
ខណៈរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានរងការរិះគន់អំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសរាប់ឆ្នាំមកហើយនោះ រូបថតមួយសន្លឹកបង្ហាញសៀវភៅ ដែលមានរូបថតលោក ហ៊ុន សែន និងចំណងជើងឈ្មោះ «កំពូលជនផ្ដាច់ការវ័យក្មេងនៅអាស៊ី» ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់។ រូបថតនេះ ត្រូវបានចែកចាយ និងមានការបញ្ចេញមតិចម្រុះជាច្រើនពីសំំណាក់អ្នកប្រើប្រាស់ថ្មីៗនេះ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដែលអ្នកប្រើប្រាស់ហ្វេសប៊ុក បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែកនូវរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពសៀវភៅ៤ក្បាល ដែលមានរូបលោក ហ៊ុន សែន ផ្តិតនៅលើគម្របសៀវភៅ។ សៀវភៅនោះ ត្រូវបានឃើញភ្ជាប់ជាមួយនឹងចំណងជើងជាភាសាខ្មែរថា «កំពូលជនផ្ដាច់ការវ័យក្មេងនៅអាស៊ី»។ ការបង្ហោះរូបថតបែបនេះ ត្រូវបានចែករំលែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានបង្ហាញរូបលោក ហ៊ុន សែន និងចំណងជើងសៀវភៅ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងរកឃើញថា សៀវភៅមួយក្បាលនេះ ពុំមានចំណងជើងបែបនេះនោះឡើយ។ រូបថតមួយសន្លឹកមានទម្រង់ និងសណ្ឋានដូចគ្នាមួយនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រក្រសួងព័ត៌មាន ផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។ គេហទំព័រដដែលខាងលើ បានបញ្ជាក់ឈ្មោះអ្នកនិពន្ធ និងចំណងជើងដើមថា «អ្នកយុទ្ធសាស្ដ្រវ័យក្មេងនៅអាស៊ី» ដែលត្រូវបាននិពន្ធដោយលោក ពៅ សុខ។

រូបភាពផ្តាមចេញពីគេហទំព័រខាងលើ ពុំបានបង្ហាញនូវចំណងជើង «កំពូលជនផ្ដាច់ការវ័យក្មេងនៅអាស៊ី» ដូចដែលបានបង្ហោះខាងលើនោះឡើយ។

Ministry of Information | Archived Link
ដូចគ្នានេះ តាមរយៈការសម្ភាសន៍មួយធ្វើឡើងដោយស្ថានីយទូរទស្សន៏ប៉ុស្ដិ៍ព័ត៍មាន BTV កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ លោក ពៅ សុខ ដែលជាអ្នកនិពន្ធសៀវភៅខាងលើ បានបញ្ជាក់ថាគោលបំណងនៃការបោះពុម្ពផ្សព្វផ្សាយរបស់លោកគឺចង់រក្សា និងតម្កល់ទុកជាប្រវត្តិសាស្រ្តនូវកេរដំណែល មរតក ដ៏អស្ចារ្យរបស់វីរបុរសស្នេហាជាតិខ្មែរ ដែលបានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជាតិ និងប្រជាជនកម្ពុជាផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបសម្ភាសន៍មួយរបស់អ្នកនិពន្ធសៀវភៅ នៅក្នុងកម្មវិធីទូរទស្សន៏ BTV។
BTV News Cambodia | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដូចដែលរៀបរាប់ខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ សៀវភៅមួយនេះ មានចំណងជើងដើមថា «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» ដែលត្រូវបាននិពន្ធរៀបរៀងដោយលោក ពៅ សុខ និងបោះពុម្ភផ្សព្វផ្សាយកាលពីឆ្នាំ២០២១កន្លងទៅនេះ។

Title:សៀវភៅមួយត្រូវបានកែប្រែចំណងជើងជា«កំពូលជនផ្ដាច់ការវ័យក្មេងនៅអាស៊ី»
Fact Check By: Kakada SimResult: Altered
