូន​បាល់​លើ​តុ​ប្រចាំ​ប្រទេស​ចិន។ (Source)

ចំណែក​ឯ​កីឡាការិនី SHAN Xiaona អាយុ ៤១​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ប្រទេស​ចិន ហើយ​បាន​ផ្លាស់​ទៅ​រសនៅ​ប្រទេស​អាល្លឺម៉ង់​នៅ​ក្នុង​ឆ្នាំ​២០០៥។ (Source)

កីឡា​វាយ​កូន​បាល់​លើ​តុ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​កីឡា ៦​ប្រភេទ​ដែល​ប្រទេស​ចិន​តែង​តែ​មាន​ប្រៀប​លើ​បណ្ដាប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក។ កីឡា​ទាំង ៦​ប្រភេទ​នោះ មាន​កីឡា​វាយ​កូន​បាល់​លើ​តុ កីឡា​បាញ់​កាំភ្លើង កីឡា​លោត​ទឹក កីឡា​វាយ​សី កីឡា​របាំ​កាយ​សម្ព័ន្ធ (gymnastics) និង​កីឡា​លើក​ទម្ងន់។ (Source)

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ថា ក្រុម​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​ជម្រើស​ជាតិ​អាមេរិក​ឈ្នះ​លើ​ក្រុម​កីឡាការិនី​ជម្រើស​ជាតិ​ចិន​នោះ គឺ​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្រុម​កីឡាការិនី​ជម្រើស​ជាតិ​អាមេរិក បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤​ហើយ បន្ទាប់​ពី​ចាញ់​ក្រុម​កីឡាការិនី​ជម្រើស​ជាតិ​អាល្លឺម៉ង់។ ចំណែក​ឯ​ក្រុម​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​របស់​ជម្រើស​ជាតិ​ចិន កំពុង​ឈាន​ទៅ​ដល់ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ជាមួយ​ក្រុម​កីឡាការិនី​ជម្រើស​ជាតិ​ជប៉ុន​។

Avatar

Title:តើ​ក្រុម​កីឡាការិនី​វាយ​កូន​បាល់​លើ​តុ​អាមេរិក​ប្រកួត​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ចិន​មែន​ឬ?

Written By: Jay Udom

Result: Misleading