រូបថតស្ត្រីម្នាក់កាន់ដាវត្រូវបានកាត់តឱ្យឈរពីមុខរថក្រោះយោធាភូមាមួយគ្រឿង
ការតវ៉ាប្រឆាំង និងរិះគន់ទៅនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលដឹកនាំដោយឧត្ដមសេនីយ៍ មីង អ៊ុងឡាំង ក្រោយទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី កន្លងមកនោះ នៅតែត្រូវបានជជែក និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមនានា។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញទិដ្ឋភាពស្ត្រីម្នាក់បានឈរកាន់ដាវពាំងមុខរថក្រោះមួយគ្រឿង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ជាស្រ្តីជនជាតិមីយ៉ាន់ម៉ា។ ការបង្ហោះនេះ ត្រូវបានប្រតិកម្មចម្រុះ និងចែកចាយជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ជាមួយនឹងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញស្ត្រីម្នាក់កាន់ដាវឈរនៅមុខរថក្រោះមួយគ្រឿង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថាជាស្រ្តីជនជាតិមីយ៉ាន់ម៉ា។ រូបថតមួយសន្លឹកនេះ ក៏បានបង្ហាញឱ្យឃើញស្រ្តីមួយក្រុមបានឈរកាន់គ្រឿងស្រវឹងផងដែរ។
រូបថតភ្ជាប់ជាមួយនឹងការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេរថា «ស្រីភូមា ក្លាហានមែន ដក ដាវឈរពាំងរថក្រោះ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈគេហទំព័រ Twitter ផ្សព្វផ្សាយកាលពីឆ្នាំមុន បានបង្ហាញទិដ្ឋភាពរូបថតចំនួន ៣សន្លឹក ដែលមានទម្រង់ដូចគ្នាទៅនឹងរូបថតបង្ហោះខាងលើ។
រូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានរៀបរាប់ជាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរ ដោយមានន័យថា «ការតភ្ជាប់អ៊ីនធឺណិតក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានកាត់ផ្តាច់ម្តងទៀតចាប់តាំងពីម៉ោងប្រហែល១ព្រឹកថ្ងៃចន្ទ ចំពេលមានការភ័យខ្លាចនៃការបង្ក្រាបលើការតវ៉ានាពេលថ្មីៗនេះ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលរថពាសដែក និងរថយន្តយោធាជាច្រើនគ្រឿងផ្សេងទៀត ត្រូវបានគេឃើញនៅក្នុងទីតាំងផ្សេងៗគ្នាជុំវិញទីក្រុងនៃប្រទេសមួយនេះ»។
រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ក៏ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅគេហទំព័រសារព័ត៌មាន BBC ដែលបានសរសេររៀបរាប់ជាភាសាមីយ៉ាន់ម៉ា ឬប្រែសម្រួលជាភាសាខ្មែរតាមកម្មវិធី Google Translate មានន័យថា «សព្វាវុធយោធាពីអ៊ុយក្រែនបានបន្តចូលក្នុងប្រទេសមីយ៉ាន់ម៉ា»។ រូបថតនេះ ពុំបានបង្ហាញទិដ្ឋភាពមនុស្សស្រីបានឈរពាំងពីមុខរថពាសដែកនោះឡើយ។
BBC News Report | Archived Link
ដូចគ្នានេះ ករណីខាងលើ ក៏ត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មាន AFP ផងដែរ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ គេហទំព័រដដែលខាងលើ បានបញ្ជាក់នៅក្នុងអត្ថបទរបស់ខ្លួនថា រូបថតមួយសន្លឹក ដែលបានបង្ហាញទិដ្ឋភាពមនុស្សស្រី ឈរពាំងរថពាសដែកនោះ គឺជារូបថតកាត់ត ដោយច្បាប់ដើមនៃរូបថតនេះ ពុំបានបង្ហាញទិដ្ឋភាពមនុស្សស្រីបានឈរនៅពីមុខនោះឡើយ។
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតបង្ហោះខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពរថពាសដែកយោធា ដែលត្រូវបានថតនៅក្នុងទីក្រុង Yangon របស់ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំមុន ដែលរូបថតនេះ ពុំបានបង្ហាញទិដ្ឋភាពមនុស្សស្រីបានឈរពាំងនឹងរថពាសដែកនោះឡើយ។
Title:រូបថតស្ត្រីម្នាក់កាន់ដាវត្រូវបានកាត់តឱ្យឈរពីមុខរថក្រោះយោធាភូមាមួយគ្រឿង
Fact Check By: Kakada SimResult: Altered