ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​នោះ វីដេអូ​ខ្លី​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​អះ​អាង​ថា ក្មេង​ស្រី​អ៊ុយក្រែន​ម្នាក់ បាន​ព្យាយាម​បណ្ដេញ​ទាហាន​រុស្ស៊ី​ចេញ​ពី​មាតុ​ភូមិ​នាង។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បានបង្ហោះ​វីដេអូ​ឃ្លីប​រយៈ​ពេល ១៤​វិនាទី​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ក្មេង​ស្រី​ម្នាក់​​និយាយ​យ៉ាង​តឹង​តែង​ជាមួយ​នឹង​ទាហាន​មួយ​រូប។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ក្មេង​ស្រី​នោះ គឺ​ជា​ជន​ជាតិ​អ៊ុយក្រែន ដែល​ស្រែក​បណ្ដេញ​ទាហាន​រុស្ស៊ី​ឱ្យ​ចេញ​ពី​ប្រទេស​របស់​នាង។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត និង​ចូល​ទស្សនា​ជាច្រើន​ដង​​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ឃ្លីប​ដែល​បង្ហោះ និង​ចែក​រំលែក​នៅ​លើបណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា «រូបភាព​ដែល​មាន​តម្លៃ ១០០០​ពាក្យ ក្មេង​ស្រី អ៊ុយក្រែន បាន​បណ្ដេញ​ទាហាន​រុស្ស៊ី ឱ្យ​ចេញ​ពី​ប្រទេស​នាង…។ ប៉ុន្តែ គួរ​សរសើរ​សីលធម៌​ទាហាន​រុស្ស៊ី បើ​ខ្មែរ​ក្រហម​ហ៊ាន​សម្លាប់​ក្មេង​ចាស់ និង​ព្រះ​សង្ឃ​ទៀត»។

FACEBOOK POST | ARHCIVED

វីដេអូ​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​អស់​រយៈ​ពេល ៤​ថ្ងៃ​មក​ហើយ​នោះ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ និង​ចែក​រំលែក​វីដេអូ​ឃ្លីប​យ៉ាង​សកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ទទួល​បាន​ការ​ចូល​ទស្សនា​ដល់​ទៅ​រាប់​រយ​ពាន់​ដង​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ២​ខែ​ប៉ុណ្ណោះ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នេះ​តាម​រយៈ Google Reverse Image Search ដែល​​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ឃ្លីប​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឆាណែល YouTube មួយ​ឈ្មោះ​ថា Nokta Grup ដែល​បាន​បង្ហោះ​វីដេអូ​រយៈ​ពេល​ជាង ៦​នាទី​នេះ​នៅ​ក្នុង​បណ្ដាញ​ YouTube កាល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១២​កន្លង​មក​។

វីដេអូ​ដើម បាន​ចាប់​ផ្ដើម​ក្មេង​ស្រី​​ម្នាក់​ដែល​ស្លៀក​ខោ​ជើង​វែង​ពណ៌​ក្រហម និង​ខាង​យឺត​ពណ៌​ខ្មៅ បាន​បញ្ចេញ​កាយ​វិការ និង​សម្រែក​ដាក់​ទាហាន​ម្នាក់។ បន្ទាប់​មក​ទៀត វីដេអូ​ដដែល​នេះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ក្មេង​ស្រី​ម្នាក់​ទៀត និង​ក្មេង​ប្រុស​ម្នាក់​ផង​ដែរ ដែល​​ទៅ​ប្រឈម​មុខ​នឹង​ទាហានមួយ​ក្រុម។

ឆាណែល​ YouTube ដដែល​នេះ បាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​នៅ​ក្នុង​វីដេអូ​នោះ មាន​ឈ្មោះ អាហេដ តាមីមី (Ahed Tamimi) ជា​ជន​ជាតិ​ប៉ាឡេស្ទីន។

Nokta Grup YouTube Channel | ARCHIVED

វីដេអូ​នៃ​រឿងរ៉ាវ​ក្មេង​ស្រី​ប៉ាឡេស្ទីន​ម្នាក់​នេះ ក៏​ត្រូវ​បាន​សារព័ត៌មាន​អាល្លឺម៉ង់ DW ចុះ​ផ្សាយ​ផង​ដែរ​កាល​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​មក បន្ទាប់​នាង​ត្រូវ​បាន​ដោះ​លែង ក្រោយ​តុលាការ​យោធា​អ៊ីស្រាអែល កាត់​ទោស​ឱ្យ​នាង​ជាប់​ពន្ធនាគារ ៨​ខែ ក្រោម​ការ​ចោទ​ថា បាន​ទះ​កំផ្លៀង និង​ទាត់​ទាហាន​អ៊ីស្រាអែល។

DW’s REPORT | ARCHIVED

អាហេដ តាមីមី អាយុ ២១ គឺ​ជា​សកម្មជន​ប៉ាឡេស្ទីន​មក​ពី​ភូមិ​ណាប៊ី សាឡិហ៍ (Nabi Salih) នៅ​ក្នុង​តំបន់​វេសត៍ប៊ែង (West Bank) នៃ​ដែន​ដី​ប៉ាឡេស្ទីន។ កញ្ញា អាហេដ តាមីមី ទទួល​បាន​ភាព​ល្បី​ល្បាញ​ដោយសារ​តែ​នាង​លេច​ឡើង​នៅ​ក្នុង​វីដេអូ និង​រូបភាព​​ដែល​នាង​ហ៊ាន​ប្រឈម​មុខ​នឹង​ទាហាន​អ៊ីស្រាអែល។

នៅ​ឆ្នាំ​២០១៧​កន្លង​មក នាង​ត្រូវ​បាន​អាជ្ញាធរ​អ៊ីស្រាអែល​ចាប់​ដាក់​ឃុំ បន្ទាប់​ពី​នាង​បាន​ទះ​កំផ្លៀង និង​ទាត់​ទាហាន​អ៊ីស្រាអែល ដែល​ហេតុការណ៍​នោះ​ត្រូវ​បាន​ថត និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​ដូច​ដែល​រៀបរាប់​ខាង​លើ​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​មួយ​នេះ មិន​មែន​ជា​ក្មេង​ស្រី​ជន​ជាតិ​អ៊ុយក្រែន​ស្រែក​ប្រឆាំង​នឹង​ទាហាន​រុស្ស៊ី​នោះ​ឡើយ។ វីដេអូ​មួយ​នេះ ជា​ផ្នែក​មួយ​នៃ​វីដេអូ​ដែល​បង្ហាញ​ក្មេង​ស្រី​ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​ឈ្មោះ អាហេដ តាមីមី (Ahed Tamimi) ដែល​បាន​បញ្ចេញ​កាយ​វិការ និង​សម្រែក​ត​តាំង​នឹង​ទាហាន​អ៊ីស្រាអែល​កាល​ពី​ចុង​ឆ្នាំ​២០១២​កន្លង​មក​។

Avatar

Title:វីដេអូ​ក្មេង​ស្រី​ប៉ាឡេស្ទីន​ស្រែក​ដាក់​ទាហ​អ៊ីស្រាអែល​ត្រូវ​បាន​អះ​អាង​ថា​ជា​ក្មេង​ស្រី​អ៊ុយក្រែន

Fact Check By: Jay Udom

Result: False