ការអះអាងមិនត្រឹមត្រូវថា វីដេអូជម្លោះក្រុមប្រដាប់អាវុធភូមា ជាវិវាទទាហានឡាវ និងវៀតណាម

By :  Jay Udom
Update: 2024-10-09 15:18 GMT


វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ជម្លោះ​តាន​តឹង​រវាង​ទាហានពីរ​ក្រុម ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មុន​ជាមួយ​នឹង​ការ​អះអាង​ថា វា​ជា​ជម្លោះ​រវាង​ទាហាន​ឡាវ និង​ទាហាន​វៀតណាម។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។


ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ជាង ៣​នាទី​មួយ​ដែល​បង្ហាញ​ទាហាន​ពីរ​ក្រុម​មាន​ជម្លោះ​ពាក្យ​សម្ដី​នឹង​គ្នា​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​កញ្ញា​កន្លង​មក​នេះ​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា ទាហាន​វៀតណាម​បាន​រារាំង​ទាហាន​មិន​ឱ្យ​បិទ​បដា​ផ្សព្វផ្សាយ​ ឬ​បញ្ចេញ​មតិ​ឱ្យ​ពលរដ្ឋ​របស់​ពួកគេ។

សំណេរ​ភ្ជាប់​ជាមួយ​វីដេអូ​ឃ្លីប​នេះ បន្ត​រៀបរាប់​ថា បញ្ហា​នេះ​ក៏​ព្រោះ​តែ​ស្ថាប័ន​រដ្ឋ​នានា​របស់​ប្រទេស​ឡាវស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម រួម​ទាំង​វិស័យ​កង​ទ័ព​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ការ​ឱ្យ​គេ​គ្រប់​គ្រង​លើ​រដ្ឋបាល​គ្រប់​ស្ថាប័ន​អស់​ហើយ សូម្បី​តែ​កង​ទ័ព​ក៏​មិន​អាច​ធ្វើការ​ផ្សព្វផ្សាយ ឬ​បញ្ចេញ​មតិ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ឯង​បាន​ដែរ (យួន ឡាវ)​ជា​គំរូ”។

Full View

Facebook Post | Archived Link

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែកដល់​ទៅ​រាប់​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​ជឿ​ទៅ​តាម​សំណេរ​បង្ហោះ​នៅ​ភ្ជាប់​នឹង​វីដេអូ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​មតិ​យោបល់​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ ក្រោយ​ពី​វីដេអូ​ឃ្លីប​ដូច​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។


វីដេអូ​ឃ្លីប​នេះដែល​ភ្ជាប់​ជាមួយ​សំណេរ​ដូច​គ្នា​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ដែល​ជឿ​ទៅ​តាម​សំណេរ​នោះ។

ខាង​ក្រោម​នេះ គឺ​វីដេអូ​ទាំងស្រុងដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ការ​ឱ្យ​គេ​គ្រប់​គ្រង​លើ​រដ្ឋបាល​គ្រប់​ស្ថាប័ន​អស់​ហើយ សូម្បី​តែ​កង​ទ័ព​ក៏​មិន​អាច​ធ្វើការ​ផ្សព្វផ្សាយ ឬ​បញ្ចេញ​មតិ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ឯង​បាន​ដែរ (យួន ឡាវ)​ជា​គំរូ”។

 

Full View

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ដូច​គ្នា។ វីដេអូ​ឃ្លីប​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។

Full View

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជាវីដេអូ​ឃ្លីប និង​សំណេរ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពីថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០៤។

Full View


ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យទៅ​លើ​ការ​អះអាង​ខាង​លើ​​នេះ​តាម​រយៈ​ Google Revser Image Search ដែល​នាំឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​វីដេអូ​ដូច​គ្នានេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ YouTube នៃ​សារព័ត៌មាន​ភូមា Channel News Independent (CNI) កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៤។

សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់ CNI បាន​ឱ្យ​ដឹង​ថា ជម្លោះ​ពាក្យ​សម្ដី​ដ៏​តឹង​តែង​មួយ​ បាន​កើត​ឡើង​រវាង​ក្រុម​ទាហាននៃ​កង​ទ័ព​ឯករាជ្យ​កាឈិន (Kachin Independent Army) និង​ក្រុម​ទាហាន​នៃ​កង​ទ័ព​សម្ព័ន្ធភាព​ជាតិ​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា (Myanmar National Democratic Alliance Army) កាល​ពី​ថ្ងៃ​ទី០៨ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​តំបន់​មួយ​នៃ​រដ្ឋ​សាន (Shan) ប៉ែក​ខាង​ជើង​ប្រទេស​ភូមា (មីយ៉ាន់ម៉ា)។

បើ​តាម​សេចក្ដី​រាយការណ៍​របស់ CNI ដដែល ជម្លោះ​ពាក្យ​សម្ដី​នេះ បាន​កើត​ឡើង​ក្រោយ​ពី​ក្រុម​ទាហាននៃ​កង​ទ័ព​កាឈិន បាន​យក​បដា​ប្រឆាំង​នឹង​គ្រឿង​ញៀនយក​ទៅ​ព្យួរ​នឹង​ជញ្ជាំង​នៃ​លំនៅឋាន​មួយ​កន្លែងស្ថិត​នៅ​ក្នុង​តំបន់​ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​សម្ព័ន្ធភាព​ជាតិ​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​ភូមា CNI ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ YouTube កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​ភូមា​ដែល​មាន​ន័យ​ថា ទាហាន KIA និង​ទាហាន MNDAA ឈ្លោះ​ប្រកែក​គ្នា​ជុំ​វិញ​ការ​គ្រប់​គ្រង​លើ​ដែនដី។

Full View

CNI’s YouTube Channel | Archived Link


ព័ត៌មាន​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ CNI Burmese ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​ភូមា​ក្នុងន័យ​ថា វីដេអូ​នេះ​ជា​ជម្លោះ​ដណ្ដើម​ការ​គ្រប់​គ្រង​លើ​ដែន​ដី​រវាង​កង​ទ័ព KIA និង​កង​ទ័ព MNDAA។

Full View

CNI Myanmar FacebookPost


កង​ទ័ព​ឯករាជ្យ​កាឈិន (KIA) គឺ​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​អង្គការ​ឯករាជ្យ​ភាព​កាឈិន ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​មីយ៉ាន់ម៉ា។ ក្រុម​ចលនា​តស៊ូ​ប្រដាប់​នេះ គឺ​ជា​សម្ព័ន្ធ​ជន​ជាតិ​ភាគ​តិច ៦​ក្រុម​ស្ថិត​នៅ​ក្នុង​រដ្ឋ​កាឈិន ស្ថិតនៅ​ជាប់​តំបន់​ព្រំដែន​មីយ៉ាន់ម៉ា-ចិន។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​សមាជិក​កង​ទ័ព​កាឈិន​ស្ថិត​ក្នុង​ឯកសណ្ឋាន​យោធា​មាន​ស្លាក​សញ្ញា​ក្រុម​តស៊ូ​ប្រដាប់​អាវុធ ដែល​មាន​រូប​ដាវ​ពីរ​ខ្វែង​គ្នា​អម​ដោយ​អក្សរ​កាត់​ខ្លី KIA នៅ​ខាង​ក្រោម។


ចំណែក​ឯ​កង​ទ័ព​សម្ព័ន្ធភាព​ជាតិ​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា (MNDAA) គឺ​ជា​ចលនា​តស៊ូ​ប្រដាប់​អាវុធ​មួយ​ក្រុម​ទៀត​ដែល​កាន់​កាន់​តំបន់ Kokang ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​រដ្ឋ​សាន​របស់​ប្រទេស​មីយ៉ាន់ម៉ា។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ទាហាន MNDAA ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន CNI កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤។



សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​នេះ មិន​មែន​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទ័ព​ឡាវ និង​កង​ទ័ព​វៀតណាម​នោះ​ឡើយ។ វា​គឺ​ជា​ជម្លោះ​ដណ្ដើម​ការ​គ្រប់​គ្រង​ដែន​ដី​រវាង​ទាហាន​នៃ​កង​កម្លាំង​តស៊ូ​ប្រដាប់​អាវុធ​កាឈិន (KIA) និង​ទាហាន​នៃ​សម្ព័ន្ធភាព​ជាតិ​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា (MNDAA)​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៤។




Claim :  ទាហានវៀតណាមរារាំងទាហានឡាវមិនឱ្យផ្សព្វផ្សាយ ឬបញ្ចេញមតិជំនួសពលរដ្ឋរបស់ខ្លួន។
Claimed By :  Social Media Users
Fact Check :  MISLEADING
Tags:    

Similar News