
បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បញ្ជាឱ្យមានការបើកប្រតិបត្តិការសឹកវាយលុកលើប្រទេសអ៊ុយក្រែនចាប់តាំងពីចុងខែកុម្ភៈមក រូបថតជាច្រើនពាក់ព័ន្ធទៅនឹងប្រទេសរុស្ស៊ី និងព័ត៌មានរិះគន់ទៅលើលោក ពូទីន ត្រូវបានចែករំលែកលើបណ្តាញសង្គមជាហូរហែរ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពតុប្រជុំរបស់លោក មានសភាពវែងខុសពីធម្មតា ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់។ ការបង្ហោះនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកខាងលើនោះ គឺត្រូវបានកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែកចាយរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពប្រធានាធិបតីរុស្ស៊ីលោក ពូទីន អង្គុយក្នុងបន្ទប់ប្រជុំ ដោយមានតុដ៏វែងមួយ។ រូបថតនេះ ត្រូវបានភ្ជាប់ជាមួយនឹងសំណេរថា តែមួយពព្រិចភ្នែកសោះ បាត់បង់ទំនុកចិត្តជាមិត្តភាពទាំងស្រុង។ ការអះអាងភ្ជាប់ជាមួយនឹងរូបថតនេះ ត្រូវបានចែកចាយជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ បានបង្ហាញទិដ្ឋភាពលោកពូទីន និងតុប្រជុំរបស់លោក។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានចែកចាយខាងលើនេះ តាមរយៈ Google Reverse Image Search នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅលើគេហទំព័រ Getty Image ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលនេះ ពុំបានបង្ហាញទិដ្ឋភាពតុប្រជុំរបស់លោក ពូទីន មានទម្រង់ទ្រវែងខុសពីធម្មតានោះឡើយ។ រូបភាពផ្តាមចេញពីគេហទំព័រខាងលើ សរសេររៀបរាប់ជាភាសាអង់គ្លេសថា «Russian President Vladimir Putin chairs a meeting on economic issues at the Kremlin in Moscow on February 28, 2022» ឬប្រែសម្រួលជាភាសាខ្មែរថា «ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ធ្វើជាប្រធានកិច្ចប្រជុំស្តីពីបញ្ហាសេដ្ឋកិច្ច នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២»។

Getty Image Link | Archived Link
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញនៅក្នុងគេហទំព័រសារព័ត៌មាន VOA ផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅផងដែរ។ គេហទំព័រខាងលើនេះ បានបញ្ជាក់បន្ថែមថាលោកប្រធានាធិបតីរុស្ស៊ី ពូទីន បានដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាសេដ្ឋកិច្ច នៅទីក្រុងមូស្គូ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ»។
VOA News Report | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតចែកចាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ គឺពិតជាមិនត្រឹមត្រូវនោះទេ។ ការពិតរូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត មុននឹងបង្ហោះនៅលើបណ្តាញសង្គម។ រូបថតនេះ គឺត្រូវបានរកឃើញក្នុងអំឡុងពេលលោក ពូទីន បានដឹកនាំប្រជុំស្ដីអំពីបញ្ហាសេដ្ឋកិច្ច កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។ ច្បាប់ដើមនៃរូបថតតុប្រជុំមួយនេះ ពុំបានបង្ហាញសណ្ឋានវែងខុសប្លែកពីធម្មតានោះឡើយ។

Title:តើតុប្រជុំលោក ពូ ទីន មានទម្រង់វែងដូចអ្នកប្រើបណ្ដាញសង្គមចែកចាយមែនដែរឬទេ?
Fact Check By: Kakada SimResult: Altered
