កោះ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ ត្រូវ​បាន​កាត់​ត​​ដោយ​មាន​សំណង់​អគារ​នៅ​ពី​លើ​

Altered International

រូបថត និង​វីដេអូ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​ប្រទេស​ថៃ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​ទាំង​រូបថត ឬ​វីដេអូ​ដែល​​មិន​ត្រូវ​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ផង​ដែរ។

នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​កោះ​មួយ​ដែល​មាន​សំណង់​អគារ​ និង​ជណ្តើរ​ពី​លើ​កំពូល​រហូត​ដល់​ផ្ទៃ​ទឹក​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នានា​ជា​ច្រើន​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Beautiful Craft បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កោះ​មួយ​ ដែល​មាន​អគារ​សាង​សង់​នៅ​ពី​លើ​ ដោយ​មាន​ជណ្តើរ​ផង​ដែរ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ផង​ដែរ​។​

រូប​ថត​ខាង​លើ​នេះ​អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​កំពូល​កោះ​មួយ​ ជាមួយ​នឹង​សំណង់​នៅ​ពី​លើ​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ istockphoto ដែល​ជា​គេហ​ទំព័រ​សោត​ទស្សន៍​ដ៏​ធំ​មួយ​។​ គេហ​ទំព័រ​ដដែល​នេះ​ បាន​បង្ហាញ​ថា ​កោះ​មួយ​នេះ​ មាន​ទិដ្ឋ​ភាព​សំណង់​អគារ​នៅ​ពី​លើ​នោះ​ឡើយ។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Ao Phang Nga National Park. Located near Phuket in Thailand. Famous landmark and famous travel destination»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ឧទ្យាន​ជាតិ​ផាំង​ង៉ា​ មាន​ទីតាំង​នៅ​ជិត​ភូកេត​ប្រទេស​ថៃ​ ដែល​ជា​កន្លែង​ទេសចរណ៍​ និង​គោល​ដៅ​ដ៏​ល្បី​ល្បាញ​»។​

Istockphoto Link | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​​ដែល​បាន​បង្ហាញ​ពី​ទិដ្ឋភាពកោះ​​មួយ​នេះ​ពី​ចម្ងាយ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​គេហទំព័រ​ Alamy ផង​ដែរ​។​ គេហ​ទំព័រ​ដដែល​នេះ​ បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​រូប​ថត​ខាង​លើ​នេះ​​ជា​ភាសា​អង់​គ្លេស​ថា​ «James Bond Rock in the Phang Nga Bay, Thailand, Asia»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «កោះ​ James Bond, ឈូង​សមុទ្រ​ផាំង​ង៉ា​, ប្រទេស​ថៃ​,​ អាស៊ី​»។

Alamy Link | Archived Link

តើ​កោះ​ James Bond ស្ថិត​នៅ​ទី​ណា​?​

កោះ​ James Bond ឬ​កោះ​តាពូ​ (James Bond Island or Tapu Island) ស្ថិត​នៅ​ក្នុង​ខេត្ត​ផាំង​ង៉ា​ (Phang Nga) ប្រទេស​​ថៃ​ ដោយ​មាន​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូ​ម៉ែត្រ​ពី​​កោះ​ភូ​កេត​។​ កោះ​មួយ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​រឿង​មួយ​មាន​ចំណង​ជើង​ថា​ “The Man with the Golden Gun” ដែល​ផ្សព្វ​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៧៤​មក​ម្ល៉េះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ Google Map បង្ហាញ​អំពី​ទិដ្ឋ​ភាព​រួម​នៃ​កោះ​ James Bond ដែល​ពុំ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​សំណង់​អគារ​នៅ​ពី​លើ​នោះ​ទេ​។​

Google Map | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ការ​ពិតច្បាប់​ដើម​នៃ​រូប​ថត​មួយ​សន្លឹកនេះ​ គឺ​ជា​ទិដ្ឋ​ភាព​កោះ​ James Bond ឬ​កោះ​តាពូ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ផាំង​ង៉ា​ (Phang Nga province) ប្រទេស​ថៃ​។​ កោះ​មួយ​នេះ​ ពុំ​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សំណង់​អគារ​នៅ​ពី​លើ​នោះ​ឡើយ​។​

Avatar

Title:កោះ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ ត្រូវ​បាន​កាត់​ត​​ដោយ​មាន​សំណង់​អគារ​នៅ​ពី​លើ​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.