បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ ត្រូវ​បាន​​អាជ្ញាធរ​វៀតណាម​​ចាប់​ដាក់​ឃុំ​​ដោយគ្រាន់​តែ​ពួកគេ​ពាក់​អាវ​អបអរ​ទិវា​អន្តរជាតិ​នារី​នោះ​មក ព័ត៌មាន​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​មួយ បាន​យល់​ព្រម​លាប​ពណ៌​យន្តហោះ​របស់​ពួកគេ​ដូច​ទៅ​នឹង​ពណ៌​ទង់​តំណាង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​។ ទោះជាយ៉ាងណា Fact Crescendo Cambodia បាន​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​ដែល​កំពុង​ផុល​ផុស​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក Southwest Airlines យល់​ព្រម​លាប​ពណ៌​យន្តហោះ​របស់​ខ្លួន​តាម​ពណ៌​នៃ​ទង់​តំណាង​ឱ្យ​ជន​ជាតិ​ខ្មែរ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម។

ការ​អះអាង​នេះ​ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវរូបថត​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​មួយ​នេះ​ផង​ដែរ ដែល​លាប​ខៀវ​នៅ​ផ្នែក​ខាង​មុខ និង​ពណ៌​​លឿង និង​ក្រហម​នៅ​ផ្នែក​ខាង​កន្ទុយ​របស់​យន្តហោះ​ទាំង​នោះ ដែល​ពណ៌​ទាំង​បី​នេះ​ដូច​ទៅ​នឹង​ពណ៌​នៃ​ទង់​តំណាង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ផង​ដែរ។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​រាប់​ពាន់ និង​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាង​ច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប និង​មតិ​យោបល់​ជាច្រើន​ទៅ​នឹង​ព័ត៌មាន​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពី​ព័ត៌មាន​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ ដែល​សរសេរ​ថា “ខ្មែរ​កម្ពុជា​ក្រោម​អាច​ធ្វើ​បាន! កម្ពុជា​ក្រោម​បាន​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​អាមេរិក​លាប​ពណ៌​ទង់​ខ្មែរ​កម្ពុជា ឥឡូវ​គេ​យល់​ព្រម​តាម​សំណើ​ហើយ”។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​ដែរ ហើយ​ក៏​ទទួល​បាន​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដូច​គ្នា។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ ដែល​បាន​រក្សា​សំណេរ​ដូច​គ្នា​ទាំង​ស្រុង។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដូច​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៤​នេះ ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ៧០០​ដង។

Facebook Post | Archived Link

ព័ត៌មាន​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ គេ​អាច​មើល​ព័ត៌មាន​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived), (archived), (archived), (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​តាម​រយៈ​ការ​​​ដំណើរការ Google Reverse Image Search និង​ការ​ចូល​ពិនិត្យ​មើល​ប្រវត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​មួយ​នេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ដោយ​បាន​ចូល​ទៅ​កាន់​វេបសាយ​របស់​ក្រុមហ៊ុ​ន Southwest Airlines ដើម្បី​ពិនិត្យ​មើល​ប្រវត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​មួយ​នេះ យើង​បាន​រក​ឃើញ​នូវ​​ប្រវត្តិ​របស់​ក្រុមហ៊ុន និង​ការ​វិវត្ត​ជា​បន្ត​បន្ទាប់​របស់​ក្រុមហ៊ុន​មួយ​នេះ​ចាប់​តាំង​ពី​ចាប់​កំណើត​នៅ​ក្នុង​ឆ្នាំ​១៩៦៧។

ក្នុង​អត្ថបទ​មួយ​អំពី​របត់​នៃ​ការ​វិវត្ត​របស់​ខ្លួន​ចំ​ខួប ៥០​ឆ្នាំ​របស់​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​២០១៤​កន្លង​មក​នោះ ក្រុមហ៊ុន​អាកាសចរណ៍ Southwest Airlines បាន​កែ​ប្រែ​ពណ៌​របស់​ខ្លួន​នៅ​លើ​ខ្លួន​យន្តហោះ​របស់​ខ្លួន​ដោយ​បាន​ជ្រើស​រើស​ពណ៌​ខៀវ ពណ៌​ទឹក​ប្រាក់ ពណ៌​លឿង និង​ពណ៌​ក្រហម។

Southwest Airlines

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ពណ៌​នីមួយៗ​ដោយ​ថា ពណ៌​ខៀវ​តំណាង​ឱ្យ​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន​ចំពោះ​ស្មារតី​រុក​រក និង​ដំណើរ​លូត​លាស់​ទៅ​រក​កម្រិត​ខ្ពស់​ថ្មី​មួយ​ទៀត។ ចំពោះ​ពណ៌​ប្រាក់​វិញ ក្រុមហ៊ុន​ពន្យល់​ថា វា​ជា​ពណ៌​តំណាង​នូវ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន និង​អតិថិជន​ដ៏​យូរ​អង្វែង។

សម្រាប់​ពណ៌​ក្រហម ក្រុមហ៊ុន​បាន​ពន្យល់​បន្ត​ថា វា​តំណាង​ឱ្យ​ស្មារតី​អ្នក​ប្រយុទ្ធ​របស់​ក្រុមហ៊ុន និង​ការ​ផ្ដោត​សំខាន់​ទៅ​លើ​ផ្ដល់​សេវាកម្ម​អតិថិជិន។ ចំពោះ​ពណ៌​លឿង​ភ្លឺ​ច្បាស់​ដូច​ពន្លឺ​ថ្ងៃ​រះ​នោះ ក្រុមហ៊ុន​បញ្ជាក់​ថា វា​មាន​ន័យ​ស្មើ​នឹង​ការ​ចាប់​ផ្ដើម​ជំពូក​ថ្មី​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​នេះ។

សូម​មើល​សេចក្ដី​ពន្យល់​អំពីអត្ថន័យ​នៃ​ពណ៌​នីមួយៗ​របស់​ក្រុមហ៊ុន Southwest ​នៅ​ក្នុង​អត្ថបទ​ទាំង​ស្រុង​ខាង​ក្រោម​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​វេបសាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ចំ​ខួប ៥០​ឆ្នាំ​របស់​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​២០១៤​កន្លង​មក។

Southwest 50 Years | Archived Link

ក្រុមហ៊ុន​អាកាសចរណ៍ Southwest Airlines ត្រូវ​បាន​បង្កើត​ឡើង​ និង​ចាប់​ផ្ដើម​ធ្វើ​ប្រតិបត្តិការ​ហោះ​ហើរ​នៅ​ក្នុង​ឆ្នាំ​១៩៦៧ ឬ​ក៏​កាល​ពី ៥៧​ឆ្នាំ​មុន ហើយ​យន្តហោះ​ដំបូងៗ​ដែល​ដាក់​ឱ្យ​ប្រតិបត្តិការ​ហោះ​ហើរ​ដោយ​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ផាត់​ពណ៌​ខុស​ពី​ពណ៌​ដែល​ក្រុមហ៊ុន​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Southwest Airlines ដែល​ផាត់​ពណ៌​ទៅ​តាម​ពណ៌​ដើម​ដំបូង​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​នេះ​ដែល​ធ្វើ​ប្រតិបត្តិការ​ហោះ​ហើរ​នៅ​ចន្លោះ​ទសវត្សរ៍ ១៩៧០ រហូត​ដល់ ១៩៨០។

Southwest Airlines’ Instagram Post

ក្រុមហ៊ុន​អាកាសចរណ៍ Southwest Airlines បាន​ពន្យល់​ថា ការ​សម្រេច​ផ្លាស់​ប្ដូរ​ពណ៌​នៅ​លើ​យន្តហោះ​របស់​ខ្លួន គឺ​ដើម្បី​ធ្វើ​ឱ្យ​មាន​ពណ៌​រស់​រវើក និង​លេចធ្លោ​ពី​គេ​ក្នុង​នាម​ជា​ក្រុមហ៊ុន​​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ក្នុង​ស្រុក​ធំ​បំផុត​នៅ​សហរដ្ឋ​អាមេរិក។ សូម​មើល​សេចក្ដី​ពន្យល់​របស់​ក្រុមហ៊ុន​នៅ​ទីនេះ

ក្នុង​អត្ថបទ​នោះ ក្រុមហ៊ុន​ Southwest Airlines គ្មាន​និយាយ​ដល់​ទាល់​តែ​សោះ​អំពី​ព័ត៌មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ទង់​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ឬ​ក៏​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Southwest Airlines ដែល​ត្រូវ​បាន​ផាត់​ពណ៌​ខៀវ ឆ្នូត​ពណ៌​ប្រាក់​ ពណ៌​លឿង​ដូច​ថ្ងៃ​រះ​ និង​ពណ៌ក្រហម។

Southwest Airlines’ Instagram Post

ក្រៅ​ពី​ពណ៌​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ យន្តហោះ​មួយ​ចំនួន​ទៀត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Southwest Airlines ក៏​ត្រូវ​បាន​លាប​ពណ៌​ទៅ​រដូវ​កាល​ពិសេស​ណា​មួយ ឬ​ក៏​ពណ៌​ផ្សេង​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​នូវ​ស្មារតី​អ្វី​មួយ ឬ​តំបន់​ណា​មួយ​នៃ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ ក្រុមហ៊ុន​នេះ​នៅ​រក្សា​ពណ៌​ជា​អត្ត​សញ្ញាណ​របស់​ខ្លួន​នៅ​ផ្នែក​កន្ទុយ​នៃ​យន្ត​ហោះ បើ​ទោះបី​ជា​ផ្នែក​ក្បាល និង​ដង​ខ្លួន​នៃ​យន្តហោះ​មួយ​ចំនួន ត្រូវ​បាន​លាប​ពណ៌​ផ្សេង​ក៏​ដោយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Southwest Airlines ដែល​លាប​ពណ៌​ទង់​ជាតិ​សហរដ្ឋ​អាមេរិក​ចាប់​ពី​ផ្នែក​ខាង​មុខ​រហូត​ដល់​ពោះ​ខាង​ក្រោម​របស់​យន្តហោះ​នេះ ដើម្បី​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។

Southwest Airlines’ Facebook Post

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក Southwest Airlines បាន​ផ្លាស់​ប្ដូរ​ពណ៌​នៅ​លើ​យន្តហោះ​របស់​ខ្លាំង​តាំង​ពី​ឆ្នាំ​២០១៤ ដែល​វា​មិន​ពាក់​ព័ន្ធ​អ្វី​នឹង​ពណ៌​ទង់​តំណាង​ក្រុម​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ឡើយ។

Avatar

Title:ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ផ្សាយ​ថា ក្រុមហ៊ុន​អាមេរិក​មួយ​លាប​ថ្នាំ​យន្តហោះ​របស់​ខ្លួន​តាម​ពណ៌​ទង់​ខ្មែរ​ក្រោម

Written By: Jay Udom

Result: False