​ចំនួន​ពលរដ្ឋ​​ចេញ​ទៅ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​​ក្នុង​ឆ្នាំ​នេះ​ មាន​ជាង ៨០​ភាគរយ

Misleading Political

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​រួច​រាល់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​​លើក​ឡើង​ថា​ ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត មាន​ចំនួន​ប្រហែល ៥០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​អះ​អាង​ថា ពលរដ្ឋ​ប្រហែល ៥០​ភាគរយ​ មិន​បាន​បោះ​ឆ្នោត​នោះ​ឡើយ​ដោយសារ​កត្តា​ផ្សេងៗ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​បង្ហោះ​ការ​អះ​អាង​បែប​នេះ​ជាមួយ​នឹង​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក ទម្លាក់​សន្លឹក​ឆ្នោត​ក្នុង​ប្រអប់​ដែក​​នៅ​ឯ​មណ្ឌល​បោះ​ឆ្នោត​មួយ​កន្លែង។

ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «ពលរដ្ឋ​ប្រមាណ​៥០%​ មិន​បាន​បោះឆ្នោត​ មួយ​ចំនួន​មិន​ទៅ​បោះ​ មួយ​ចំនួនពុំ​មា​នសិ​ទ្ធិបោះ​ឆ្នោត​ មិ​នមានឈ្មោះ​ក្នុង​បញ្ជី​ មួយ​ចំនួន​នៅ​ក្នុង​គុក​ មួយ​ចំនួន​នៅ​ក្រៅ​ស្រុក​ និង​មួយ​ចំនួន​ទៀតកំ​ពុងជា​ប់ចំ​ណាប់​ខ្មាំង​ ហ៊ុន ​សែន​ ដូច​ជាក្រុម​ លោក ​កឹម ​សុខា​ ជាដើម​…»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​ ដែល​បាន​បង្ហោះ​​ខាង​លើ​​ តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​សេចក្ដី​ប្រកាស​​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​​គ.ជ.ប. ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មិថុនា​កន្លង​ទៅ​​ បាន​បញ្ជាក់​ថា ​ចំនួន​ពលរដ្ឋ​បាន​ចេញ​ទៅ​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​ឆ្នាំ​២០២២​នេះ​ ​មាន​ចំនួន​ប្រមាណ​ ៨០.១៩ភាគរយ​នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប​។​

​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​នា​អាណត្តិ​ទី​៥​នេះ គឺ​ជា​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​សរុប​ជាង ​១​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេ​ស ដែល​ក្នុង​នោះ​មាន​មេឃុំ​ ចៅ​សង្កាត់ប្រមាណ ​១,៦៥២​រូប។​ លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​នេះ​ នឹង​ត្រូវ​ប្រកាស​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ខាង​មុខនេះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​​របស់ គ.ជ.ប. បាន​បង្ហាញ​នូវ​ទិន្នន័យ​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​អាណត្តិ​ទី​៥​។​

Facebook Link | Archived Link

របាយ​ការណ៍​នៃ​ចំនួន​ពលរដ្ឋ​​បាន​ចេញ​ទៅ​បោះ​ឆ្នោត​​ឆ្នាំ​២០២២​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ផង​ដែរ​ នៅ​លើ​គេហ​ទំព័រ​របស់​​គ.ជ.ប.។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​​អំពី​ចំនួន​សរុប​បឋម​នៃ​​ពលរដ្ឋ​ចេញ​ទៅ​​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។​

National Election Committee | Archived Link

ដូច​គ្នា​នេះ​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​បញ្ចប់​ការ​រាប់​សន្លឹក​ឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន​ គ.ជ.ប. ​បាន​បញ្ជាក់​ថា​ ចំនួន​ពលរដ្ឋ​​បាន​ចេញ​ទៅ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​អាណត្តិ​ទី៥​នេះ មាន​ចំនួន ​៧,១៧២,៤៤៨​នាក់ ​ស្មើ​ប្រមាណ​ ៧៧.៩១ភាគរយ ក្នុង​ចំណោម​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប្រមាណ ​៩​លាន ​២សែន​នាក់។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​របស់​ប្រធាន​ គ.ជ.ប ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​។​

Swift News | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ដូច​បាន​រៀប​រាប់​ខាងលើ​នេះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ គ.ជ.ប. បាន​ប្រកាស​ឱ្យ​ដឹង​ថា ចំនួន​ពលរដ្ឋ​​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី៥ មាន​ចំនួន ​៧,៣៨២,៤៤៩​នាក់ ស្មើ​ប្រមាណ​ ៨០.១៩ភាគរយ ក្នុង​ចំណោម​ពលរដ្ឋ​​ប្រមាណ ​៩​.​២លាន​​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់​គ.ជ.ប.។

Avatar

Title:​ចំនួន​ពលរដ្ឋ​​ចេញ​ទៅ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​​ក្នុង​ឆ្នាំ​នេះ​ មាន​ជាង ៨០​ភាគរយ

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.