បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ថា អ្នកស្រី ប៊ុ​ន រ៉ានី ភរិយា​របស់​អតីត​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​នោះ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ថា ស្ត្រី​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​ទទួល​មរណភាព​ហើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

ការ​អះអាង​មួយ បាន​លើក​ឡើង​ថា អ្នកស្រី ប៊ុន រ៉ានី ភរិយា​អតីត​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព។ ការ​អះអាង​នេះ ត្រូវ​បាន​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​រូបថត​អ្នកស្រី ប៊ុន រ៉ានី ដោយ​មាន​សំណេរ​ពាក្យ «RIP» នៅ​លើ​រូបថត​នោះ ដែល​មាន​ន័យ​ថា ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​រូប​នេះ បាន​ទទួល​មរណភាព។

ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​​កាល​ពី​ថ្ងៃទី០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់ «ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​ការ​ពិនិត្យ​មើលសំណេរ​​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រុម​គ្រួសារ​របស់​លោក​ ហ៊ុន សែន និង​​​សេចក្ដី​រាយ​ការណ៍​ព័ត៌​មាន​នៅ​ក្នុង​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ដំណឹង​មរណភាព​របស់​ភរិយា​របស់​មេដឹក​នាំ​ប្រទេស​ គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ជា​​សាធារណៈ​​ដោយ​ស្ថាប័ន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ឯកជន និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត។

លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់​​នៅ​លើទំព័រ​ហ្វេសប៊ុករបស់​លោក​កាល​ពី​ថ្ងៃ​សុក្រ​​​ម្សិល​មិញ​​ថា​ ភរិយា​របស់​លោក​ គឺ​លោក​ស្រី​ ប៊ុន​ រ៉ានី​ ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ ក្រោយ​ពី​លោក​ស្រី​​បាន​ដួល​នៅ​ក្នុង​បន្ទប់​សម្រាក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​។​

លោក​ ហ៊ុន​ សែន​ ​បញ្ជាក់​ផង​ដែរ​ថា​ សុខភាព​របស់​ភរិយា​​លោក​ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ក្រោយ​ពី​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​។​

ទោះជាយ៉ាងណា​ មេ​បក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា ភរិយា​លោក​​នៅ​មិន​ទាន់​អាច​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន​នៅ​ឡើយ​ទេ​ ព្រោះ​ត្រូវ​ការ​រង់​ចាំ​ថត​ និង​ត្រួត​ពិនិត្យ​ក្បាល​ជា​លើក​ទី​៣​ ដើម្បី​មើល​សរសៃ​ដែល​រង​នូវ​ការ​ប៉ះ​ទង្គិច​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បង្ហាញ​ទិដ្ឋភាព​រូប​ថត​ចាស់​រវាង​លោក​ ហ៊ុន​ សែន​ និង​ភរិយា​របស់​លោក​ លោក​ស្រី​ ប៊ុន​ រ៉ានី​។​

Facebook Post | Archived Link

ការ​ប្រកាស​របស់​អតីត​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​យក​មក​ផ្សព្វ​ផ្សាយ​បន្ដ​ដោយ​ Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស (archived link) និង​បណ្ដា​សារព័ត៌មានផ្សេង​ទៀត​​ផង​ដែរ​។​ សូម​អាន​ព័ត៌មាន​លម្អិត​នៅ​ទី​នេះ (archived link)​ ឬ​នៅ​ទីនេះ​ (archived link)។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​ភ្ជាប់​រូប​ថត​ទៅ​នឹង​ការ​អះ​អាង​ខាងលើ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ លោក ហ៊ុន សែន បាន​អះអាង​ថា សុខភាព​ភរិយា​របស់​លោក​​​បាន​ល្អ​ប្រសើរ​ហើយ ក្រោយ​ពី​ទទួល​បាន​ការ​ព្យាបាល​ពី​ក្រុម​គ្រូ​ពេទ្យនៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។

Avatar

Title:លោក ហ៊ុន សែន បញ្ជាក់​ថា សុខភាព​ភរិយា​លោក​បាន​ល្អ​ប្រសើរ​ក្រោយ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ

Written By: Kakada Sim

Result: Misleading