គិតត្រឹមថ្ងៃទី៣០ ខែមីនានេះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើតឡើងលើមនុស្សសរុបដល់ទៅ ១,៨៥១នាក់ហើយ នៅក្នុងចំណោមករណីឆ្លងមេរោគកូវីដ១៩សរុប ២,៣៧៧ករណីនៅទូទាំងប្រទេសកម្ពុជា។ ករណីឆ្លងមេរោគកូវីដ១៩នាពេលថ្មីៗនេះ ត្រូវបានរកឃើញនៅតាមទីតាំង ភូមិស្រុក និងខេត្តជាច្រើននៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ សារជាសំឡេងមួយ ត្រូវបានចែករំលែកតៗគ្នានៅតាមប្រព័ន្ធបញ្ចូនសារ ដូចជា កម្មវិធីផ្ញើសាររបស់ហ្វេសប៊ុក (Messenger) និងតេឡាក្រាម (Telegram) ដោយនិយាយថា ការឆ្លងមេរោគកូវីដ១៩នេះ ត្រូវបានរកឃើញផ្ទុះឡើងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដែលជាមន្ទីរពេទ្យធំរបស់កម្ពុជា ហើយសារជាសំឡេងនោះ បានជំរុញទៅប្រជាជនកម្ពុជាឱ្យប្រុងប្រយ័ត្នចំពោះអ្នកពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយនេះ។ ទោះជាយ៉ាងណា វាត្រូវបានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវទាំងស្រុងនោះឡើយ ហើយនាំឱ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៨ ខែមីនានេះ សារជាសំឡេងមួយត្រូវបានចែករំលែកតៗគ្នាលើប្រព័ន្ធផ្ញើសារមែសសេងជ័រ (Messenger)របស់បណ្ដាញសង្គមហ្វេសប៊ុក ដែលសារជាសំឡេងនោះរៀបរាប់ថា ជំងឺកូវីដ១៩បានផ្ទុះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រហើយ និងបានរកឃើញឆ្លងទៅលើគ្រូពេទ្យម្នាក់ដែលបម្រើការនៅក្នុងមន្ទីរពេទ្យនេះ បន្ទាប់ពីគាត់បានប៉ះពាល់ជាមួយអ្នកជំងឺម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។ សំឡេងដើមទាំងស្រុងនៃសារនោះ រៀបរាប់ថា «ហ្នឹងហើយ ឥឡូវសូមជម្រាបបងប្អូនយើងអ្នកនៅតាមមូលដ្ឋានហ្នឹងឱ្យដឹងថា នៅកាល់ម៉ែត្រ អ្នកធ្វើការនៅកាល់ម៉ែត្រហ្នឹង គឺផ្ទុះកូវីដហើយ។ អ៊ីចឹង នៅតំបន់កាល់ម៉ែត្រក៏ដូចជាមានបងប្អូនធ្វើការនៅកាល់ម៉ែត្រកុំឱ្យចូលមកពាក់ព័ន្ធ ឱ្យធ្វើចត្តាឡីស័កទៅ។ ឥឡូវ តាមអ្នកដឹកនាំហ្នឹង កំពុងឱ្យតាមរកអ្នកធ្វើការនៅកាល់ម៉ែត្រក៏ដូចជាអ្នកព្យាបាលជំងឺនៅកាល់ម៉ែត្រទាំងអស់ គឺយកមកធ្វើចត្តាឡីស័ក ព្រោះនៅកាល់ម៉ែត្រហ្នឹងផ្ទុះកើតកូវីដហើយ ពេទ្យនៅក្នុងហ្នឹង។ […]
Continue Reading