
លោក Simon Cowell គឺជាពិធីករដ៏ល្បីឈ្មោះនៃកម្មវិធី America’s Got Talent។ ថ្មីៗនេះ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បាននិយាយថា ពិធីកររូបនេះ បានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលទាំងលើបណ្ដាញសង្គម និងបណ្ដាញកម្សាន្តឌីជីថល។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ គឺជាព័ត៌មានក្លែងក្លាយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គមនៅសប្ដាហ៍នេះ បានលើកឡើងថា ពិធីករទូរទស្សន៍ដ៏ល្បីល្បាញជនជាតិអង់គ្លេស លោក Simon Cowell បានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។
ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាចែករំលែកបន្តពីវីដេអូមួយដែលអំពីមរណភាពរបស់លោក Simon Cowell ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងថា «ម្ចាស់កម្មវិធី “American’s Got Talent” Simon Cowell បានស្លាប់ហើយ»។

ការអះអាងខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកបន្តពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកហ្វីលីពីន ដែលបានបង្ហោះវីដេអូនិយាយពីមរណភាពរបស់លោក Simon Cowell កាលពីថ្ងៃទី១២ ខែមករា។
ព័ត៌មាននិយាយអំពីមរណភាពរបស់លោក Simon Cowell ដែលត្រូវបានយកមកផ្សព្វផ្សាយបន្តនៅលើបណ្ដាញសង្គមនេះ ត្រូវបានផ្អែកទៅតាមវីដេអូមួយដែលផ្សព្វផ្សាយនៅលើឆាណែល YouTube ឈ្មោះថា Deceased Stars កាលពី ១ខែមុនមកម៉្លេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើការអះអាងខាងលើនេះតាមរយៈការស្វែងរកព័ត៌មានពីប្រភពព័ត៌មានអន្តរជាតិគួរឱ្យទុកចិត្តនានា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ព័ត៌មានអំពីមរណភាពរបស់លោក Simon Cowell ពិធីករដ៏ល្បីល្បាញនៃកម្មវិធី America’s Got Talent មិនត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗនោះឡើយ។
ផ្ទុយទៅវិញ យើងបានរកឃើញនូវការចុះផ្សាយព័ត៌មានមួយរបស់សារព័ត៌មាន Mail Online កាលពីថ្ងៃទី០៩ ខែមករា ដែលនិយាយថា ដំណឹងមរណភាពលោក Simon Cowell មិនមែនព័ត៌មានពិតនោះឡើយ ប៉ុន្តែ គ្រាន់តែជាការបោកបញ្ឆោតតែប៉ុណ្ណោះ។
សារព័ត៌មាន Mail Online បានចុះផ្សាយបែបនេះដោយបានសម្ភាសជាមួយតារាចម្រៀងអង់គ្លេសដើមកំណើតអាមេរិក អ្នកស្រី Sinitta Malone អាយុ ៥៩ឆ្នាំ ដែលជាអតីតមិត្តស្រីរបស់លោក Simon Cowell។
អ្នកស្រី Sinitta Malone បានបង្ហាញអារម្មណ៍របស់អ្នកស្រីនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្ដាញសង្គមថា អតីតមិត្តប្រុសរបស់អ្នកស្រីបានទទួលមរណភាព។
តារាចម្រៀងរូបនេះ បានបញ្ជាក់ទៅកាន់ Mail Online ថា អ្នកស្រីពិតជាភ័យខ្លាចឡើងលស់ព្រលឹងដោយសារតែព័ត៌មានក្លែងក្លាយ បន្ទាប់ពីអ្នកស្រីទទួលបានសារលេងសើចពីមិត្តភក្តិរបស់អ្នកស្រី ប៉ុន្តែ អ្នកស្រីថា ការពិត លោក Simon Cowell នៅរស់រានជីវិតដូចធម្មតា។

ការផ្សព្វផ្សាយថា ពិធីករទូរទស្សន៍ដ៏ល្បីឈ្មោះរូបនេះទទួលមរណភាពនោះ ត្រូវបានស្ថាប័នត្រួតពិនិត្យការពិតជាច្រើន ផ្ទៀងផ្ទាត់ និងរកឃើញថា វាជាព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ។
ក្នុងសេចក្ដីរាយការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃទី០៧ ខែមករានេះ គេហទំព័រ Tech ARP បាននិយាយថា ការផ្សព្វផ្សាយថា លោក Simon Cowell ទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ គឺជាព័ត៌មានក្លែងក្លាយ។ ចំណែករូបថតនានាដែលបង្ហាញលោក Simon Cowell ស្ថិតនៅលើគ្រែពេទ្យនោះ គេហទំព័រ Tech ARP រកឃើញថា សុទ្ធតែត្រូវបានកាត់តទាំងអស់។ សូមអានអត្ថបទទាំងស្រុងនៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ក្នុងសេចក្ដីរាយការណ៍របស់ខ្លួនមួយចេញកាលពីថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍អាមេរិក NBC បាននិយាយថា កម្មវិធី America’s Got Talent ឆ្នាំ២០២៣ បានចាប់ផ្ដើមជាមួយកម្មវិធី All-Star ដែលមានគណៈវិនិច្ឆ័យ ៣រូប ក្នុងនោះមានលោក Simon Cowell ផងដែរ។ សូមអានអត្ថបទទាំងស្រុងនៅទីនេះ។
នេះមិនមែនជាលើកដំបូងទេដែលព័ត៌មានក្លែងក្លាយអះអាងថា លោក Simon Cowell បានទទួលមរណភាពនោះ។ កាលពីដើមខែធ្នូឆ្នាំមុន ក៏មានការផ្សព្វផ្សាយថា លោកទទួលមរណភាពផងដែរ ហើយថែមទាំងបង្ហាញរូបថតប្រធានាធិបតីអាមេរិក លោក Joe Biden ទៅគោរពវិញ្ញាណក្ខន្ធលោកផងដែរ។ ប៉ុន្តែ ព័ត៌មាននោះមិនមែនជាការពិតនោះឡើយ។ សូមអានអត្ថបទទាំងស្រុងនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចត្រូវបានរៀបរាប់ខាងលើនេះ គឺជាព័ត៌មានក្លែងក្លាយ។ ការពិត លោក Simon Cowell ពិធីករល្បីឈ្មោះនៃកម្មវិធី America’s Got Talent មិនបានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។ រូបថតដែលបង្ហាញលោក Simon Cowell ស្ថិតនៅលើគ្រែពេទ្យ សុទ្ធតែជារូបភាពកាត់តតែប៉ុណ្ណោះ។

Title:តើពិធីករល្បីឈ្មោះ Simon Cowell ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដូចការអះអាងមែនឬទេ?
Fact Check By: Jay UdomResult: False
