​សព​ជន​រង​គ្រោះ MH17 ត្រូវ​បាន​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា សព​ទាហាន​រុស្ស៊ី​ស្លាប់​នៅ​អ៊ុយក្រែន

International Misleading

ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ចូល​ទឹក​ដី​អ៊ុយក្រែន បាន​កើត​ឡើង​អស់​រយៈ​ពេល​ ៣​ថ្ងៃ​ហើយ ដែល​នាំ​ឱ្យ​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​នេះ ត្រូវ​បាន​​ជជែក និង​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ហើយ​អះ​អាង​ថា សព​ទាហាន​រុស្ស៊ី ត្រូវ​បាន​ទាហាន​អ៊ុយក្រែន​សម្លាប់​នៅ​ក្នុង​ពេល​ជួប​ប្រយុទ្ធ​គ្នា​នៅ​តាម​ផ្លូវ​មួយ​។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន រួម​មាន​ទាំង​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាង​ណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ម្នាក់ បាន​​បង្ហោះ​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែល​បង្ហាញ​សាក​សព​ត្រូវ​បាន​គ្រប​ដោយ​ថង់​ប្លាស្ទីក​ ហើយ​ត្រូវ​បាន​តម្រៀប​គ្នា​នៅ​លើ​ដី និង​គ្រឿង​ចក្រ​រង​ការ​ខូច​ខាត។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ទាហាន​អ៊ុយក្រែន​បាន​សម្លាប់​ទាហាន​រុស្ស៊ីដល់​ទៅ ៣,៥០០​នាក់​ហើយ​អំឡុង​ពេល​ជួប​ប្រយុទ្ធ​គ្នា​តាម​ដង​ផ្លូវ​។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​សរសេរ​រៀបរាប់​ថា «Update អ៊ុយក្រែន​បាន​សម្លាប់​ទាហាន​រុស្ស៊ី​ចំនួន ៣៥០០​នាក់​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​នៅ​តាម​ដង​ផ្លូវ។ ប្រភព៖ Daily Mail»។

FACEBOOK POST | ARCHIVED

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​នៃ​សារព័ត៌មាន​ The Sydney Morning Herald កាល​ពី​ជិត ៧​ឆ្នាំ​មុន។

នៅ​ក្រោម​រូបថត​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន សារព័ត៌មាន​អូស្ត្រាលី​មួយ​នេះ បាន​សរសេរ​ថា សព​នៃ​អ្នក​ដំណើរតាម​ជើង​ហោះ​ហើរ MH17 ត្រូវ​បាន​គេ​វេច​ខ្ចប់​​ដាក់​ក្នុង​ថង់​ប្លាស្ទីក និង​ដាក់​តម្រៀប​គ្នា​នៅ​លើ​ផ្លូវ​មួយ​ ស្ថិត​នៅ​ជិត​ទីតាំង​ដែល​យន្តហោះ​នេះ​បាន​ធ្លាក់។ សារព័ត៌មាន​មួយ​នេះ បញ្ជាក់​ថា រូបថត​នេះ​ទទួល​បាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​សារព័ត៌មាន The Sydney Morning Herald ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០១៤​កន្លង​មក។

THE SYDNEY MORNING HERALD | ARCHIVED

យើង​ក៏​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​នេះ​នៅ​ក្នុង​ឃ្លាំង​រូបថត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផង​ដែរ ដែល​​សរសេរ​រៀបរាប់​ថា សមាជិក​នៃ​ក្រសួង​សង្គ្រោះ​បន្ទាន់​អ៊ុយក្រែន ប្រមូល និង​រៀប​ចំ​សាក​សព​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ទីតាំង​ដែល​យន្តហោះ​ម៉ាឡេស៊ី MH17 បាន​ធ្លាក់​នៅ​ជិត​ភូមិ​ Hrabove នៅ​ក្នុង​តំបន់ Donetsk។

REUTERS |ARCHIVED

យន្តហោះ​ជើង​ហោះ​ហើរ​ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ ដែល​ផ្ទុក​មនុស្ស ២៩៨​នាក់ ត្រូវ​បាន​បាញ់​ទម្លាក់​កាល​ពីថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤​កន្លង​មក នៅ​តំបន់​កាន់​កាប់​ដោយ​ពួក​បះ​បោរ​ស្និទ្ធ​នឹង​រុស្ស៊ី​ ស្ថិត​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

អ្នក​ដំណើរ​ទាំង​អស់​សរុប ២៨៣​នាក់ និង​បុគ្គលិក​បម្រើការ​លើ​យន្ត​ហោះ​នោះ​ទាំង ១៥​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​មហន្តរាយ​នេះ។

លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​រួម​មួយ បាន​សន្និដ្ឋាន​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​នេះ​ ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​គ្រាប់​មីស៊ីល ដែល​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​គាំ​ទ្រ​ដោយ​រុស្ស៊ី ខណៈ​ដែល​យន្តហោះ​នោះ ស្ថិត​លើ​ផ្លូវ​ហោះ​ហើរ​​ពី​ទីក្រុង​អាំស្ទែដាម ប្រទេស​ហូឡង់ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​​គួឡាឡុំពួរ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​លើ​រូបថត​មួយ​សន្លឹក​ដូច​ដែល​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​សាក​សព​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​ទាហាន​អ៊ុយក្រែន​សម្លាប់​អំឡុង​ពេល​រុស្ស៊ី​ឈ្លាន​ពាន​ចូល​អ៊ុយក្រែន​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​សាក​សព​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​ MH17 ដែល​ត្រូវ​បាន​គេ​រៀបចំ​វេច​ខ្ចប់ដាក់​តម្រៀប​នៅ​លើ​ផ្លូវ​មួយ ស្ថិត​នៅ​ជិត​ទីតាំង​ដែល​យន្តហោះ​ MH17 បាន​ធ្លាក់ ក្រោយ​រង​ការ​បាញ់​ប្រហារ​ពី​គ្រាប់​មីស៊ីល​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។​

Avatar

Title:​សព​ជន​រង​គ្រោះ MH17 ត្រូវ​បាន​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា សព​ទាហាន​រុស្ស៊ី​ស្លាប់​នៅ​អ៊ុយក្រែន

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.