ទង្វើឆបោកតាមអនឡាញកំពុងរីករាលដាលក្នុងបណ្ដាញតេឡេក្រាម
ខណៈដែលបណ្ដាញទំនាក់ទំនងសង្គមត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រជាជនកម្ពុជានោះ កាលពីពេលថ្មីៗនេះ សារមួយដែលត្រូវបានផ្ញើតៗគ្នាតាមបណ្ដាញសង្គមតេឡេក្រាមនោះ បានលើកឡើងថា បារាំងផ្ដល់ជំនួយដល់ពលរដ្ឋកម្ពុជាម្នាក់ៗនូវទឹកប្រាក់ចំនួន ១,៥០០ដុល្លារ។ សារនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើននៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ព័ត៌មាននេះ គឺជាទង្វើឆបោកនៅលើបណ្ដាញសង្គម។
ការអះអាងលើបណ្ដាញសង្គម
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សារមួយដែលនិយាយថា ប្រទេសបារាំងផ្ដល់ជំនួយដល់កម្ពុជា និងអំណោយដល់ប្រជាជនកម្ពុជាម្នាក់ៗនូវទឹកប្រាក់ចំនួន ១,៥០០ដុល្លារ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គមតេឡេក្រាម(Telegram)។
សារនេះ ក៏បានណែនាំអ្នកប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាមឱ្យចុចទៅលើតំណភ្ជាប់មួយ ដែលត្រូវបានផ្ញើភ្ជាប់ជាមួយនឹងសារនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសារដែលត្រូវបានផ្ញើចូលតាមបណ្ដាញតេឡេក្រាម ដែលរៀបរាប់ថា «បារាំងផ្ដល់ជំនួយ ៣០០លានអឺរ៉ូលើវិស័យអាទិភាពមួយចំនួននៅកម្ពុជា អំណោយដល់ប្រជាពលរដ្ឋកម្ពុជា $1.500»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគណនីរបស់អ្នកប្រើប្រាស់តេឡេក្រាមម្នាក់ ដែលបានទទួលនូវសារចែកអំណោយតាមអនឡាញចំនួន ១ ៥០០ដុល្លារ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចោទសួរថា តើនេះគឺជាការពិតឬយ៉ាងណា ហើយចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតតាមរយៈព័ត៌មាននានាចុងក្រោយ និងការបកស្រាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃកម្ពុជា។
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់អំពីករណីការឆបោកបញ្ឆោតតាមរយៈ ប្រព័ន្ធសារអនឡាញមួយ (Phishing Link)។
ការផ្សព្វផ្សាយបែបនេះ បានកើតឡើងក្រោយពីមានការចែកចាយនូវដំណឹងនៃការផ្ដល់ជំនួយចំនួន ១ ៥០០ដុល្លារទៅកាន់អ្នកប្រើប្រាស់ប្រព័ន្ធតេឡេក្រាម (Telegram) កាលពីពេលថ្មីៗនេះ ដោយភ្ជាប់មកតំណមួយ សម្រាប់ឱ្យអ្នកប្រើប្រាស់ចុចបន្ដ ដើម្បីទទួលបាននូវការផ្ដល់ជូន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចតំណភ្ជាប់ក្លែងក្លាយ (Phishing Link and Update) នេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជា (បារាំងផ្ដល់ជំនួយ ៣០០លានអឺរ៉ូ លើវិស័យអទិភាពមួយចំនួនលើកម្ពុជា) បញ្ឆោតចុចលើតំណភ្ជាប់ណាមួយហើយ និងលួចយកនូវព័ត៌មានរបស់យើង»។
កន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជូនដំណឹងអំពីករណីបោកបញ្ឆោតជាច្រើនតាមប្រព័ន្ធអនឡាញ ហើយក្នុងនោះថ្មីៗនេះ ក៏បានជូនដំណឹង និងផ្សព្វផ្សាយអំពីទម្រង់ឆបោកបញ្ឆោតតាមរយៈសារ (Phishing Link) ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់មានការប្រុងប្រយ័ត្នបានខ្ពស់។
វិធីក្នុងការពារខ្លួនអ្នកពីការឆបោកតាមប្រព័ន្ធអនឡាញ៖
- កុំចែករំលែកពាក្យសម្ងាត់របស់អ្នកជាមួយនរណាម្នាក់
- រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាព
- កុំចុចលើតំណភ្ជាប់ដែលគួរឱ្យសង្ស័យ។
ដូចគ្នានេះដែរ ក្រុមការងាររបស់ Fact Crescendo Cambodia ក៏ធ្លាប់បានធ្វើការផ្ទៀងផ្ទាត់ទៅលើករណីបោកបញ្ឆោតតាមរយៈប្រព័ន្ធអនឡាញផងដែរ ដែលទាក់ទងទៅនឹងក្រុមហ៊ុនកូកាកូឡានៅកម្ពុជា បានផ្ដល់រង្វាន់ជាថ្នូរនឹងការចូលរួមស្រង់មតិតាមអនឡាញ។ សូមអានព័ត៌មានលម្អិតនៅទីនេះ (archived link)។
Fact Crescendo Cambodia Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ដំណឹង និងការអះអាងថា នឹងមានការចែកអំណោយដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ១ ៥០០ដុល្លារនេះ មិនមែនជាការពិតនោះឡើយ។ ការពិត មិនមានការរៀបចំកម្មវិធីចែកអំណោយតាមអនឡាញនោះទេ ហើយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញថា ការផ្សព្វផ្សាយបែបនេះ
Title:ទង្វើឆបោកតាមអនឡាញកំពុងរីករាលដាលក្នុងបណ្ដាញតេឡេក្រាម
Written By: Kakada SimResult: False