វីដេអូអ្នកបើកបរងងុយគេងត្រូវបាន​គេ​ផ្សាយ​ថា ជាដើមហេតុនៃករណីភ្លើងឆេះឡានដឹកសិស្សថៃ

By :  Jay Udom
Update: 2024-10-05 05:20 GMT


បន្ទាប់​ពី​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​រថយន្ត​ដឹក​កូន​សិស្ស​សាលា​ថៃ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ វីដេអូ​កាមេរ៉ា​សុវត្ថិភាព​មួយ​ដែល​បង្ហាញ​អ្នក​បើក​បរ​ងងុយ​គេង​អំឡុង​ពេល​កំពុង​បញ្ជា​យានយន្ត​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ព្រម​ជាមួយ​ការ​អះអាង​ថា វា​ជា​ស្ថានភាព​អ្នក​បើក​បរ​ឡាន​ក្រុង​ដឹក​សិស្ស​ថៃ​ដែលជា​ដើម​ហេតុ​នាំ​ឱ្យ​កើត​ឧប្បទ្ទវហេតុ​ភ្លើង​ឆេះ​នៅ​ដើម​សប្ដាហ៍​នេះ។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​​ជាង ២​​នាទី​ដែល​​បង្ហាញ​​ស្ថានភាព​បើក​បរ​របស់​អ្នក​បើក​រថយន្ត​ក្រុង​មួយ ត្រូវ​បាន​គេ​អះអាង​ថា វា​ជា​វីដេអូ​បាន​មក​ពី​កាមេរ៉ា​សុវត្ថិភាព​​ភ្ជាប់​ជាមួយ​រថយន្ត​ក្រុង​ដឹក​កូន​សិស្ស​ថៃ ដែល​បង្ហាញ​អ្នក​បើកបរ​ងងុយ​គេង​អំឡុង​ពេក​កាន់​ចង្កូត​រថយន្ត។

ការ​អះអាង​បន្ត​ថា ស្ថានភាព​អ្នក​បើកបរ​បែប​នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​រថយន្ត​ក្រុង​នោះ​ជួប​ឧប្បទ្ទវហេតុ​ភ្លើង​ឆេះ ដែល​បណ្ដាល​យ៉ាង​មនុស្ស​យ៉ាង​តិច ២៣​នាក់​ស្លាប់​នៅ​ក្នុង​អណ្ដាត​ភ្លើង។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គមដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដែល​បាន​បញ្ចេញ​​ប្រតិកម្ម​ចម្រុះ​បែប និង​មតិ​យោបល់​ជាច្រើន​ ដោយ​ជឿ​ថា វីដេអូ​នេះ​ពិត​ជា​​មូល​ហេតុ​បណ្ដាល​ឱ្យ​កើត​ហេតុការណ៍​ដ៏​រន្ធត់​នេះ​​កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២៤។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០២៤ តែ​ ៣​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​​ពី​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​ក្រុង​ដឹក​សិស្ស​តូចៗ​នៅ​ជាយ​រាជធានី​​បាងកក។

Full View


Facebook Post | Archived Link

វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​ចាប់​តាំង​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “វីដេអូ​បង្ហាញ​ដោយ​កាមេរ៉ា​សុវត្ថិភាព​ករណី​ឆេះ​ឡាន​ដឹក​សិស្ស គឺ​ដើម​ហេតុ​មក​ពី​តៃកុង​ឡាន​ងងុយ​ដេក”។

Full View


Facebook Post | Archived Link

ខាង​​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

Full View



ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការរក​មើល​ប្រភព​ដើម​នៃ​វីដេអូ​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​ដំណើរ​ការ​ផ្ទៀង​ផ្ទាត់​នេះ យើង​ពិនិត្យ​ឃើញ​ថា វីដេអូ​ឃ្លីប​មួយ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​​ភ្ជាប់​មក​ជាមួយ​ពាណិជ្ជសញ្ញា​ទំព័រ​ហ្វេសប៊ុក TNB NEWS។

ដោយ​បាន​ទាក់​ទង​តាម​លេខ​ទូរស័ព្ទ​ដែល​ភ្ជាប់​នឹង​ទំព័រ​ហ្វេសប៊ុក TNB NEWS បុរស​ម្នាក់​បាន​ទទួល​ស្គាល់​ថា វីដេអូ​ដែល​មាន​ស្លាក​សញ្ញា​ TNB NEWS នោះ ពិត​ជា​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សារព័ត៌មាន​មួយ​នេះ​មែន។

ទោះជាយ៉ាងណា បុរស​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​នោះ បាន​ឱ្យ​ដឹង​ទៀត​ថា វីដេអូ​ដែល​បង្ហាញ​ស្ថានភាព​ងងុយ​ដេក​របស់​អ្នក​បើក​បរ​រថយន្ត​មួយ​គ្រឿង​នោះ ត្រូវ​បាន​ដក​ចេញ​ពី​ការ​ផ្សាយ​វិញ បន្ទាប់​ពី​រក​ឃើញ​ថា វីដេអូ​នោះ​ គឺ​ជា​ករណី​ផ្សេង​ដែល​បាន​កើត​ឡើង​មុន​ហេតុការណ៍​ឆេះ​រថយន្ត​ក្រុង​ដឹក​កូន​សិស្ស​ថៃ​ទៅ​ទៀត

សូម​ស្ដាប់​ការ​បក​ស្រាយ​របស់​គាត់​ខាង​ក្រោម​នេះ៖


Full View



Archived Link

សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ប្រព័ន្ធផ្សព្វផ្សាយ​ថៃ បាន​ឱ្យ​ដឹង​ថា ដើម​ហេតុ​បណ្ដាល​ឱ្យ​រថយន្ត​ដឹក​សិស្ស និង​គ្រូ​ថៃ​ត្រូវ​ភ្លើង​ឆាប​ឆេះ​នោះ គឺ​កើត​ចេញ​ពី​ការ​ផ្ទុក​ធុង​ហ្គាស​ច្រើន​រហូត​ដល់ ១១​ធុង ដែល​ចំនួន​នេះ​លើស​ចំនួន​កំណត់​ត្រឹម​តែ ៦​ធុង​សម្រាប់​រថយន្ត​ធុន​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ធុង​ហ្គាស​ទី​៨​នៃ​រថយន្ត​ក្រុង​នោះ បាន​ធ្លាយ​ហ្គាស​ចេញ​មក​ក្រៅ​ទើប​បណ្ដាល​ឱ្យ​ភ្លើង​ឆាប​ឆេះ​ឡើង​ទៅ​លើ​រថយន្ត​ក្រុង​នោះ ហើយ​ទ្វារ​សង្គ្រោះ​បន្ទាន់​រថយន្ត​ក្រុង​នេះ ក៏​មិន​ដំណើរ​ការ​ទៀត ទើប​ធ្វើ​ឱ្យ​កូន​សិស្ស​តូចៗ និង​គ្រូ​ៗ​នៅ​ក្នុង​រថយន្ត​នោះ ជាប់​នៅ​ក្នុង​រថយន្ត​រហូត​ដល់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់។

សារព័ត៌មាន​ថៃ បាន​ឱ្យ​ដឹង​ទៀត​ថា មិន​មែន​មាន​តែ​រថយន្ត​ដែល​ផ្ទុះ​ឆេះ​នោះ​ទេ​ដែល​ផ្ទុក​ធុង​ហ្គាស​លើស​ការ​កំណត់ រថយន្ត​ដទៃ​ទៀត​ដែល​ដឹក​សិស្ស និង​គ្រូៗ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នោះ ក៏​ផ្ទុក​ធុង​ហ្គាស​រហូត​ដល់ ១១​ធុង​នៅ​ក្នុង​រថយន្ត​ក្រុង​នីមួយៗ។

បើ​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹក​ជញ្ជូន និង​ទេសចរណ៍​ឈ្មោះ​ថា “ជិនបុត្រ​ធួរ៍” បាន​ព្យាយាម​ទម្លាក់​ធុង​ហ្គាស​ដែល​លើស​ចំនួន​កំណត់​ចេញ​ពី​រថយន្ត​ក្រុង​ទាំង​នោះ ប៉ុន្តែ សមត្ថកិច្ច និង​ក្រុម​អ្នកសារព័ត៌មាន​ថៃ បាន​ស៊ើប​អង្កេត​រក​ឃើញ​ការ​ប្រព្រឹត្ត​បែប​នេះ​របស់​ក្រុមហ៊ុន។

Full View

សារព័ត៌មាន​ Bangkok Post របស់​ថៃ​ជា​ភាសា​អង់គ្លេស ក៏​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ផង​ដែរ​ថា ប៉ូលិស​ផ្នែក​កោសលវិច្ឆ័យ​ថៃ បាន​រក​ឃើញ​​ថា ដើម​ហេតុ​បណ្ដាល​ឱ្យឡាន​ក្រុង​ដឹក​សិស្ស​ត្រូវភ្លើង​ឆាប​ឆេះ គឺ​បណ្ដាល​មក​ពី​ការ​លេច​ធ្លាយ​ឧស្ម័ន​នៅ​ក្នុង​រថយន្ត។

Full View

Bangkok Post's Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​កាមេរ៉ា​សុវត្ថិភាព​នេះ មិន​មែន​ជា​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​យក​ចេញ​ពី​ឡាន​ក្រុង​ដឹក​សិស្ស​ថៃ​ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ​នៅ​ដើម​សប្ដាហ៍​នេះ​ទេ។ វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នេះ គឺ​ជា​ករណី​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​ដែល​កើត​ឡើង​នៅ​ប្រទេស​ថៃ​មុន​ហេតុការណ៍​ផ្ទុះ​ឆេះ​ឡាន​ដឹក​សិស្ស​ថៃ​ទៅ​ទៀត។វីដេអូបង្ហាញដោយកាមេរ៉ាសុវត្ថិភាពករណីឆេះឡានដឹកសិស្សគឺដើមហេតុមកពីតៃកុងឡានងងុយដេក។ (CCTV footage reveals that a drowsy driver caused the Thai bus fire, resulting in the deaths of many students earlier this week.)
Claim :  វីដេអូបង្ហាញដោយកាមេរ៉ាសុវត្ថិភាពករណីឆេះឡានដឹកសិស្សគឺដើមហេតុមកពីតៃកុងឡានងងុយដេក។ (CCTV footage reveals that a drowsy driver caused the Thai bus fire, resulting in the deaths of many students earlier this week.)
Claimed By :  TNB NEWS
Fact Check :  MISLEADING
Tags:    

Similar News