រូបភាព​​ AI ប្រណាំង​ក្រពើ​នៅ​ម៉ាឡេស៊ី​ បង្ក​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​បណ្ដាញ​សង្គម

Altered International

រូបភាព​បង្ហាញ​ការ​ប្រណាំង​ក្រពើ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ពិធី​ប្រណាំង​ក្រពើ​នៅ​រដ្ឋ​សារ៉ាវ៉ាក់​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ ដែល​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​រូបភាព​ទាំង​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបភាព​ដែល​បង្ហាញ​មនុស្ស​ជិះ​ក្រពើ​ប្រណាំង​គ្នា ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា វា​ជា​ពិធី​ប្រណាំង​ក្រពើ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​រដ្ឋ​សារ៉ាវ៉ាក់ (Sarawak) ប្រទេស​ម៉ាឡេស៊ី។

រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​​មតិ​យោបល់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដោយ​ជឿ​ថា វា​ជា​ព្រឹត្តិការណ៍​ប្រណាំង​សត្វ​ក្រពើ​ពិត​ប្រាកដ​ ដែល​មាន​តែ​នៅ​ក្នុង​រដ្ឋ​សារ៉ាវ៉ាក់តែ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​កាបង្ហោះ​រូបភាព​ប្រណាំង​ក្រពើ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​សប្ដាហ៍​មុន​ជាមួយ​សំណេរ​រៀបរាប់​ថា “ចង់​បបួល​មិត្ត​ភក្តិ​ និង​ប្អូនៗ​ទៅ​ទស្សនា​ការ​ប្រណាំង​ក្រពើ​ម្ដង…”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះរូបភាព​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “Meanwhile in Sarawak, Malaysia”។

Facebook Post | Archived Link

រូបភាព និង​សំណេរ​បែប​នេះ ត្រូវ​បាន​បង្ហោះ​ដំបូង​ដោយ​ទំព័រ​ហ្វេសប៊ុក SouthEast Asian Gallery កាល​ពី​ដើម​ខែ​មីនា​នេះ ហើយ​ត្រូវ​បាន​ចែក​ចាយ​បន្ត​ដល់​ទៅ​ជិត ៥​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដោយ​ចោទ​សួរ​ថា តើ​រូបភាព​ទាំង​នេះ​គឺ​ជា​​ពិត​ឬ​យ៉ាងណា។

Facebook Post | Archived Link

រូបភាព​ប្រណាំង​ក្រពើ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ ដូចជា​បណ្ដាញ​សង្គម X (អតីត Twitter) បណ្ដាញ​សង្គម Threads និង Instagram ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបភាព​ប្រណាំង​ក្រពើ​នៅ​លើ​បណ្ដាញ​សង្គម X កាល​ពី​ខែ​មករា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា វា​រូបភាព​នៃ​ពិធ​ប្រណាំង​ក្រពើ​អន្តរជាតិ​ឆ្នាំ​២០២៥។

X Tweet | Archived Link

ខាង​ក្រោម​នេះគឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម Threads កាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ​ជាមួយ​សំណេរ​ជា​ភាសា​ម៉ាឡេ ដែល​រៀបរាប់​ថា ពិធី​ប្រណាំង​ក្រពើ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី។

Threads Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម Instagram កាល​ពី​ចុង​ខែ​មករា​កន្លងមក​ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​ម៉ាឡេ​ថា វា​ជា​ពិធី​ប្រណាំង​ក្រពើ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី។

Instagram Post | Archived Link

ដោយសារ​តែ​រូបភាព និង​ការ​អះអាង​ក្នុង​ន័យ​ដូច​គ្នា​នេះ ត្រូវ​បាន​បង្ហោះ​​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម គេ​អាច​រក​មើល​រូបភាព និង​ការ​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​ផ្សេង​ទៀត​នៅ​ទីនេះ៖ Link 1 (archived), Link 2 (archived), និង Link 3 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ​តាមរយៈ​ការដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបភាព​ពិធី​ប្រណាំង​ក្រពើ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ក្រុម​បណ្ដាញ​សង្គមមួយ​ឈ្មោះ​ថា Prompters Malaya កាល​ពីថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៥។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​រូបភាព​នេះ​ចូល​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ខាង​លើ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​ម៉ាឡេ​ក្នុង​ន័យ​ថា រដ្ឋ​សារ៉ាវ៉ាក់​របស់​ម៉ាឡេស៊ី​នឹង​រៀបចំ​ពិធី​ប្រណាំង​ក្រពើ​អន្តរជាតិ​ឆ្នាំ​២០២៥ នៅ​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​កុម្ភៈ ជា​កាល​បរិច្ឆេទ​មិន​មាន​នៅ​លើ​ប្រតិទិន​ប្រចាំ​ឆ្នាំ​២០២៥​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ខ្លឹមសារ​សំណេរ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ឈ្មោះ Prompters Malaya កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៥ ដែល​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​ក្រពើ​មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។

Facebook Post | Archived Link

រូបភាព​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ Wow To Sarawak ដែល​បាន​បញ្ជាក់​ថា រូបភាព​ទាំង​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត (AI)​តែ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ខ្លឹមសារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​បញ្ជាក់​ថា “AI Highlights Kuching”។

Facebook Post | Archived Link

ដើម្បី​បញ្ជាក់​ថា រូបភាព​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត​ឬយ៉ាង​ណា​នោះ យើង​យក​រូបភាព​ទាំង​នេះ​ដាក់​ឱ្យ​កម្មវិធី​វិភាគ​មាតិកា AI មួយ​ចំនួន ហើយ​លទ្ធផល​បង្ហាញ​ថា រូបភាព​ទាំង​នេះ​ពិត​ជា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ AI ពិត​ប្រាកដ​មែន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ដោយ​វេបសាយ​វិភាគ​មាតិកា​ AI ដែល​បង្ហាញ​ថា រូបភាព​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ AI។

ដោយសារ​តែ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ​ចំពោះ​រូបភាព​ទាំង​នេះ សារព័ត៌មាន​ម៉ាឡេស៊ី Focus Malaysia (archived) បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ផ្ទៀង​ផ្ទាត់​ការ​ពិត​មួយ​ផង​ដែរ ដោយ​បញ្ជាក់​ថា រូបភាព​ទាំង​នេះ​មិន​មែន​ជា​ព្រឹត្តិការណ៍​កើត​ឡើង​ពិត​ប្រាកដ​នៅ​រដ្ឋ​សារ៉ាវ៉ាក់​របស់​ម៉ាឡេស៊ី​នោះ​ឡើយ ប៉ុន្តែ សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ AI តែ​ប៉ុណ្ណោះ។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបភាព​ដែល​បង្ហាញ​មនុស្ស​ជិះ​លើ​ខ្នង​ក្រពើ​ប្រណាំង​គ្នា​នោះ មិន​មែន​ជា​ហេតុការណ៍​ជាក់​ស្ដែង​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​សារ៉ាវ៉ាក់ ប្រទេស​ម៉ាឡេស៊ី​នោះ​ឡើយ។ រូបភាព​ទាំង​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត (AI) ​តែ​ប៉ុណ្ណោះ។

Avatar

Title:រូបភាព​​ AI ប្រណាំង​ក្រពើ​នៅ​ម៉ាឡេស៊ី​ បង្ក​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​បណ្ដាញ​សង្គម

Written By: Jay Udom  

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *