នៅ​ដើម​ខែ​នេះ អនុ​ប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris ត្រូវ​បាន​តែង​តាំង​ជា​បេក្ខនារី​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​អាមេរិក​នា​ពេល​ខាង​មុខ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​អ្នកស្រី​ស្លៀក​ខើច​ខ្លី​ស៊ិចស៊ី ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា រូបថត​អ្នកស្រី Harris កាល​ពី​ធ្វើការ​ជា​នារី​រកស៊ី​ផ្លូវ​ភេទ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​អនុ​ប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris ស្លៀក​ឈុត​ខើច​ខ្លី ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​រូបថត​របស់​គាត់​នៅ​ពេល​គាត់​ធ្វើ​ជា​នារីពេស្យា​កាល​ពីអតីត​កាល។

រូបថត​ជាមួយ​ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “នេះ​ខាម៉ាឡា ហារីស កាល​នៅ​ជា​ស្រី​រក​ស៊ី​ផ្លូវ​ភេទ”។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរនៅ​ក្នុង​ថ្ងៃ​តែ​មួយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត និង​សំណេរ​ដូច​គ្នា​ទាំង​ស្រុង។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​ដូចជា X(Twitter) និង Threads ជា​ដើម ហើយ​ក៏​ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផងដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម X កាល​ពី​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​២០២៤ ដែល​ចោទ​សួរ​ជា​ភាសា​អង់គ្លេស​ថា “Is this person really being considered for our next President?”។

X Tweet | Archived

ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ដូច​គ្នា​នេះ​នៅ​លើ​បណ្ដាញ​សង្គម Threads ដែល​ជា​បណ្ដាញ​សង្គម​ថ្មី​ស្រឡាង​មួយ​របស់​ក្រុមហ៊ុន Meta។

https://www.threads.net/@ronnyclaybern/post/C-cf0KRuzyV?xmt=AQGzBBLJ4ZWnMmul5x9EukXC6fn43OkkLTdhyF_gU6xAVQ

Threads Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search និង​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបភាព AI ដែល​នាំ​ឱ្យ​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ជាច្រើន​របស់​អ្នកស្រី Kamala Harris ដែល​បង្កើត​ឡើង​ដោយ​កម្មវិធី AI ​ត្រូវ​បាន​បង្ហោះ​នៅលើ​ប្រព័ន្ធ​អ៊ិនធឹណិត។

ការ​ផ្ទៀង​ផ្ទាត់​មួយ​របស់​បណ្ដាញ​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ​អ៊ីតាលី FACTA NEWS បាន​បញ្ជាក់​ថា រូបថត​ដែល​បង្ហាញ​អ្នកស្រី Kamala Harris ស្លៀក​ខើច​ខ្លី​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី AI។

នៅ​ក្នុង​ដំណើរ​ការ​ត្រួត​ពិនិត្យ​រូបថត​នេះ ​វេបសាយ​​ផ្ទៀង​ផ្ទាត់​រូបថត AI មួយ​ហៅ​ថា SightEngine បាន​បញ្ជាក់​ថា រូបថត​ទាំង​ពីរ​សន្លឹក​ដែល​បង្ហាញ​អ្នកស្រី Harris ស្លៀក​ខើច​ខ្លី​ស៊ិចស៊ី​នេះ គឺ​ជា​រូបភាព​បង្កើត​ឡើង​ដោយ​កម្មវិធី AI។

រូបថត​នេះ​ក៏​ត្រូវ​បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ដោយ​សារព័ត៌មាន​មួយ​ទៀត​របស់​អ៊ីតាលី​ផង​ដែរ ហើយ​រក​ឃើញ​ថា វា​ជា​រូបថត​បង្កើត​ឡើង​ដោយ AI តែ​ប៉ុណ្ណោះ។

ប៉ុន្មាន​ឆ្នាំ​មក​ហើយ អនុ​ប្រធានាធិបតី​អាមេរិក​រូប​នេះ ត្រូវ​បាន​គេ​និយាយ​បរិហា​ថា អ្នកស្រី​ធ្លាប់​ធ្វើការ​ជា​នារី​រកស៊ី​ផ្លូវ​ភេទ ប៉ុន្តែ សារព័ត៌មាន​ធំៗ ដូចជា DW របស់​អាល្លឺម៉ង់ និង EURONEWS របស់​បារាំង បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​នេះ និង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​បង្ហោះ​រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​មែន​ជា​រូបជាក់​ស្ដែង​របស់​អនុ​ប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris នោះ​ឡើយ។ រូបថត​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី AI​តែ​ប៉ុណ្ណោះ។

Avatar

Title:រូបថត​ Kamala Harris ស្លៀក​ខើច​ខ្លី ត្រូវ​បាន​ចែក​ចាយ​ព្រាត​លើ​បណ្ដាញ​សង្គម

Fact Check By: Jay Udom

Result: Altered