កញ្ញា ឈឹម ស៊ីថរ កាន់​ក្រដាស​សារពភាព​ទោស​កំហុស គឺ​ជា​រូបភាព​កាត់​ត

Altered Social

មេដឹកនាំ​សហជីព​ការពារ​សិទ្ធិ​ការងារ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ចាប់​ខ្លួន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត ២​សន្លឹក ដែល​បង្ហាញ​កញ្ញា ស៊ីថរ កាន់​ក្រដាស​មាន​សំណេរ​ថា នាង​ជាប់​ពន្ធនាគារ​ដោយសារ​តែ​ជា​មេ​ក្លោង​ញុះ​ញង់​ឱ្យ​មាន​ការ​តវ៉ា។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ពុធ​​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ ចៅ ​តូច បាន​​បង្ហោះ​រូបថត ២​សន្លឹក​ជា​បន្ត​បន្ទាប់។ រូបថត​ ១​សន្លឹក​ បង្ហាញ​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ប្រចាំ​នៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ កាន់​បដា​ដែល​សរសេរ​រៀប​រាប់​ថា នាង​ជា​មេ​ក្លោង​ញុះ​ញង់​ឱ្យ​មាន​បាតុកម្ម​​តវ៉ា​នឹង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ផ្សេងៗ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បង្ហាញ​កញ្ញា ឈឹម ស៊ីថរ កាន់​បដា​សរសេរ​រៀបរាប់​ថា «ខ្ញុំ​ជាប់​គុក​ដោយសារ​ជា​មេ​ក្លោង​ញុះ​ញង់ និង​រៀបចំ​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​តវ៉ា​ខុស​ច្បាប់»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ទៀត ដែល​បង្ហាញ​មេដឹកនាំ​សហជីព​ កញ្ញា ឈឹម ស៊ីថរ កាន់​បដា​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «I am imprison after inciting to commit a felony in society.»។ រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ផង​ដែរ។

Facebook Post | Archived Link

រូបថត​ទាំង​ពីរ​សន្លឹក​នេះ ក៏​ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​យក​ទៅ​បង្ហោះ និង​ចែក​ចាយ​បន្ត​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​បាន​បង្ហោះ​រូបថត​ទាំង​ពីរ​សន្លឹក។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ​តាម​រយៈ​​ Google Reverse Image ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​ច្បាប់​ដើម និង​រឿង​រ៉ាវ​នៃ​ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​រូប​នេះ​ផង​ដែរ។

រូបថត​ច្បាប់ដើម ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នកស្រី ចក់ សុភាព នាយិកា​​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ។

អ្នកស្រី ចក់ សុភាព បាន​បញ្ជាក់​ប្រាប់ Fact Crescendo Cambodia ថា រូបថត ២​សន្លឹក​ដែល​អ្នកស្រី​បង្ហោះ​លើ​បណ្ដាញ​សង្គម គឺ​ជា​រូបថត​ត្រឹម​ត្រូវ ដែល​ថត​ដោយ​កញ្ញា ឈឹម ស៊ីថរ មុន​នាង​ត្រូវ​បាន​ចាប់​ខ្លួន។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា ចំណែក​រូបថត ២​សន្លឹក​ទៀត​ដូច​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ចៅ តូច គឺ​ជា​រូបថត​កាត់​ត មាន​បំណង​វាយ​ប្រហារ​ទៅ​លើ​កញ្ញា ស៊ីថរ។

ខាង​ក្រោម​នេះ គឺ​ជា​ប៉ុស្តិ៍​របស់​អ្នកស្រី ចក់ សុភាព ជាមួយ​សំណេរ​រៀប​រាប់​អំពី​កញ្ញា ឈឹម ស៊ីថរ បន្ទាប់​ពី​ស្ត្រី​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបថត​ត្រូវ​បាន​កាត់​ត​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ចៅ តូច និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នកស្រី ចក់ សុភាព

តើ​កញ្ញា ឈឹម ស៊ីថរ ជា​នរណា?

កញ្ញា ឈឹម ស៊ីថរ អាយុ ៣៤​ឆ្នាំ គឺ​ជា​សកម្មជន​ការពារ​សិទ្ធិ​ការងារដែល​មាន​តួនាទី​ជា​ប្រធាន​សហជីព​ទ្រ​ទ្រង់​​​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ប្រចាំ​នៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍។

កញ្ញា ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា នៅ​ពេល​នាង​ចូល​រួម​កូដកម្ម​ជាមួយ​អតីត​បុគ្គលិក និង​កម្មករ​​ណាហ្គា​វើលដ៍​រាប់​រយ​នាក់​ទៀត ដែល​បាន​តវ៉ា​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន។

អ្នក​ការពារ​សិទ្ធិ​ការងារ​រូប​នេះ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​បង្ក​ឱ្យ​ប៉ះ​ពាល់​សន្តិសុខ​» និង​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​ដាក់​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន។

អ្នកស្រី ចក់ សុភាព បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ក៏​បាន​ចាប់​ខ្លួន​កូដករ​ចំនួន ៣០​នាក់​ទៀត​ផង​ដែរ ប៉ុន្តែ កូដករ ២២​នាក់ ត្រូវ​បាន​ដោះ​លែង​វិញ ហើយ​កូដករ ៨​នាក់​ទៀត​រួម​ទាំង​កញ្ញា ស៊ីថរ ផង ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់ និង​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។

បុគ្គលិក​កម្មករ​រាប់​រយ​នាក់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍​បញ្ចប់​កិច្ច​សន្យា បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​កន្លង​មក​នេះ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​គោរព​តាម​ច្បាប់​ការងារ​របស់​កម្ពុជា។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​ឃើញ​ថា ​រូបថត ២​សន្លឹក​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ គឺ​ជា​រូបថត​កាត់​ត។ កញ្ញា ឈឹម ស៊ីថរ សកម្មជន​ការពារ​សិទ្ធិ​ការងារ មិន​បាន​​កាន់​ក្រដាស​​​សរសេរ​ថា នាង​ជា​មេ​ក្លោង​ញុះ​ញង់​ឱ្យ​មាន​ការ​តវ៉ា​នោះ​ឡើយ។ រូបថត​ច្បាប់​ដើម ២​សន្លឹក បង្ហាញ​កញ្ញា ឈឹម ស៊ីថរ កាន់​​ក្រដាស​មាន​សំណេរ​ថា «ខ្ញុំ​ជាប់​គុក​ដោយសារ​ទាមទារ​ឱ្យ​ណាហ្គា​គោរព​សិទ្ធិ​សហជីព» និង​សំណរ​ជា​ភាសា​អង់គ្លេស «I am imprison after demanding Naga Corp to respect Union Rights!»។

Avatar

Title:កញ្ញា ឈឹម ស៊ីថរ កាន់​ក្រដាស​សារពភាព​ទោស​កំហុស គឺ​ជា​រូបភាព​កាត់​ត

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.