តើ​រូបថត​ទាំង​នេះ​ជា​​បាតុកម្ម​ថ្កោល​ទោស​មេដឹកនាំ​ផ្ដាច់​ការ​នៅ​កិច្ច​ប្រជុំ​អាមេរិក-អាស៊ាន​មែន​ឬទេ?

Missing Context Political

ខណៈ​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​កាល​ពី​សប្ដាហ៍​មុន​នោះ ពលរដ្ឋ​អាមេរិក​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​នានា​នៅ​តំបន់​អាស៊ាន បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ថ្កោល​ទោស​មេដឹកនាំ​មួយ​ចំនួន​។ ទន្ទឹម​គ្នា​នេះ រូបថត​៤​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ធ្វើ​បាតុកម្ម ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ទិដ្ឋភាព​បាតុកម្ម​របស់​ពលរដ្ឋ​ថ្កោល​ទោស​មេដឹកនាំ​អាស៊ាន។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ការ​ត្រួត​ពិនិត្យ យើង​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​ទាំង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​ ៤​សន្លឹក​កាល​ពី​សប្ដាហ៍​មុន ដែល​បង្ហាញ​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​អះ​អាង​ថា រូបថត​ទាំង​នេះ គឺ​ជា​បាតុកម្ម​ធ្វើ​ឡើង​ដោយ​ក្រុម​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ និង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ភូមា ដែល​ថ្កោល​ទោស​ក្រុម​មេដឹកនាំ​ផ្ដាច់​ការ​អាស៊ាន​នៅ​ឯ​ជំនួប​កំពូល​មេដឹកនាំ​អាមេរិក-អាស៊ាន នៅ​ឯ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​សប្ដាហ៍​មុន។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដោយ​ហ្វេសប៊ុក​ឈ្មោះ បដិវត្តន៍ រំដោះជាតិ ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​ទី​១១ ខែឧសភា​ថា «ក្រុម​ពលរដ្ឋ​ខ្មែរ និង​ភូមា-អាមេរិកាំង​កំពុង​ធ្វើ​បាតុកម្ម​ថ្កោល​ទោស​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​អាស៊ាន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក»។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​គណនី​ហ្វេសប៊ុក​ជា​សមាជិក​រហូត​ដល់​ជាង ៤​ម៉ឺន។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ព្រះ​សង្ឃ និង​ក្រុម​មនុស្ស​ជាច្រើន​នាក់​ប្រមូល​ផ្ដុំ​គ្នា​កាន់​បដារ និង​ទង់​ជាតិ​កម្ពុជា និង​ទង់​ជាតិ​អាមេរិក ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ដោយ​វិទ្យុ​អាស៊ី​សេរីកាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១​កន្លង​មក។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​វិទ្យុ​អាស៊ី​សេរី រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ពលរដ្ឋ​ខ្មែរ​-អាមេរិក​​រាប់​រយ​នាក់ ប្រមូល​ផ្ដុំ​គ្នា​​ធ្វើ​បាតុកម្ម​នៅ​មុខ​មន្ទីរ​​រដ្ឋ​សភា​អាមេរិក កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១ ដែល​ទាមទារ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គោរព​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ដូច្នេះ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ទិដ្ឋភាព​នៃ​បាតុកម្ម​របស់​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដែល​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​សប្ដាហ៍​មុន​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​របស់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១ អំពី​បាតុកម្ម​របស់​ក្រុម​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ប្រឆាំង​នឹង​លោក ហ៊ុន សែន។

Radio Free Asia | Archived Link

ចំណែក​ឯ​រូបថត​ពី​រ​សន្លឹក​ទៀត ដែល​ក្នុង​នោះ​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​ក្រុម​មនុស្ស​កាន់​បដារ​​មាន​សំណេរ​ថា “We don’t need you Hun Sen. You are not welcomed to Myanmar.” និង​រូបថត​មួយ​សន្លឹក​ទៀត​បង្ហាញ​ក្រុម​មនុស្ស​ជាន់​ទៅ​លើ​រូបថត​លោក ហ៊ុន សែន នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​មួយ​របស់​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​អង់គ្លេស​ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២២។

បើ​តាម​ខ្លឹមសារ​នៃ​សេចក្ដី​រាយការណ៍​នេះ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ពលរដ្ឋ​ភូមា​ធ្វើ​បាតុកម្ម​​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២២​កន្លង​មក ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មករា​កន្លង​មក​នេះ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​ដំបូង​គេ​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា បន្ទាប់​ពី​ក្រុម​យោធា​ភូមា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លង​មក។

ដូច្នេះ រូបថត​ទាំង ២​សន្លឹក​នេះ មិន​មែន​ជា​បាតុកម្ម​តវ៉ា​ធ្វើ​ឡើង​ដោយ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ភូមា ប្រឆាំង​នឹង​​មេដឹកនាំ​អាស៊ាន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​អាមេរិក-អាស៊ាន​ នៅ​ទីក្រុង​វ៉ាស៊ីនតោន កាល​​ពី​សប្ដាហ៍​មុន​នោះ​ឡើយ។ 

The Irrawaddy | Archived Link

The Irrawaddy | Archived Link

សម្រាប់​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​លើក​អក្សរ​សរសេរ​ថា “Save Myanmar” និង​មាន​ទង់ជាតិ​ភូមា​ផង​នោះ យើង​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ World Politics Review កាល​ពី​ខែ​តុលា ឆ្នាំ​២០២១។

បើ​តាម​គេហទំព័រ​មួយ​នេះ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ឱ្យ​ឃើញ​ក្រុម​ពលរដ្ឋ​ភូមា​រស់​នៅ​ក្នុង​ប្រទេស​ថៃ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២១ ដើម្បី​បង្ហាញ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ដឹកនាំ​ដោយ​ពួក​យោធា។

ដូច្នេះ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជាការ​តវ៉ា​ធ្វើ​ឡើង​ដោយ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ភូមា​​នៅ​ឯ​រដ្ឋ​ធានី​វ៉ាស៊ីនតោន ជា​ទីដែល​មេដឹកនាំ​អាស៊ាន​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​អាមេរិក​កាល​ពី​សប្ដាហ៍​មុន​នោះ​ឡើយ។

World Politics Review | Archived Link

ក្នុង​ឋានៈ​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​អាមេរិក-អាស៊ាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា។

ខណៈ​ដែល​មេដឹកនាំ​អាស៊ាន និង​អាមេរិក​ជួប​ប្រជុំ​គ្នា​នោះ ​ក្រុម​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ផង​ដែរ បាន​​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

សម្រាប់​កម្រង​រូបថត​នៃបាតុកម្ម​របស់​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ប្រឆាំង​នឹង​លោក ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន សូម​ចូល​ទៅ​មើល​​ការ​ផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA)កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ទាំង ៤​សន្លឹក​នេះ មិន​មែន​ជា​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិក និង​ពលរដ្ឋ​ភូមា​អាមេរិក ថ្កោល​ទោស​ក្រុម​មេដឹកនាំ​អាស៊ាន ដែល​កំពុង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​អាមេរិក​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​សប្ដាហ៍​មុន​នោះ​ឡើយ។ រូបថត​ទាំង ៤​សន្លឹក​នេះ គឺជា​បាតុកម្ម​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន និង​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ។

Avatar

Title:តើ​រូបថត​ទាំង​នេះ​ជា​​បាតុកម្ម​ថ្កោល​ទោស​មេដឹកនាំ​ផ្ដាច់​ការ​នៅ​កិច្ច​ប្រជុំ​អាមេរិក-អាស៊ាន​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published.