ព័ត៌មាន​ក្លែង​ក្លាយ​ថា ធនាគារ ABA ក្ស័យធន កំពុង​ផ្ទុះ​លើ​បណ្ដាញ​សង្គម

False Social

ថ្មីៗ​នេះ ករណី​អតិថិជន​ម្នាក់​ស្នើ​សុំ​ដក​លុយ​ពី​ធនាគារ ABA មិន​បាន​សម្រេច​នោះ បាន​ល្បី​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ បន្ទាប់​មក ស្រាប់​តែ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ថា ធនាគារ​មួយ​នេះ​ក្ស័យ​ធន​ហើយ ហើយ​បាន​ជំរុញ​អតិថិជន​ឱ្យ​ទៅ​ដក​លុយ​ចេញ​ពី​ធនាគារ​មួយនេះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា ​ជា​ការពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​នៅ​លើ​​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល ២​ថ្ងៃ​ចុងក្រោយ​នេះ បាន​អះអាង​ថា ធនាគារ ABA ដែល​ជា​ស្ថាប័ន​ផ្ដល់​កម្ចី​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា បាន​ក្ស័យ​ធន​ហើយ ហើយ​ការ​អះអាង​នេះ​ក៏​បាន​ជំរុញ​ទៅ​អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ​តម្កល់​នៅ​ធនាគារ​នេះ ឱ្យ​ដក​ប្រាក់​ចេញឱ្យ​បាន​ឆាប់​ដោយសារ​តែ​ស្ថានភាព​បែប​នេះ។

ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ដ៏​ច្រើន​ ដែល​ជឿ​ទៅ​តាម​ការ​អះអាង​នេះ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “សូម​បង​ប្អូន​នៅ​ស្រុក​ខ្មែរ​សូម​ប្រញាប់​រួស​រាន់​ទៅ​ដក​លុយ​ចេញ​ពី​ធនាគារ ABA ឱ្យ​អស់​ពីព្រោះ​ធនាគារ​នេះ​ក្ស័យ​ធន​ហើយ” ។

Facebook Post | Archived

ព័ត៌មាន​​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ដែរ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន ព្រម​ទាំង​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពីព័ត៌មាន​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤ រៀបរាប់​ថា “សូម​បង​ប្អូន​នៅ​ក្នុង​ស្រុក​ខ្មែរ​សូម​ប្រញាប់​រួស​រាន់​ទៅ​ដក​លុយ​ចេញ​ពី​ធនាគារ ABA ឱ្យ​អស់ ពីព្រោះ​ធនាគារ​នេះ​ក្ស័យធន​ហើយ”។

Facebook Post | Archived

ខាង​ក្រោម​គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដូច​គ្នា​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤។

Facebook Post | Archived

​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា ធនាគារ​ដ៏​ធំ​មួយ​នេះ អាច​ប្រឈម​មុខ​នឹង​ក្ស័យ​ធន ក្រោយ​ពី​គ្មាន​លុយ​បង្វិល​ទៅ​ឱ្យ​អតិថិជន​ម្នាក់ ដែល​បាន​ស្នើ​ដក​លុយ​ចេញ​ពី​ធនាគារ​មួយ​នេះ។

សារ​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាង ១០០​ដង និង​មានការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៤ ដែលសរសេរ​រៀបរាប់​ថា “ធនាគារ ABA៖ ស្រីអូន​ដាក់​លុយ​ចូល​ច្រើន​ណាស់ ស្រាប់​តែ​ខាង​ធនាគារ​គ្មាន​លុយ​បង្វិល​ឱ្យ​វិញ។ អាច​ប្រឈម​នឹង​ការ​ក្ស័យ​ធន!”។

Facebook Post | Archived

ចំណែក​ឯ​អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​ព័ត៌មាន​ថា ធនាគារ ABA គឺ​ជា​ធនាគារ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ពេញ​ថា American Banker Association ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៨៧៥ នៅ​ឯ​ទីក្រុង​ញូវយ៉ក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីព័ត៌មាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ABA ជា​ធនាគារ​របស់​សហរដ្ឋ​ងាមេរិក​ឈ្មោះ​ពេញ American Banker Association = ABA Bank បង្កើត​នៅ​ឆ្នាំ​១៨៧៥ ទីក្រុង​ញូវយ៉ក”។

Facebook Post | Archived

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈការ​ស្វែង​រក​ការបញ្ជាក់​ពី​ធនាគារ ABA និង​ភាគី​ពាក់​ព័ន្ធ​នឹង​វិស័យ​ធនាគារ​​នៅ​កម្ពុជា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ដើម្បី​ស្វែង​រក​ការពិត​ជុំ​វិញ​ព័ត៌មាន​នេះ Fact Cresendo Cambodia បាន​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់​ធនាគារ​ ABA កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៤។

ឆ្លើយ​តប​មក​កាន់ Fact Crescendo Cambodia ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​ធនាគារ ABA លោក ឃឹម សំបូររតនា បាន​អះអាង​ថា ព័ត៌មាន​ដែល​អះអាង​ថា​ធនាគារ ABA ក្ស័យ​ធន​នោះ គឺ​ជា​ព័ត៌មាន​​“ក្លែង​ក្លាយ” ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ឱ្យ​មហាជន​យល់​ច្រឡំ ហើយ​បាន​​ជំរុញ​ទៅ​មហាជន​កុំ​ជឿ​ទៅ​តាម​ព័ត៌មាន​​“ក្លែង​ក្លាយ”​នេះ។

មន្ត្រី​ធនាគារ​ ABA រូប​នេះ ក៏​បាន​ចង្អុល​បង្ហាញ​ទៅ​កាន់​សេចក្ដី​ប្រកាស​មួយ​របស់​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ចការ​ព័ត៌មាន និង​សាធារណមតិ (គ.ស.ព.ស.) ដែល​បាន​ចាត់​ទុក​ព័ត៌មាន​ខាង​លើ​ជា​​ព័ត៌មាន​ “ក្លែង​ក្លាយ” នៅ​មុន​ពេល​មន្ត្រី​ធនាគារ​បញ្ជាក់​មក​កាន់ Fact Crescendo Cambodia។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពី​សេចក្ដី​ជូន​ដំណឹង​របស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ “លេខាធិការដ្ឋាន គ.ស.ព.ស.” កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ករណី​បង្ហោះ​ផ្សាយថា ធនាគារ ABA ក្ស័យ​ធន គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ដូចនេះ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​កុំ​យល់​ច្រឡំ និង​សូម​ឈប់​បន្ត​ចែក​ចាយ​នូវ​ព័ត៌មាន​ក្លែង​ក្លាយ​ទាំង​នេះ​ទៀត”។

Facebook Post | Archived

ស្ថាប័ន​ផ្ដល់​កម្ចី​មួយ​ក្ស័យ​ធន មាន​ពាក់​ព័ន្ធ​នឹង​ស្ថាប័ន​ជាច្រើន​ទៀត ជាពិសេស​ការ​ជូន​ដំណឹង​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឬ​ធនាគារ​កណ្ដាល​របស់​ប្រទេស និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត។

ដើម្បី​បញ្ជាក់​ការ​ពិត​ថែម​ទៀត Fact Crescendo Cambodia បាន​ព្យាយាម​ស្វែង​រក​ការ​បំភ្លឺ​ផង​ដែរ​ពី​ខាង​ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា អ្នកស្រី ជា សិរី ប៉ុន្តែ ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល​នោះ​ឡើយ។

ទោះជាយ៉ាងណា ទំព័រហ្វេសប៊ុក​ផ្លូវការ​ធនាគារ​ជាតិ​កម្ពុជា បាន​ចែក​រំលែក​បន្ត​នូវ​សេចក្ដី​ជូន​ដំណឹង​របស់​ទំព័រ​ហ្វេសប៊ុក​លេខាធិការដ្ឋាន គ.ស.ព.ស. ដោយ​សរសេរ​រៀបរាប់​បន្ថែម​ថា “សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ”។

Facebook Post | Archived

Fact Crescendo Cambodia បាន​ស្នើ​សុំ​ការ​បញ្ជាក់​ផង​ដែរ​ពី​សមាគម​ធនាគារ​នៅ​កម្ពុជា (Association of Banks in Cambodia) ដែល​បាន​បញ្ជាក់​ថា ស្ថាប័ន​មួយ​នេះ​មិន​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ណា​មួយ​បញ្ជាក់​ពី​ការ​ក្ស័យ​ធន​របស់​ធនាគារ ABA នោះ​ឡើយ។ សមាគម​នេះ​ចាត់​ទុក​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ជា​ព័ត៌មាន “ក្លែង​ក្លាយ”។

ចំណែក​ឯ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) លោក កាំង តុងងី បាន​បញ្ជាក់​ប្រាប់ Fact Crescendo Cambodia ថា ព័ត៌មាន​ផ្សព្វផ្សាយ​ថា ធនាគារ ABA ក្ស័យ​ធន​នោះ គឺ​ជា​ព័ត៌មាន​ “ក្លែងក្លាយ” ព្រោះ​ស្ថាប័ន​របស់​លោក​មិន​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ផ្លូវការ​ណា​មួយ​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​នោះ​ឡើយ។

បើ​តាម​ប្រវត្តិ​សង្ខេប (archived) ​​ដែល​ដាក់​ផ្សាយ​នៅ​លើ​វេបសាយ​របស់​ខ្លួន​​នោះ ធនាគារ ABA ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៩៦ មាន​ឈ្មោះ​ថា ធនាគារ​​​វឌ្ឍនៈ​អាស៊ី​ ចំកាត់ ឬ​ភាសា​អង់គ្លេស​ហៅ​ថា Advanced Bank of Asia Limited។ បន្ទាប់​ពី​ធនាគារ National Bank of Canada ទិញ​យក​នៅ​ឆ្នាំ​២០១៤ ធនាគារ​នេះ ត្រូវ​បាន​​ផ្លាស់​ប្ដូរ​ឈ្មោះ​មក​ជា ABA ដែល​ជា​អក្សរ​កាត់​ពី​ឈ្មោះ​ពេញ។

ធនាគារ ABA គឺ​ជា​ស្ថាប័ន​ផ្ដល់​កម្ចី​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​ទិញ​យក​របស់ធនាគារ National Bank of Canada ដែល​មាន​ទ្រព្យ​សកម្ម​រហូត​ដល់ ៣២៤​ពាន់​ដុល្លារ​គិត​ត្រឹម​ដើម​ឆ្នាំ​២០២៤​នេះ។

ទោះជាយ៉ាងណា សារព័ត៌មានអាមេរិក Bloomberg (archived) បាន​ចុះ​ផ្សាយ​កាល​ពី​ខែ​មីនា​កន្លង​មក​​ថា ធនាគារ National Bank of Canada ដែល​ជា​ក្រុមហ៊ុម​មេ​នៃ​ធនាគារ ABA នៅ​កម្ពុជា បាន​ស្វែង​រក​ជម្រើស​លក់​ធនាគារ​មួយ​នេះ​ក្នុង​តម្លៃ​ជាង ២​ពាន់​លាន​ដុល្លារ ប៉ុន្តែ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​ចុះ​ផ្សាយ​ថា ធនាគារ​មួយ​នេះ បាន​បដិសេធ​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់ Bloomberg។

ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​ធនាគារ ABA លោក ឃឹម សំបូររតនា បញ្ជាក់​ថា ធនាគារ​នេះ​នៅ​តែ​បន្ត​ឈរ​ជើង​ជា​ធនាគារ​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​នៅ​កម្ពុជា ដោយ​មាន​ជំហរ​ហិរញ្ញវត្ថុ​រឹង​មាំ មាន​ដំណើរ​អាជីវកម្ម​ល្អ និង​មាន​ម្ចាស់​ភាគ​ហ៊ុន​ដ៏​រឹង​មាំ និង​ប្រកប​ដោយ​ទំនុក​ចិត្ត។

លោក សំបូរតនា បញ្ជាក់​បន្ថែម​ថា ប្រតិបត្តិការ​អាជីវកម្ម​របស់​ធនាគារ​នេះ នៅ​តែ​ដំណើរការ​ល្អ​មិន​រអាក់​រអួល​នោះ​ឡើយ ហើយ​ធនាគារ​នៅ​តែ​រក្សា​ការ​តាំង​ចិត្ត​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន។

ដើម្បី​បញ្ជាក់​បន្ថែម​ទៀត មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​រូប​នេះ បាន​ផ្ញើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ធនាគារ ABA ដែល​និយាយ​ថា ធនាគារ​នេះ​ទទួល​បាន​ប្រាក់​ចំណេញ​រហូត​ដល់ ២៧៦.៥​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២៣​កន្លង ដោយ​កើន​ឡើង ៥​ភាគរយ បើ​ធៀប​នឹង​ប្រាក់​ចំណេញ​ដែល​ធនាគារ​រក​បាន ២៦២.៣​លាន​ដុល្លារ​​នៅ​ឆ្នាំ​២០២២​កន្លង​មក។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Khmer Times កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ ​បាន​និយាយ​ថា ធនាគារ ABA ទទួល​បាន​ប្រាក់​ចំណេញ​រហូត​ដល់ ៧៩​លាន​ដុល្លារ​​នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២៤​នេះ ដោយ​កើន​ឡើង​រហូត​ដល់ ១៥​ភាគរយ បើ​ធៀប​នឹង​ប្រាក់​ចំណេញ ៦៩​លាន​ដុល្លារ ដែល​ធនាគារ​នេះ​រក​បាន​នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២៣​កន្លង​មក។ (archived)

សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន Khmer Times កាល​ពី​ឆ្នាំ​២០២៣​កន្លង​មក បាន​ឱ្យ​ដឹង​ថា ធនាគារ ABA ធនាគារ​អេស៊ីលីដា និង​ធនាគារ​កាណាឌីយ៉ា​ គឺ​ជា​ស្ថាប័ន​ផ្ដល់​កម្ចី​​ដែល​គ្រប​ដណ្ដប់​ទីផ្សារ​ហិរញ្ញវត្ថុ​ធំ​ជាង​គេនៅ​កម្ពុជា ក្នុង​នាម​ជា​ធនាគារ​មាន​ដើម​ទុន​ធំ​ជាងគេ មាន​ប្រាក់​ចំណេញ​ច្រើន​ជាងគេ មាន​ប្រាក់​បញ្ញើ​ច្រើន​ជាងគេ និង​ទំហំ​ឥណទាន​កម្ចី​ច្រើន​ជាងគេ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ព័ត៌មាន​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ មន្ត្រី​ធនាគារ ABA និង​ភាគី​ពាក់​ព័ន្ធ​នឹង​វិស័យ​ធនាគារ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា ព័ត៌មាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា ធនាគារ ABA ក្ស័យធន​នោះ គឺ​ជា​ព័ត៌មាន​ “ក្លែងក្លាយ”។ តំណាង​ធនាគារ ABA បញ្ជាក់​ថា ធនាគារ​មួយ​នេះ​នៅ​តែ​រក្សា​បាន​កំណើន​ប្រាក់​ចំណេញ​នៅ​ដើម​ឆ្នាំ​នេះ ហើយ​ប្ដេជ្ញា​ឈរ​ជើង​បម្រើ​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​យូរ​អង្វែង។

Avatar

Title:ព័ត៌មាន​ក្លែង​ក្លាយ​ថា ធនាគារ ABA ក្ស័យធន កំពុង​ផ្ទុះ​លើ​បណ្ដាញ​សង្គម

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *