
អ្នកភូមិម្នាក់នៅស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានគ្រឿងចក្រមួយគ្រឿងកិនពីលើរហូតដល់ស្លាប់។ បន្ទាប់មក ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមថា បុរសម្នាក់នេះ បានស្លាប់ដោយសារតែការពារដីរបស់ខ្លួនឯងពីការរំលោភបំពានពីបុគ្គលមានអំណាចនៅក្នុងជម្លោះដីធ្លីមួយ។ ព័ត៌មាននេះត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម ដែលនាំឱ្យមហាជនរិះគន់ និងជេរប្រមាថករណីនេះ។ ទោះជាយ៉ាងណា យើងបានរកឃើញថា ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយដោយមិនត្រឹមត្រូវ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានល្បីផុសផុលនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ បានលើកឡើងថា ពលរដ្ឋម្នាក់នៅខេត្តកោះកុង ត្រូវបានគ្រឿងចក្រកាយដីអេស្កាវ៉ាទ័របើកកិនរហូតដល់ស្លាប់ បន្ទាប់ពីបុរសរូបនោះបានព្យាយាមការពារដីរបស់ខ្លួនពីការឈូសឆាយដោយគ្រឿងចក្រនោះនៅក្នុងជម្លោះដីធ្លីមួយនៅស្រុកបុទុមសាគរ។
ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមជាមួយរូបថតមួយចំនួនដែលបង្ហាញបុរសម្នាក់ស្លៀកអាវយឺតស និងខោខ្លី បានស្លាប់ដោយកប់នៅនឹងដី ហើយមានសមត្ថកិច្ចមួយក្រុមចុះទៅពិនិត្យករណីស្លាប់នេះ។
អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ បានចែករំលែកព័ត៌មានបន្តព្រោងព្រាតរហូតដល់ជិត ២ម៉ឺនដង ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានរិះគន់ករណីនេះថា ជាទង្វើឃោឃៅដែលប្រព្រឹត្តដោយបុគ្គលមានអំណាចទៅលើប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងជម្លោះដីធ្លី។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានដ៏ល្បីផុសផុលនេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗគ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន ករណីនេះវាសាហាវយង់ឃ្នង់ព្រៃផ្សៃពេកហើយ”។

ព័ត៌មាននេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ បន្ទាប់ពីវាត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនេះ។ ព័ត៌មានដែលត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត ក៏ទទួលបានការចែករំលែកបន្តយ៉ាងច្រើនផងដែរ ហើយក៏មានប្រតិកម្មចម្រុះពីមហាជនទៀតផង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មានដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ខ្មែរខ្ញុំអើយ ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗគ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន ករណីនេះសាហាវយងឃ្នងព្រៃផ្សៃពេកហើយ”។


ក្រៅពីការផ្សព្វផ្សាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ ព័ត៌មាននេះក៏ត្រូវបានផ្សព្វផ្សាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។ សូមមើលព័ត៌មានដូចគ្នា ឬប្រហាក់ប្រហែលគ្នានេះតាមរយៈតំណភ្ជាប់មាននៅទីនេះ ១ (archived), ២ (archived), ៣ (archived), និង ៤ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការសម្ភាសប្រភពពាក់ព័ន្ធ និងពិនិត្យមើលការបកស្រាយរបស់អាជ្ញាធរមូលដ្ឋានអំពីករណីនេះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ព័ត៌មានអំពីករណីស្លាប់បុរសម្នាក់នៅឯខេត្តកោះកុងនោះ ត្រូវបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកមួយឈ្មោះ Koh Kong Hote News កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ទំព័រហ្វេសប៊ុកនេះ បានរៀបរាប់ថា បុរសម្នាក់ឈ្មោះ សាត់ សុខន អាយុ ៦៣ឆ្នាំ ដែលជាពលរដ្ឋនៅភូមិអណ្ដូងទឹក នៃឃុំអណ្ដូងទឹកនោះ ត្រូវបានគ្រឿងចក្រកាយដីកិនស្លាប់កាលពីប៉ុន្មានថ្ងៃមុន ហើយត្រូវបានក្រុមគ្រួសាររៀបចំបុណ្យ ៧ថ្ងៃកាលពីថ្ងៃម្សិលមិញនេះ។
បើតាមខ្លឹមសាររបស់ទំព័រហ្វេសប៊ុកដដែលនេះ អ្នកភូមិរូបនេះបានជួលគ្រឿងចក្រឱ្យទៅរានដី និងកាយធ្វើជាស្រះទឹកដើម្បីយកទឹកទៅប្រើប្រាស់ ប៉ុន្តែ ត្រូវបានគ្រឿងចក្រកិនស្លាប់ទៅវិញ។
ទោះជាយ៉ាងណា មូលហេតុនាំឱ្យបុរសម្នាក់នេះត្រូវបានគ្រឿងចក្រកិនស្លាប់នោះ ពុំត្រូវបានបញ្ជាក់នៅក្នុងព័ត៌មានរបស់ទំព័រហ្វេសប៊ុកខាងលើនេះឡើយ។ សូមមើលការរៀបរាប់របស់ទំព័រហ្វេសប៊ុកនោះទាំងស្រុងនៅទីនេះ។
បញ្ជាក់ប្រាប់ Fact Crescendo Cambodia តាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញ លោក យួន ឈីវ ដែលអះអាងថាជាអ្នកសារព័ត៌មាន និងជាចាងហ្វាងសារព័ត៌មាន Koh Kong Hot News បានប្រាប់ថា ការស្លាប់របស់អ្នកភូមិរូបនេះ មិនមែនពាក់ព័ន្ធនឹងការតវ៉ាទៅនឹងជម្លោះដីធ្លីណាមួយនោះឡើយ។
លោក ឈីវ បានបញ្ជាក់បន្ថែមថា លោកបានចុះទៅជួបអ្នកភូមិ និងគ្រួសារបុរសនោះ ដែលអះអាងថា លោក សាត សុខន បានជួលគ្រឿងចក្រឱ្យទៅកាយដីចម្ការរបស់លោក ដែលគ្មានទំនាស់ដីធ្លីអ្វីឡើយ។
បន្ទាប់ពីមានការផ្សព្វផ្សាយថា ប្រជាពលរដ្ឋកោះកុងម្នាក់នេះ ត្រូវបានកិនស្លាប់ជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីនោះ នគរបាលស្រុកបុទុមសាគរ បានច្រានចោលនូវការផ្សព្វផ្សាយបែបនេះ ដោយចាត់ទុកជាព័ត៌មាន “មិនពិត” និងគ្មានមូលដ្ឋានច្បាស់លាស់។

អធិការនគរបាលស្រុកបុទុមសាគរ លោក យេន តូច បានបញ្ជាក់បន្ថែមថា ការស្លាប់របស់អ្នកភូមិរូបនេះ មិនពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីនោះឡើយ ហើយលោកថា ការផ្សព្វផ្សាយព័ត៌មានថា បុរសម្នាក់នេះស្លាប់ដោយសារតែការពារដីធ្លីរបស់គាត់នោះ មិនមែនជាពិតនោះឡើយ។
មន្ត្រីនគរបាលរូបនេះបញ្ចាក់ថា សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនអ្នកបើកគ្រឿងចក្រកិនលើអ្នកភូមិរូបនេះ ខណៈអ្នកបើកគ្រឿងចក្រកំពុងរត់គេចខ្លួន ក្រោយករណីនេះកើតឡើង។
វីដេអូមួយដែលផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកទូរទស្សន៍ CTV8 ព័ត៌មាន បានបង្ហាញសមាជិកក្រុមគ្រួសាររបស់បុរសដែលត្រូវបានគ្រឿងចក្រកិនស្លាប់នោះ ដែលនិយាយថា ករណីមួយនេះ មិនពាក់ព័ន្ធនឹងជម្លោះដីធ្លីណាមួយនោះឡើយ។
ក្រុមគ្រួសារលោក សាត សាខន ក៏បានចាត់ទុកព័ត៌មានដែលផ្សាយថា ករណីនេះពាក់ព័ន្ធនឹងជម្លោះដីធ្លីនោះ គឺជាព័ត៌មាន “ក្លែងក្លាយ” ហើយបានប្រាប់ទៅមហាជនកុំឱ្យយល់ច្រឡំទៀត។
សហគមន៍មួយចំនួននៅស្រុកបទុមសាគរ ដូចជា សហគមន៍ជីខក្រោមជាដើម ត្រូវបានញាំញីដោយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជនមកជាច្រើនឆ្នាំហើយ។
មន្ត្រីឃ្លាំមើលការរំលោភបំពានសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា បានបញ្ជាក់ផងដែរថា ការស្លាប់របស់លោក សាត សាខន មិនពាក់ព័ន្ធនឹងជម្លោះដីធ្លីណាមួយឡើយ។
មន្ត្រីអង្កេតសិទ្ធិមនុស្សរូបនេះ បន្ថែមទៀតថា វាជាករណីបុគ្គលម្ចាស់ដីដែលបានជួលគ្រឿងចក្រទៅឈូសឆាយ និងជីកស្រះទឹកនៅលើដីផ្ទាល់ ហើយក៏ជួបប្រទះនឹងគ្រោះថ្នាក់នេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានបញ្ជាក់ថា ករណីស្លាប់លោក សាត សាខន មិនពាក់ព័ន្ធនឹងជម្លោះដីធ្លីនោះឡើយ។ ពួកគេបានចាត់ទុកការភ្ជាប់ករណីនេះនឹងជម្លោះដីធ្លីណាមួយជាព័ត៌មាន “ក្លែងក្លាយ” ។

Title:ការស្លាប់របស់បុរសម្នាក់នៅកោះកុងត្រូវបានផ្សព្វផ្សាយដោយមិនត្រឹមត្រូវនាំឱ្យយល់ច្រឡំ
Fact Check By: Jay UdomResult: False
