រូប​ថត​ចំនួន​២​សន្លឹក​​ ក្នុង​ចំណោម​៣​សន្លឹក​ បង្ហាញ​ឱ្យ​ឃើញ​មនុស្សឈរ​តម្រង់​ជួរ​ ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ និង​​មនុស្ស​ដេក​សន្លប់​ជាច្រើន​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​អះ​អាង​ថា​ បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​។

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២២​​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «China Nolove»​ បាន​បង្ហោះ​រូប​ថត​ចំនួន​​ ៣​សន្លឹក​ ដែល​ក្នុង​នោះ​ ២​សន្លឹក​បាន​បង្ហាញ​ទិដ្ឋភាព​មនុស្ស​កកកុញ​ តម្រង់​ជួរ​នៅ​ក្នុង​ផ្សារ​ទំនើប និង​ទិដ្ឋភាព​មនុស្ស​ជាច្រើន​​បាន​ដួល​សន្លប់​​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​សំណេរ​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ និង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ មូល​ហេតុ​គឺ​បណ្ដាល​មក​ពី​ការ​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «មនុស្ស​​ជា​ច្រើ​ន​បា​ន​ដួល​​សន្ល​ប់​ដោ​យសារ​​ការ​​តម្រង់​​ជួរ​​គ្នា​ ​ដើម្បី​​ទិញ​​ម៉ាស៊ីន​​ត្រជាក់​​ខ្នា​ត​តូ​ច​រប​ស់​ជប៉ុន​​នៅ​ AEON Mall កាល​ពី​ម្សិ​លមិញ​នេះ​​​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ច្រើន​កុះករ​នោះ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ផ្សារ​ទំនើប​អ៊ីអន​ Tan Phu Celadon ក្នុង​ប្រទេស​វៀត​ណាម ដែល​បាន​​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​។​

សារ​បង្ហោះ​នេះ​ បាន​បញ្ជាក់​ថា​ ទិដ្ឋភាព​នេះ​ គឺ​ជា​ទិដ្ឋភាព​មនុស្ស​ឈរ​​តម្រង់​ជួរ​​ក្នុង​អំឡុង​ពេល​ចាប់​ផ្តើម​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​​របស់​ហាង​លក់​សម្លៀក​បំពាក់​ H&M។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​វៀត​ណាម​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ ដោយ​មាន​ន័យ​ថា​ «ទិដ្ឋភាព​ទូទៅ​នៃ​ការ​បើក​សម្ពោធផ្លូវ​ការរបស់​​ហាង​សម្លៀក​បំពាក់​ H&M»។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​មួយ​ទៀត​ ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុករបស់​ ​H&M ដែល​បាន​បង្ហាញ​ទិដ្ឋភាព​មនុស្ស​ជាច្រើន​នាក់​ បាន​ឈរ​តម្រង់​ជួរ​គ្នា​ ក្នុង​ថ្ងៃ​បើក​សម្ពោធ​ហាង​សម្លៀក​បំពាក់​ H&M​ នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​អ៊ីអន​ Tan Phu Celadon ក្នុង​ប្រទេស​វៀត​ណាម ដែល​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដួល​សន្លប់​ និង​ការ​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​នោះ​ឡើយ​។​

Facebook Post | Archived Link

ករណី​ស្រដៀង​គ្នា​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ការងារ​ Fact Crescendo Cambodia ផង​ដែរ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ សូម​មើល​ខ្លឹម​សារ​អត្ថបទលម្អិត​​​ «រូប​ថត​បង្ហាញ​ទិដ្ឋភាព​មនុស្ស​កក​កុញ​នេះ​ មិន​មែន​ស្ថិត​នៅ​កម្ពុជា​​នោះ​ឡើយ​»​ និង​ «រូបថត​ប៉ុន្មាន​សន្លឹក​នេះ​​មិន​មែន​​ជា​ស្ថានភាព​មនុស្ស​ម្នា​កក​កុញ​​នៅ​ផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ​ទេ»​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​លើក​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​រូប​ថត​បង្ហាញ​ទិដ្ឋភាព​មនុស្ស​ឈរ​តម្រង់​ជួរ​​នោះ​ គឺ​សិ្ថត​នៅ​ផ្សារ​ទំនើប​អ៊ីអន​ Tan Phu Celadon ក្នុង​ប្រទេស​វៀត​ណាម​ អំឡុង​ពេល​នៃ​ការ​ចាប់​ផ្តើម​បើក​ដំណើរ​ការ​ហាង​លក់​សម្លៀក​បំពាក់​ H&M។​

Avatar

Title:តើ​នេះ​ជា​ទិដ្ឋភាព​មនុស្ស​ឈរ​តម្រង់​ជួរ​​​ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់​ខ្នាត​តូច​មែន​ដែរ​ឬ​ទេ?

Fact Check By: Kakada Sim

Result: False