ព័ត៌មាន​មិន​ពិតថា Chris Rock ឈ្នះក្ដី Will Smith ក្នុងសំណុំរឿងទះកំផ្លៀង

By :  Jay Udom
Update: 2024-10-11 11:51 GMT

ហេតុការណ៍​តារា​កំប្លែង​អាមេរិក លោក Chris Rock ត្រូវ​បាន​តារា​សម្ដែង​អាមេរិក លោក Will Smith ទះ​កំផ្លៀ់ង​នៅ​លើ​ឆាក​នៃ​កម្មវិធី Academy Awards បាន​កន្លង​ផុត​មក​ជាង ២​ឆ្នាំ​ហើយ។ ទោះជា​បែប​នេះ​ក្ដី ថ្មីៗ​នេះ មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក Chris Rock បាន​ឈ្នះ​ក្ដី​សម្រាប់​ករណី​នេះ ហើយ​ទទួល​បាន​សំណង ៤០​លាន​ដុល្លារ​ពី​លោក Will Smith។ ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នានា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ព័ត៌មាន​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​កំពុង​តែ​ផុល​ផុស​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា តារា​កំប្លែង​អាមេរិក លោក Chris Rock ឈ្នះ​ក្ដី​នៅ​ក្នុង​បណ្ដឹង​ប្រឆាំង​នឹង​តារា​សម្ដែង​អាមេរិក លោក Will Smith ដែល​បាន​ទះ​កំផ្លៀង​ទៅ​លើ​លោក Chris Rock នៅ​ក្នុង​កម្មវិធី Academy Award ឆ្នាំ​២០២២។

ការ​អះអាង​ដដែល​នេះ បាន​បន្ត​ថា លោក Chris Rock ក៏​ទទួល​បាន​សំណង​រហូត​ដល់ ៤០​លាន​ដុល្លារ​ផង​ដែរ​ពី​លោក Will Smith ដែល​នេះ​គឺ​ជា​តម្លៃ​ថ្លៃ​បំផុត​សម្រាប់​ការ​ទះ​កំផ្លៀង​មួយ​នេះ។

ព័ត៌មាន​ជា​ភាសា​ខ្មែរ​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ ២០០​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ ដោយ​ជឿ​ថា ព័ត៌មាន​នេះ​ជា​ការ​​ពិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​តុលា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “Chris Rock បាន​ឈ្នះ​ក្ដី​ហើយ​បាន​ទទួល​សំណង $៤០​លាន​ពី Will Smith ដែល​បាន​ទះ​កំផ្លៀង​គាត់​នៅ​លើ​ឆាក។ ១​កំផ្លៀង ៤០​លាន​ដុល្លារ ចុះ​បើ​ ៣​កំផ្លៀង?”។


ព័ត៌មាន​ជា​ភាសា​ខ្មែរ​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​មិន​ដល់ ១​​សប្ដាហ៍​ផង បន្ទាប់​ពី​​បង្ហោះ​ចែក​រំលែក​ព្រោង​ព្រាត​នូវ​ការ​អះអាង​ជា​ភាសា​អង់គ្លេស​ក្នុង​ន័យ​ថា លោក Chris Rock បាន​ឈ្នះ​ក្ដី​លើ​លោក Will Smith ដោយ​ទទួល​បាន​សំណង ៤០​លាន​ដុល្លារ​សម្រាប់​ការ​ទះ​កំផ្លៀង​កាល​ពី ២​ឆ្នាំ​មុន។

ខាង​ក្រោម​នេះ គឺ​​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ជាភាសា​អង់គ្លេស​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “Chris Rock wins lawsuit against Will Smith for that famous slap getting a whooping $40 millions, it has just become the most expensive slap ever!!!”។


ដំបូង​ឡើយ ការ​អះអាង​ជា​ភាសា​អង់គ្លេស​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​តាំង​ពី ២​ខែ​មុន​ម៉្លេះ ហើយ​វា​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ផង​ដែរ មុន​នឹង​វា​ផ្ទុះ​លើ​បណ្ដាញ​សង្គម​ជា​ថ្មី​ម្ដង​ទៀត​នៅ​ដើម​ខែ​តុលា​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ហើយ​សំណេរ​ជា​ភាសា​អង់គ្លេស​នា​ពេល​នោះ ដូច​គ្នា​ទៅ​នឹង​សំណេរ​ដែល​ទើប​តែ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២៤ ហើយ​វា​ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​ពាន់​ដង។


ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​បណ្ដាញ​សង្គម​ដែល​បង្ហាញ​ថា ព័ត៌មាន​នេះ​កំពុង​រីក​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ក​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជុំ​វិញ​ពិភព​លោក។




ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត ដូចជា X (Twitter) ​បណ្ដាញ​សង្គម Threads និង​បណ្ដាញ​សង្គម TikTok ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម X កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ហើយ​ព័ត៌មាន​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម X។



X Tweet | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម X ដែល​បង្ហាញ​ថា ព័ត៌មាន​នេះ​កំពុង​ផ្ទុះ​ផុស​ផុល​នៅ​លើបណ្ដាញ​សង្គម​នេះ​ផង​ដែរ ដែល​បង្ក​ការ​យល់​ច្រឡំ​នៅ​ក្នុង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ។


សម្រាប់​បណ្ដាញ​សង្គម Threads គេ​អាច​ចូល​មើល​ព័ត៌មាន​ដូច​គ្នា​នេះ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ជាដើម។

Threads Post | Archived Link


ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យទៅ​លើ​ការ​អះអាង​ខាង​លើ​​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត ដែល​នាំឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ដោយ​ស្វែង​រក​តាម​ព័ត៌មាន​នេះ យើង​បាន​រក​ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​ចំនួន ដែល​និយាយ​ថា ការ​អះអាង​នេះ​មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។

ព័ត៌មាន​នេះ ត្រូវបាន​ផ្ទៀង​ផ្ទាត់ដោយ​សារព័ត៌មាន Snopes កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ ដោយ​សារ​ព័ត៌មាន​បញ្ជាក់​ថា តារា​កំប្លែង​អាមេរិក លោក Chris Rock មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​តារា​សម្ដែង​អាមេរិក លោក Will Smith នោះ​ឡើយ ហើយ​ក៏​មិន​ទទួលបាន​សំណង ៤០​លាន​ដុល្លារ​ពី​​លោក Smith នោះ​ឡើយ។

បើ​តាម Snopes គ្មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ជាក់​ណា​មួយ​អំពី​រឿង​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​​ធំៗ​នៅ​សហរដ្ឋ​អាមេរិក និង​សារព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត​ឡើយ។

ផ្ទុយ​ទៅ​វិញ សារព័ត៌មាន Snopes បាន​រក​ឃើញ​ថា ទស្សនាវដ្ដី Hollywood Reporter បាន​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​មួយ​ដែល​និយាយ​ថា តារា​កំប្លែង លោក Chris Rock ទទួល​បាន​លុយ​រហូត​ដល់ ៤០​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​ចាក់​បញ្ចាំង​ភាពយន្ត​លើ​អនឡាញ Netflix សម្រាប់​កម្មវិធី​កំប្លែង​ពិសេស​ចំនួន ២ នៅ​ក្នុង​កិច្ច​សន្យា​មួយ​ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៦​មក​ម៉្លេះ។

អនុវត្ត​តាម​កិច្ចសន្យា​តាំង​ពីជិត ១០​ឆ្នាំ​មុន​នោះ លោក Chris Rock ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​កំប្លែង Chris Roch: Selective Outrage ​ផ្សាយ​ផ្ទាល់​នៅ​លើ Netflix កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ ដោយ​នៅ​ក្នុង​លោក​បាន​រំលឹក​ឡើង​វិញ​ពី​ឧប្បទ្ទវហេតុ​នោះ ដែល​រឿង​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​កម្សាន្ត Entertainment Weekly កាល​ពី​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៣។

ទស្សនាវដ្ដី​នេះ បាន​ដក​ស្រង់​សម្ដី​របស់​លោក Chris Rock ដែល​និយាយ​នៅ​ក្នុង​កម្មវិធី​កំប្លែង​នោះ​ថា លោក​ស្រឡាញ់​​ចូល​ចិត្ត​លោក Will Smith ពេញ​មួយ​ជីវិត និង​បន្ត​ស្រឡាញ់​ចូល​ចិត្ត​លោក Will Smith ពេញ​មួយ​ជីវិត ហើយ​លោក​បាន​ទស្សនា​ខ្សែ​ភាពយន្ត
Emancipation
ដែល​សម្ដែង​ដោយ​លោក Will Smith។

លោក Chris Rock ត្រូវ​បាន​លោក Will Smith ទះ​កំផ្លៀង​នៅ​លើ​ឆាក​នៃ​ពិធី​ប្រគល់​ពាន​រង្វន់​អូស្ការ​ក្នុង​កម្មវិធី Academy Awards កាល​ពី​ខែ​មីនា ឆ្នាំ​២០២២ បន្ទាប់​ពី​លោក Rock និយាយ​កំប្លែង​លេង​អំពី​ភរិយា​របស់​លោក Smith។

Full View

 Guardian News

សេចក្ដី​រាយការណ៍​របស់​ទស្សនាវដ្ដី Variety ដែល​បាន​ដក​ស្រង់​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថាប័ន​ប៉ូលិស​នៅ​ទីក្រុង Los Angeles បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ហេតុការណ៍​នោះ លោក Chris Rock ពុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក Will Smith នៅ​ឯ​ស្ថាប័ន​ប៉ូលិស​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​មួយ​ផ្នែក​នៃ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្ដី Variety កាល​ពីថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២២ ដែល​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​របស់​ប៉ូលិស​ទីក្រុង Los Angeles។

Variety Article | Archived Link

​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ទស្សនាវដ្ដី Variety ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ​ថា តារា​សម្ដែង លោក Will Smith បាន​ថ្លែង​សុំ​ទោសចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឯ​កម្មវិធី​នោះ។


សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក Chris Rock មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក Will Smith នោះ​ឡើយ ហើយ​ក៏​គ្មាន​សំណង ៤០​លាន​ដុល្លារ​​កើត​ឡើង​ឡើយ។
Claim :  Chris Rock បានឈ្នះក្ដី ហើយទទួលបានសំណង ៤០លានដុល្លារពី Will Smith ដែលបានទះកំផ្លៀងគាត់នៅលើឆាក។ ១កំផ្លៀង ៤០លានដុល្លារ ចុះបើ ៣កំផ្លៀង?
Claimed By :  Social Media Users
Fact Check :  FALSE
Tags:    

Similar News