រូបថត​ប៉ុន្មាន​សន្លឹក​នេះ​​មិន​មែន​​ជា​ស្ថានភាព​មនុស្ស​ម្នា​កក​កុញ​​នៅ​ផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ​ទេ

False International

រូប​ថត​ចំនួន ​២​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ និង​បុរស​ម្នាក់​ដេក​សន្លប់​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល នៅ​រាជ​ធានី​​ភ្នំ​ពេញ​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ បាន​បង្ហោះ​រូប​ថត​ចំនួន ​៤​សន្លឹក​ ដែល​ក្នុង​នោះ​ ២​សន្លឹក​​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​ និង​បុរស​ម្នាក់​​បាន​ដួល​សន្លប់​ផង​ដែរ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ថា​ នោះ​គឺ​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​

ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​មូល​ហេតុ​ថា ​បណ្ដាល​មក​ពី​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ទឹក​អប់​ចំនួន​ ២​ដប​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ បាន​រៀប​រាប់​ថា​ «​​​ក្រុម​ជួយ​សង្គ្រោះ​ត្រូ​វជួយ​មនុស្ស​រាប់រយ​នាក់​ចេញពីផ្សារទំនើប​អ៊ីអន​ ដោយ​សារ​តែ​មនុស្ស​រាប់ពាន់​នាក់​កំពុង​តម្រង់​ជួរ​ទិញ​ទឹក​អប់​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ច្រើន​កុះករ​នោះ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ «Crescent Mall»​ ដែល​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​កាល​ពី​ ៧​ឆ្នាំ​មុន​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​បញ្ជាក់​ថា​ ហេតុការណ៍​មនុស្ស​ម្នា​ឈរ​តម្រង់​ជួរ​គ្នា​ដ៏​ច្រើន​បែប​នេះ​ គឺ​ជា​ហេតុការណ៍​​ដែល​កើត​ឡើង​នៅ​ផ្សារ​ទំនើប​ Crescent Mall អំឡុង​ពេល​មាន​ការ​លក់​បញ្ចុះ​តម្លៃ​​នៅ​ពេល​យប់ ឬ​ហៅ​ថា «Midnight Sale»។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូប​ថត​ច្បាប់​ដើម​ និង​រូប​ថត​ដែល​ត្រូវ​បាន​កាត់​ត​ ដោយ​ដាក់​បង្ហាញ​នូវ​ផលិត​ផល​ទឹក​អប់​។​

ចំណែក​ឯ​រូបថត​មួយ​សន្លឹក​ទៀត​ បង្ហាញ​ឱ្យ​ឃើញ​​បុរស​ម្នាក់​ដេក​នៅ​លើ​ការ៉ូ​ឥដ្ឋ​នោះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ Fresh News ផង​ដែរ​ ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។​

Fresh News Link | Archived Link

ករណី​ស្រដៀង​គ្នា​ខាង​លើ​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ការ​ពិត​ដោយ​ក្រុម​ការងារ​ Fact Crescendo Cambodia ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​ សូម​មើល​ខ្លឹម​សារ​អត្ថបទ​ «រូប​ថត​បង្ហាញ​ទិដ្ឋភាព​មនុស្ស​កក​កុញ​នេះ​ មិន​មែន​ស្ថិត​នៅ​កម្ពុជា​​នោះ​ឡើយ​»​ ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​ដែល​បាន​រក្សា​ទុក​នៅ​ទី​នេះ​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​លើក​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មនុស្ស​កក​កុញ​នោះ​ គឺ​ជា​ទិដ្ឋភាព​ផ្សា​រទំនើប​ Crescent Mall ក្នុង​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀត​ណាម​ ហើយ​បុរស​ម្នាក់​ដេកស​ន្លប់​នោះ​ កើត​ឡើង​នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ​ តាំង​ពី​២​ឆ្នាំ​មុន​ម៉្លេះ​។

Avatar

Title:រូបថត​ប៉ុន្មាន​សន្លឹក​នេះ​​មិន​មែន​​ជា​ស្ថានភាព​មនុស្ស​ម្នា​កក​កុញ​​នៅ​ផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ​ទេ

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.