Fact Check: តើ​លោក​ ទ្រី​ ភាព​ ថត​រូប​​កាន់​កូន​ឈើ​មែន​ទេ​?

False Social

បរិស្ថាន​ និងធន​ធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ថ្មី​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ស​ង្គម​យក​មក​ជជែក​ ដេញ​ដោល​ និង​ធ្វើ​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ចំនួន​ ៣​​នាក់ នា​ពេល​ថ្មី​ៗ​នេះ។​ ​​ជាក់​ស្តែង​ ការ​រិះគន់​នេះ​ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​លោក​ ទ្រី​ ភាព​ ផង​ដែរ​ ដោយ​ក្នុង​នោះ​រូបថត​របស់​លោក ទ្រី​ ភាព​ កាន់​កូន​ឈើ​មួយ​សន្លឹក​​នេះ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​ ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមជា​ច្រើន​។ ទោះ​​ជា​យ៉ាង​ណា​ ការ​​ផ្ទៀង​ផ្ទាត់​របស់​យើង​បាន​បង្ហាញ​ថា រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​វា​ត្រូវ​បាន​កែច្នៃ​មុន​នឹង​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​២៤​​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​មាន​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ ​​​​​​បង្ហោះ​​រូប​​ថត​​ចំនួន​ពីរ​​សន្លឹក​​​​​​ ដែល​ក្នុង​មួយ​សន្លឹក​នោះ​ បាន​បង្ហាញ​​អំពី​​រូប​ថត​របស់​លោក​ ទ្រី​ ភាព​ កំពុង​តែ​កាន់​កូន​ឈើ​មួយ​ដើម​ ដោយ​មាន​តួ​អក្សរ​សរសេរ​ថា​ «ខ្ញុំ​ស្រលាញ់​ដើម​ឈើ​» បោះ​ពុម្ភ​នៅ​លើ​អាវយឺត​របស់​លោក​។​ លោក​ ទ្រី​ ភាព​ ត្រូវ​បាន​គេ​ស្គាល់​ថា ​គឺ​ជា​អគ្គ​នាយក​របស់​​ក្រុម​ហ៊ុន​​ទ្រី​ ភាព ​​គ្រុប​​។

រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ ដោយ​អម​ជាមួយ​នឹង​រូប​ថត​ថា​​ «​​​សម័យ​តេជោ​៖ អ្នក​ការពារ​បរិស្ថាន​ ធន​ធាន​ធម្មជាតិ​និង​ការពារ​ព្រៃ​ឈើ​ក្លាយ​ជា​ជន​ក្បត់​ជាតិ​ ឯ​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្លាយ​ជា​ឧកញ៉ា​និង​បាន​ទទួល​មេដាយ»។

Facebook Post | Archived Link

រូប​ថត​មួុយ​សន្លឹក​ដូច​គ្នា​នេះ​ដែរ​ ក៏​ត្រូវ​បាន​រកឃើញ​ និង​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​ផ្សេង​ទៀត​ផង​ដែរ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៩​កន្លង​ទៅ​។​ 

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ទំព័រ​ហ្វេស​ប៊ុក​ សង្គម​រស់​ខ្ញុំ​រស់​ ​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ ដោយ​អម​ជាមួយ​នឹង​រូប​ថត​ថា​​ «​​​ទ្រី​ ភាព​ ខំ​ដាំ​ដើម​ឈើស្ទើរ​ពាក់​កណ្តាល​ជីវិត​ហើយ​ ចោទ​គាត់​ថា​ជា​អ្នក​បំផ្លាញ​ព្រៃ​ឈើ​ ចុះ​អា​រលាយ​ណា​ជា​អ្នក​កាប់​ឈើ​លក់​ឱ្យ​យួន​?​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ និង​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ ខ្ញុំ​ស្រលាញ់​ដើម​ឈើ​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​រូប​ថត​មួយ​នេះ​ ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង​។

តាម​រយៈ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ ខ្ញុំ​ស្រលាញ់​ដើម​ឈើ​ កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មិថុនា​ ឆ្នាំ​២០១៥​កន្លង​មក​ បាន​បង្ហាញ​អំពី​ភិន​ភាគ​នាឡិកា​ដៃ​ និង​សណ្ឋាន​រូប​រាង​ស្នាម​សាក់​នៅ​ខាង​ដៃ​ស្តាំ​ដូច​គ្នា​ទាំង​ស្រុង​​ទៅ​នឹង​រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​យក​មក​បង្ហោះ​បន្ត​នា​ពេល​ថ្មី​ៗ​នេះ​​។​ រូប​ថត​ដើម​ដែល​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​បាន​បង្ហោះ​នោះ​ គឺ​ការ​ពិត​បាន​បង្ហាញ​អំពីមនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​លោក​ នូ​ វិចិត្រ​ អ្នក​រចនា​ក្រាហ្វិច​ដោយ​មាន​គណនី​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា​ Pros Nix។​​ 

រូប​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​ទំព័រ​ហ្វេស​ប៊ុក​ ខ្ញុំ​ស្រលាញ់​ដើម​ឈើ​ បាន​សរសេរ​រៀប​រាប់​​ រួម​ជា​មួយ​នឹង​ការ​បញ្ជាក់​អំពី​ឈ្មោះ​របស់​បុរស​ម្នាក់​នោះ​ផង​ដែរ​ថា​ «ខ្ញុំស្រឡាញ់ដើមឈើ ដោយ Mr. Nou Vichet»។

Facebook Post | Archived Link​ 

ដោយ​ឡែក ​Fact Crescendo Cambodia ក៏​បាន​រកឃើញ​រូប​ថត​ដើម​ដែល​បង្ហាញ​អំពី​មុខ​របស់​លោក​ ទ្រី​ ភាព​ មុន​នឹង​​គេ​យក​មក​កាត់​ត​កែ​ច្នៃ​​នៅ​ក្នុង​គេហទំព័រ​មួយ​ផង​ដែរ។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ ​Try Palace Resort បាន​បង្ហាញ​អំពី​រូប​ថត​របស់​លោក​ ទ្រី​ ភាព​ ដែល​មាន​ទម្រង់​មុខ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​រូប​ថត​ដែល​គេ​បានយក​មក​បង្ហោះ​ខាង​លើ​។​

Try Palace Resort Link | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹក​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ត្រូវ​បាន​រក​ឃើញ​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​ ដោយ​បុរស​ម្នាក់​ដែល​ថត​រូប​កាន់​កូន​ឈើ​​នេះ​ ត្រូវ​បាន​ស្គាល់​ថា​គឺ​លោក​ នូ​ វិចិត្រ​ ជា​អ្នក​រចនា​ក្រាហ្វិច​។​

Avatar

Title:តើ​លោក​ ទ្រី​ ភាព​ ថត​រូប​​កាន់​កូន​ឈើ​មែន​ទេ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.