តើក្រុមកីឡាការិនីវាយកូនបាល់លើតុអាមេរិកប្រកួតឈ្នះក្រុមជម្រើសជាតិចិនមែនឬ?
ព័ត៌មានដ៏ផុសផុលមួយបានផ្សាយនៅលើបណ្ដាញសង្គមថា ក្រុមកីឡាការិនីវាយកូនបាល់លើតុជម្រើសជាតិអាមេរិកដែលមានមុខមាត់ដូចកូនចៅចិននោះ បានប្រកួតឈ្នះក្រុមជម្រើសជាតិចិន និងដណ្ដើមបានមេដាយមាស។ ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។
ខណៈដែលព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤កំពុងប្រព្រឹត្តទៅនៅទីក្រុងប៉ារីសនោះ ព័ត៌មានដ៏ផុសផុលមួយបានផ្សាយនៅលើបណ្ដាញសង្គមថា ក្រុមកីឡាការិនីវាយកូនបាល់លើតុជម្រើសជាតិអាមេរិកដែលមានមុខមាត់ដូចកូនចៅចិននោះ បានប្រកួតឈ្នះក្រុមជម្រើសជាតិចិន និងដណ្ដើមបានមេដាយមាស។ ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតក្រុមកីឡាការិនីវាយកូនបាល់លើតុជម្រើសជាតិអាមេរិក ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមជាមួយសំណេរថា ក្រុមដែលមានមុខមាត់ដូចជនជាតិចិននេះ បានប្រកួតឈ្នះក្រុមកីឡាការិនីវាយកូនបាល់លើតុជម្រើសជាតិចិន និងដណ្ដើមបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំ២០២៤នេះ។
រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ក្នុងនោះក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាផងដែរ ដែលបានបង្ហោះ និងចែករំលែករូបថតជាមួយសំណេរបែបនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “កីឡាវាយកូនបាល់លើតុ ឬប៉េងប៉ុង មានតែចិនទេដែលខ្លាំង ប៉ុន្តែ … នេះជាក្រុមរបស់សហរដ្ឋអាមេរិកដែលយកឈ្នះចិនដណ្ដើមមេដាយមាស …”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មានដូចគ្នានេះដោយទំព័រហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “នេះជាក្រុមនារីសហរដ្ឋអាមេរិកដែលឈ្នះមេដាយមាសលើវិញ្ញាសាវាយ Tennis ដែលបានយកឈ្នះក្រុមនារីចិន អាមេរិកភ្នែកតឹងៗរបស់គេ”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “The gold winning USA table tennis team that beat China … ក្រុមប៉េងប៉ុងនារីអាមេរិកដែលឈ្នះមេដាយមាសបន្ទាប់ពីបំបាក់ជម្រើសជាតិនារីចិន”។
ក្រៅពីបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាហើយនោះ ព័ត៌មានដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសដទៃទៀតដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មាននេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “The gold winning USA table tennis team that beat China”។
ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដទៃទៀតដែរ ដូចជា X (Twitter) និងបណ្ដាញសង្គម Threads ដែលជាបណ្ដាញសង្គមមួយទៀតរបស់ក្រុមហ៊ុន Meta។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មាននេះនៅលើបណ្ដាញសង្គម X (Twitter)កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “The gold winning USA table tennis team that beat China at the Olympics” ឬអាចប្រែសម្រួលថា “មើលក្រុមវាយកូនបាល់លើតុជម្រើសជាតិនារីអាមេរិកដែលបានយកឈ្នះក្រុមនារីចិន”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មានដូចគ្នានេះនៅលើបណ្ដាញសង្គម Threads កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “Check out the USA table tennis team that clinched the gold by beating China!”។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់វីដេអូមួយនេះតាមរយៈ Google Reverse Image Search និងការផ្ទៀងផ្ទាត់មើលលទ្ធផលនៃការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ផ្នែកវិញ្ញាសាវាយកូនបាល់លើតុ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញថា រូបថតមួយសន្លឹកនេះ ពិតជាកីឡាការិនីក្រុមជម្រើសជាតិអាមេរិកផ្នែកវាយកូនបាល់លើតុ ដែលត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។
សមាជិកក្រុមជម្រើសនារីអាមេរិក មានកីឡាការិនីជើងចាស់នាង Lily Zhang អាយុ ២៨ឆ្នាំ និងកីឡាការិនីវ័យក្មេង នាង Rachel Sung អាយុ ២០ឆ្នាំ និងនាង Amy Wang អាយុ ២១ឆ្នាំ។
បើតាមប្រវត្តិដែលគេអាចរកមើលបាននៅលើបណ្ដាញអ៊ិនធឹណិត នាង Lily Zhang ជាកីឡាការិនីអាមេរិកកើតនៅទីក្រុង Redwood រដ្ឋកាលីហ្វ័រញ៉ា ក្នុងគ្រួសារអាមេរិកដើមកំណើតចិនដែលមានឪពុកជាសាស្ត្រាចារ្យគណិតវិទ្យានៅសាកលវិទ្យាល័យ Stanford និងម្ដាយជាកីឡាការិនីវាយកូនបាល់លើតុដែលលេងឱ្យខេត្តស៊ីអាន ប្រទេសចិន។
ចំណែកកីឡាការិនី Rachel Sung វិញ នាងមានដើមកំណើតនៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា នៅក្នុងគ្រួសារមានឪពុកម្ដាយដើមកំណើតចិនតៃវ៉ាន់ ខណៈនាង Amy Wang មានដើមកំណើតនៅទីក្រុង Sewell នៃរដ្ឋ New Jersey នៅក្នុងគ្រួសារមានសាច់ឈាមចិនដែរ។
ខាងក្រោមនេះ គឺជារូបថតមួយនៅក្នុងចំណោមរូបថតរបស់ក្រុមជម្រើសជាតិនារីអាមេរិកផ្នែកវាយកូនបាល់លើតុ ដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមកីឡាវាយកូនបាល់លើតុជម្រើសជាតិអាមេរិក។
តើក្រុមជម្រើសជាតិនារីអាមេរិកឈ្នះក្រុមជម្រើសជាតិនារីចិនឬទេ?
គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកបន្តឈរនៅកំពូលតារាងក្នុងនាមជាប្រទេសដែលឈ្នះមេដាយច្រើនជាងគេនៅឯព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្រុមកីឡាករកីឡាការិនីអាមេរិក ដណ្ដើមបានមេដាយសរុប ១០៣ ក្នុងនោះមេដាយមាស ៣០គ្រឿង មេដាយប្រាក់ ៣៨គ្រឿង និងមេដាយសំរឹទ្ធ ៣៥គ្រឿង។
ចំណែកឯប្រទេសចិនស្ថិតនៅលំដាប់ទី២ កំពុងតាមពីក្រោយសហរដ្ឋអាមេរិក ដោយដណ្ដើមបានមេដាយសរុប ៧៣គ្រឿង ក្នុងនោះមានមេដាយមាស ២៩គ្រឿង មេដាយប្រាក់ ២៥គ្រឿង និងមេដាយសំរឹទ្ធ ១៩គ្រឿង។
Olympic Paris 2024 | Archived Link
ទោះជាយ៉ាងណា ក្រុមជម្រើសជាតិនារីអាមេរិកផ្នែកកីឡាវាយកូនបាល់លើតុ ពុំទទួលបានមេដាយអ្វីនោះឡើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីសនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញអ៊ិនធឹណិតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដែលបង្ហាញតារាងមេដាយរបស់ក្រុមកីឡាករកីឡាការិនីអាមេរិកដែលបានឈ្នះនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ដោយអាមេរិកពុំទទួលបានមេដាយសូម្បីតែមួយសម្រាប់វិញ្ញាសាវាយកូនបាល់លើតុ។
វេបសាយកីឡាវាយកូនបាល់លើតុរបស់អាមេរិក បង្ហាញថា ក្រុមជម្រើសនារីអាមេរិក មិនអាចឈានទៅវគ្គបន្តដើម្បីដណ្ដើមមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកវិញ្ញាសាវាយកូនបាល់លើតុនោះឡើយ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិនារីអាល្លឺម៉ង់នៅវគ្គបឋមកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។
ជារួម ក្រុមជម្រើសនារីអាមេរិកមិនបានប្រកួតជាមួយក្រុមជម្រើសនារីចិនក្នុងវិញ្ញាសាវាយកូនបាល់លើតុនៅឯព្រឹត្តិការណ៍អូឡាំពិកនោះឡើយ។
នៅវគ្គបឋម ឬវគ្គ ១៦ក្រុមនេះ ក្រុមកីឡាការិនីវាយកូនបាល់លើតុរបស់ជម្រើសជាតិចិន ត្រូវប្រកួតជាមួយក្រុមជម្រើសនារីអេហ្ស៊ីប ដោយក្រុមជម្រើសនារីចិនបានយកឈ្នះលើក្រុមជម្រើសនារីអេហ្ស៊ីប ៣ ទល់ ០ ហើយឆ្លងទៅកាន់វគ្គបន្ទាប់។
ក្រុមជម្រើសនារីចិន នឹងត្រូវប្រកួតដណ្ដើមមេដាយមាសជាមួយក្រុមជម្រើសនារីជប៉ុននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសនារីកោះតៃវ៉ាន់នៅវគ្គ ១/៤ និងឈ្នះលើក្រុមជម្រើសនារីកូរ៉េខាងត្បូងនៅវគ្គពាក់កណ្ដាល់ផ្ដាច់ព័ត្រ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីវេបសាយអូឡាំពិក ដែលបង្ហាញកាលបរិច្ឆេទនៃការប្រកួតរវាងក្រុមកីឡាការិនីវាយកូនបាល់លើតុរបស់ជម្រើសជាតិចិន និងក្រុមជម្រើសជាតិជប៉ុន ដើម្បីដណ្ដើមមេដាយមាស ខណៈក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងត្រូវប្រកួតដណ្ដើមមេដាយសំរឹទ្ធ។
Olympic Paris 2024 | Archived Link
កំណត់ត្រារបស់វេបសាយអូឡាំពិក បង្ហាញថា ក្រុមកីឡាការិនីជម្រើសជាតិអាមេរិកផ្នែកវាយកូនបាល់លើតុនេះ មិនធ្លាប់ឈ្នះមេដាយនោះឡើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ប៉ុន្តែ ពួកគេបានបង្កើតកំណត់ត្រាថ្មីៗមួយចំនួនផងដែរនាពេលកន្លងមក។
Olympic Paris 2024 | Archived Link
វិញ្ញាសាវាយកូនបាល់លើតុផ្នែកនារីនៅព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤នេះ បានក្លាយជាទីចាប់អារម្មណ៍នៃមហាជនដោយសារតែវត្តមានកីឡាការិនីតំណាងឱ្យប្រទេសនានា មានប្រភពកំណើត ឬជាប់សាច់ឈាមចិន ឬមកពីតំបន់អាស៊ីខាងកើត។
អ្នកស្រី Ni Xia Lian អាយុ ៦១ឆ្នាំ ដែលគេហៅជាទូទៅថា “អ្នកមីង នី” គឺជាម្ចាស់មេដាយមាស ២គ្រឿង ឬជើងឯកកីឡាវាយកូនបាល់លើតុពិភពលោក ធ្វើឡើងនៅអាល្លឺម៉ង់ នៅឆ្នាំ១៩៨៣។
នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤នេះ អ្នកមីង នី បានចូលរួមប្រកួតតំណាងប្រទេសលុចសំបួ (Luxembourg) ប៉ុន្តែ អ្នកស្រីមានដើមកំណើតនៅទីក្រុងសៀងហៃ ប្រទេសចិន មុននឹងផ្លាស់ទៅរស់នៅរៀននៅប្រទេសអាល្លឺម៉ង់ និងរស់នៅអចិន្ត្រៃយ៍នៅប្រទេសលុចសំបួនៅអំឡុងទសវត្សរ៍១៩៨០។ (Source)
ចំណែកឯអ្នកស្រី Zeng Zhiying អាយុ ៥៨ឆ្នាំ បានចូលរួមប្រកួតវិញ្ញាសាវាយកូនបាល់លើតុនៅព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំនេះ ដោយធ្វើជាតំណាងប្រទេសឈីលី បន្ទាប់ពីអ្នកស្រីខកខានបង្ហាញខ្លួនតំណាងប្រទេសចិននៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ១៩៨៤។ (Source)
ស្រដៀងនៅនឹងករណីខាងលើនេះដែរ ក្រុមកីឡាវាយកូនបាល់លើតុជម្រើសជាតិអាល្លឺម៉ង់ មានសមាជិក ២រូបមានដើមកំណើត ឬជាប់ខ្សែស្រឡាញចិន។
មានអាយុ ២៧ឆ្នាំ និងកើតនៅអាល្លឺម៉ង់ កីឡាការិនី WAN Yuan មានឪពុកឈ្មោះ Wan Guohui ដែលជាម្ចាស់ជើងឯក ៤សម័យនៃកីឡាវាយកូនបាល់លើតុប្រចាំប្រទេសចិន។ (Source)
ចំណែកឯកីឡាការិនី SHAN Xiaona អាយុ ៤១ឆ្នាំ មានស្រុកកំណើតនៅប្រទេសចិន ហើយបានផ្លាស់ទៅរសនៅប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ២០០៥។ (Source)
កីឡាវាយកូនបាល់លើតុ គឺស្ថិតនៅក្នុងចំណោមកីឡា ៦ប្រភេទដែលប្រទេសចិនតែងតែមានប្រៀបលើបណ្ដាប្រទេសដទៃទៀតនៅលើពិភពលោក។ កីឡាទាំង ៦ប្រភេទនោះ មានកីឡាវាយកូនបាល់លើតុ កីឡាបាញ់កាំភ្លើង កីឡាលោតទឹក កីឡាវាយសី កីឡារបាំកាយសម្ព័ន្ធ (gymnastics) និងកីឡាលើកទម្ងន់។ (Source)
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងថា ក្រុមកីឡាការិនីវាយកូនបាល់លើតុជម្រើសជាតិអាមេរិកឈ្នះលើក្រុមកីឡាការិនីជម្រើសជាតិចិននោះ គឺជាព័ត៌មានមិនត្រឹមត្រូវនោះឡើយ។ ក្រុមកីឡាការិនីជម្រើសជាតិអាមេរិក បានធ្លាក់ចេញពីព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ហើយ បន្ទាប់ពីចាញ់ក្រុមកីឡាការិនីជម្រើសជាតិអាល្លឺម៉ង់។ ចំណែកឯក្រុមកីឡាការិនីវាយកូនបាល់លើតុរបស់ជម្រើសជាតិចិន កំពុងឈានទៅដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសជាមួយក្រុមកីឡាការិនីជម្រើសជាតិជប៉ុន។
Title:តើក្រុមកីឡាការិនីវាយកូនបាល់លើតុអាមេរិកប្រកួតឈ្នះក្រុមជម្រើសជាតិចិនមែនឬ?
Written By: Jay UdomResult: Misleading