វីដេអូ​​ក្បួន​យន្តហោះ​ចម្បាំង​រុស្ស៊ី​​ពីរ​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

False International

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​បញ្ជា​ឱ្យ​កង​ទ័ព​រុស្ស៊ី​វាយ​ប្រហារ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន ដែល​ដំណឹង​នេះ​បាន​គ្រប​ដណ្ដប់លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភព​លោក និង​បណ្ដាញ​សង្គម​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​យន្ត​ហោះ​ជា​ច្រើន​គ្រឿង​ ហោះ​ហើរ​​លើ​ផ្ទៃ​មេឃ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះ​អាង​ថា​ វា​គឺ​ជា​យន្តហោះ​ចម្បាំង​របស់​ប្រទេស​រុស្ស៊ី​ កំពុង​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​ដង​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ និង​ការ​អះ​អាង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ កសិករ​ខ្មែរ​ ជន​បទ​ បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាពយន្ត​ហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ ហោះ​ហើរ​លើ​ផ្ទៃ​មេឃ។

ទំព័រ​ហ្វេសប៊ុក​នេះ ​អះ​អាង​ថា​ វា​គឺ​ជា​យន្ត​ហោះ​របស់​ប្រទេស​រុស្ស៊ី​ ដែល​កំពុង​​វាយ​ប្រហារ​ និង​ហោះ​នៅ​លើ​ទីក្រុង​របស់​ប្រទេស​អ៊ុយ​ក្រែន​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «សង្គ្រាម​អ៊ុយ​ក្រែន​ស្តែង​ៗ​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី​ហោះ​លើ​ទីក្រុង​គៀវ​ទាំង​ព្រឹក​ព្រលឹម​​»។​

Facebook Post | Archived Link

ដោយ​ឡែក​ វីដេអូ​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​អះអាង​ថា​ជា​យន្តហោះ​របស់​ប្រទេស​រុស្ស៊ី​ ដែល​បាន​ហោះ​ហើរ​នៅ​លើ​ទីក្រុង​នៃ​ប្រទេស​អ៊ុយ​ក្រែន​ផង​ដែរ​ នៅ​លើ​បណ្តាញ​សង្គម​ Twitter។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Russian planes are flying over the skies of #Kiev, the capital of Ukraine»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «យន្តហោះ​រុស្ស៊ី​កំពុង​ហោះ​ហើរ​លើ​មេឃ​នៃ​រដ្ឋ​ធានី​របស់​ ប្រទេស​អ៊ុយ​ក្រែន​»។​

Twitter Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​វីដេអូ​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​ផ្តាម​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

វីដេអូ​ឃ្លីប​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្តាញ​គេហ​ទំព័រ​វីដេអូ​ Youtube។​ វីដេអូ​មួយ​នេះ​ ត្រូវ​បាន​បង្ហោះ​ដោយ​គណនី​អ្នក​ប្រើ​ប្រាស់​ មាន​ឈ្មោះ​ថា​ Lessony កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​ឧសភា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។​ វីដេអូ​នេះ​មិន​បាន​បង្ហាញ​ពី​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី​ កំពុង​ហោះ​ហើរ​នៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​នោះ​ទេ​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​ «Flyby Moscow (May 04, 2020)»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ការ​ហោះ​ហើរ​នៅ​ទីក្រុង​មូស្គូ​ (ថ្ងៃ​ទី​០៤​ ខែ​ឧសភា​ ឆ្នាំ​២០២០​)»។​

Youtube Link | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហ​ទំព័រ​សារ​ព័ត៌មាន​ The Moscow Times ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​ឧសភា​ ឆ្នាំ​២០២០​ ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ដូច​គ្នា​នៃ​ការ​ហាត់​សម​យោធា​នៅ​ក្នុង​ទីក្រុង​មូស្គូ​ នៃ​ប្រទេស​រុស្ស៊ី​ ដែល​ជា​​ការ​ហោះ​ជា​ក្បួន​របស់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​ «Military Planes Fly Over Moscow in Victory Day Rehearsal» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «យន្ត​ហោះ​យោធា​ហោះ​ហើរ​ លើ​ទីក្រុង​មូស្គូ​ ក្នុង​ថ្ងៃ​ហាត់​សម​ថ្ងៃ​ជ័យ​ជំនះ​»។​

https://www.themoscowtimes.com/2020/05/04/military-planes-fly-over-moscow-in-victory-day-rehearsal-a70184

The Moscow Times News Report | Archived Link

ករណី​ខាង​លើ​មួយ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ការ​ពិត​ផង​ដែរ​ ដោយ​គេហ​ទំព័រ​ 10 BWNS កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​ គេហ​ទំព័រ​ដដែល​ខាង​លើ​នេះ​ បាន​បញ្ជាក់​ជា​ភាសា​អង់​គ្លេស​ថា​ «This video does not show Russian fighter jets flying over Ukraine. The footage is from the 1:14 mark of a video of a Moscow flyby from May 4, 2020» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «វីដេអូ​នេះ​មិន​បាន​បង្ហាញ​ពី​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី​ កំពុង​ហោះ​ហើរ​នៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​នោះ​ទេ​។ ខ្សែ​វីដេអូ​នេះ​គឺ​ត្រូវ​បាន​រក​ថត​ចេញ​ក្នុង​អំឡុង​នាទី​ទី​១:១៤ នៃ​វីដេអូ​នៃ​ការ​ហោះ​ហើរ​នៅ​ទីក្រុង​ម៉ូស្គូ​ កាល​ពី​ថ្ងៃ​ទី០៤​ ខែ​​ឧសភា​ ឆ្នាំ​២០២០​»។​

10 BWNS News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា វីដេអូ​ឃ្លីប​ និង​ការ​អះអាង​​ដោយ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​ទេ​។​ ការ​ពិត ​វីដេ​អូ​ឃ្លីប​បង្ហាញ​អំពី​ទិដ្ឋ​ភាព​យន្ត​ហោះ​ចម្បាំង​ ហោះ​ហើរ​ជា​ក្បួន​នេះ​ គឺ​ជា​ពិធី​បង្ហាញ​ទ័ព​អាកាស​រុស្ស៊ី​ដែល​​ប្រារព្ធ​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​០៤​ ខែ​ឧសភា ឆ្នាំ​២០២០​កន្លង​ទៅ​ នៅ​ក្នុង​ពិធី​ការ​ហ្វឹក​ហាត់​សម​យោធា​នា​ទីក្រុង​មូស្គូ​ នៃ​ប្រទេស​រុស្ស៊ី​។​

Avatar

Title:វីដេអូ​​ក្បួន​យន្តហោះ​ចម្បាំង​រុស្ស៊ី​​ពីរ​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.