ក្រដាស​ប្រាក់​រៀល​មួយ​ប្រភេទ​​ត្រូវ​បាន​កាត់​ត​​ដាក់​រូបថត​លោក ហ៊ុន សែន និង​កម្លាំង​ប្រដាប់​អាវុធ

Altered Political

ក្រដាស​ប្រាក់ ៣០០០០​រៀល ត្រូវ​បាន​បោះពុម្ព​ជាផ្លូវការ​ដើម្បី​អបអរ​សាទរ​ខួប ៣០​ឆ្នាំ​នៃ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​មុន។ ទន្ទឹម​គ្នា​នោះ រូបថត​ក្រដាស​ប្រាក់​ប្រភេទ​នេះ ត្រូវ​បាន​បោះ​ពុម្ព​មក​ជាមួយ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​រូបថត​នៃ​ការ​បង្ក្រាប​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ១​ឆ្នាំ​ក្រោយ​មក រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គមឡើង​វិញ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​ក្រដាស​ប្រាក់​ ៣០០០០​រៀល​មួយ​សន្លឹក ដែល​មាន​បោះ​ពុម្ព​មក​ជាមួយ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ទាហាន​ប្រដាប់​ដោយ​អាវុធ​បង្ក្រាប​ទៅ​លើ​ក្រុម​​ប្រជាជន ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា​កន្លងម​ក​នេះ។

រូបថត​ក្រដាស​ប្រាក់​មួយ​ប្រភេទ​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាំង​ពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១​កន្លង​មក​ម៉្លេះ នៅ​ចំ​ទិវា​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ប៉ុន្តែ វា​ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​ ១​ឆ្នាំ​ក្រោយ​មក។

រូបថត​ក្រដាស​ប្រាក់​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ការ​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​បង្ហាញ​រូបថត​ក្រដាស​ប្រាក់ ៣០០០០​រៀល​មាន​រូបថត​លោក ហ៊ុន សែន និង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ក្រដាស​ប្រាក់ ៣០០០០​រៀល​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ខ្មែរ ថាមស៍ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១​កន្លងម​ក​នេះ នៅ​ក្នុង​អត្ថបទ​មួយ​ដែល​និយាយ​អំពី​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​រៀល​មួយ​ប្រភេទ​នេះ ដើម្បី​អបអរ​ខួប ៣០​ឆ្នាំ​នៃ​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។

រូបថត​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​មួយ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ក្រដាស​ប្រាក់​ ៣០០០០​រៀល ត្រូវ​បាន​បោះ​ពុម្ព​ជាមួយ​ព្រះ​ឆាយា​លក្ខណ៍​របស់​អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ ស្ថិត​នៅ​ផ្នែក​ខាង​មុខ​នៃ​ក្រដាស​ប្រាក់​នេះ និង​រូបភាព​នៃ​ការ​យាង​ព្រះ​រាជ​ដំណើរ​របស់​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​លោក​ ហ៊ុន សែន កាល​ពី ៣០​ឆ្នាំ​មុន។

Khmer Times | Archived Link

​ច្បាប់​ដើម​នៃ​រូបថត​នេះ​ ពុំ​មាន​រូបភាព​លោក ហ៊ុន សែន នៅ​ផ្នែក​ខាង​មុខ​នៃ​ក្រដាស​ប្រាក់ និង​រូបភាព​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​បង្ហាញ​ការ​ប្រៀប​ធៀប​រវាង​រូបថត​ក្រដាស​ប្រាក់​ដែល​ត្រូវ​បាន​កាត់​ត​ដាក់​រូបថត​លោក ហ៊ុន សែន និង​រូបថត​ក្រដាស​ប្រាក់​ច្បាប់​ដើម ដែល​បោះពុម្ព​​ជា​ផ្លូវការ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពី​ឆ្នាំ​មុន។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​កាត់​ត។ រូបថត​ច្បាប់​ដើម មិន​មាន​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​ជាមួយ​រូបថត​លោក ហ៊ុន សែន និង​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​នោះ​ឡើយ។ ក្រដាស​ប្រាក់ ៣០០០០​រៀល​នេះ ត្រូវ​បាន​បោះ​ពុម្ព​ជាមួយ​ព្រះ​ឆាយា​លក្ខណ៍​អតីត​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ នៅ​ផ្នែក​ខាង​មុខ និង​រូបភាព​លោក ហ៊ុន សែន អម​ព្រះ​រាជ​ដំណើរ​យាង​ត្រឡប់​របស់​អតីត​ព្រះមហាក្សត្រ​កាល​ពី​ឆ្នាំ​១៩៩១ ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ។

Avatar

Title: ក្រដាស​ប្រាក់​រៀល​មួយ​ប្រភេទ​​ត្រូវ​បាន​កាត់​ត​​រូបថត​លោក ហ៊ុន សែន និង​កម្លាំង​ប្រដាប់​អាវុធ

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *