បន្ទាប់ពី​បេះដូង​ក្រដាស​ច្រើន​បំផុត ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ប្រាសាទ​អង្គរវត្ត​ដែល​បំបែក​កំណត់ត្រា​ពិភព​លោក​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ រូប​ថត​ដែល​បង្ហាញ​ប្រាសាទ​អង្គរ​វត្ត​​ជាមួយ​នឹង​សួនបេះ​​ដូង​ក្រដាស​​​ចម្រុះ​ពណ៌​ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​យ៉ាង​ផុស​ផុល​ពី​សំណាក់​​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Cam News Center» បាន​បង្ហោះ​រូប​ថត​ចំនួន​ ៦​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ (ថត​ពី​លើ​ផ្ទៃ​អាកាស​) ជាមួយ​នឹង​សួន​បេះដូង​ក្រដាស​ ចម្រុះ​ពណ៌​ជា​ច្រើន​។​ ការ​បង្ហោះ​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​កម្ពុជា​បាន​បំបែកកំ​ណត់ត្រាឯ​តទគ្គកម្មពិភពលោក “បេះដូង​ច្រើ​នជា​ងគេ​លើ​ពិភពលោក​” នៅ​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ ក្នុង​ខេត្ត​សៀម​រាប​។​

​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «សួន​បេះដូង​បំបែកកំណត់​ត្រា​ពិភពលោក​ #ខ្មែ​រធ្វើបាន​ 🇰🇭»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​​ តាម​រយៈ​ Google Reverse Image Search និង​ប្រភព​ព័ត៌មាន​នា​នា​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ​បាន​អបអរសាទរ​ដែល​កម្ពុជា​ បាន​បំបែក​កំណត់ត្រាឯ​តទគ្គកម្មពិភពលោក​ “បេះដូង​ច្រើ​នជា​ងគេ​លើ​ពិភពលោក​” ជា​ផ្លូវការ​ពីស្ថាប័ន​កំណត់ត្រា​ពិភពលោក​ហ្គីណេស​ (Guinness World Record) ដែល​មាន​ចំនួន​ប្រមាណ​ជាង​ ៣លាន​៩សែន​ បេះដូង។​

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​ថត​ពី​លើ​ ដែល​បាន​បង្ហាញ​ទម្រង់​ និង​សណ្ឋាន​ជា​រូប​ «បេះ​ដូង»​ និង​ពាក្យជា​ភាសា​ខ្មែរ​​ថា​ «ខ្មែរ​»។​

Facebook Post | Archived Link

ទិដ្ឋភាព​បេះដូង​ក្រដាសទាំងអស់​ ដែល​ប្រមូល​ពីប​ណ្ដា​រាជធានី​ ខេត្តនានា​ មក​ប្រាសាទអង្គរវត្ត​ និង​រៀប​ចំ​ជា​សួន​ «បេះដូង»​ និង​ពាក្យ​ថា​ «ខ្មែ​រ» ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ Khmer Times ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​ដាក់បង្ហាញនៅ​ក្នុងព្រឹត្តិការណ៍អ​ង្គរសង្រ្កាន្ត​ ដើម្បី​​បង្ហា​ញ​ពីភាព​ជាខ្មែរ ក្តីស្រឡាញ់​ និង​ការលើ​កត​ម្កើ​ង​ វប្បធម៌​ អរិយធម៌របស់​ខ្មែ​រ​​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​ថត​ពី​លើ​ផ្ទៃ​អាកាស​ បង្ហាញ​បេះ​ដូង​ក្រដាសរាប់​លាន​​ ដែល​ត្រូវ​បាន​រៀប​ចំ​ជា​សួន​ នៅ​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​។​

Khmer Times Link | Archived Link

ការ​បំបែកកំ​ណត់ត្រាឯ​តទគ្គកម្មពិភពលោក​ “បេះដូង​ច្រើ​នជា​ងគេ​លើ​ពិភពលោក​” នៅ​ប្រាសាទ​អង្គរ​វត្ត​ របស់​កម្ពុជា​ នា​ពេល​ថ្មី​ៗ​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​របស់​ Guinness World Records ផង​ដែរ​។​

Guinness World Records Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ គឺមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​ពិត​ បេះដូង​ក្រដាសទាំងអស់ ដែល​ត្រូវ​បាន​ប្រមូល​ពីប​ណ្ដា​រាជធានី​ ខេត្តនានា​ មក​តាំង​បង្ហាញ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ ក្នុង​ខេត្ត​សៀម​រាប​នោះ​ បាន​​រៀប​ចំ​ជា​សួនដែល​មាន​ទម្រង់​​ «បេះដូង​» និង​ពាក្យ​ថា​ «ខ្មែ​រ»។​

Avatar

Title:តើ​នេះ​គឺ​ជា​ទិដ្ឋភាព​​តាំងប​ង្ហា​ញបេះដូង​ក្រដាស​នៅ​​ប្រាសាទ​អង្គរ​វត្ត​​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim

Result: False