មេវិទ្យុអាស៊ីសេរីបង្ហាញមុខក្នុងកម្មវិធីផ្សាយក្រោយមានការអះអាងថាលោកលាចាកលោក
បន្ទាប់ពីបាត់មុខពីលោក ជុន ច័ន្ទបុត្រ បានបាត់មុខពីកម្មវិធីផ្សាយអស់រយៈពេលមួយខែមកនោះ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា នាយកការផ្សាយជាភាសាខ្មែរនៃវិទ្យុអាស៊ីសេរីរូបនេះ បានលាកចាកលោកហើយដោយសារជំងឺមហារីក។ ការអះអាងនេះ ត្រូវបានគេចែករំលែកបន្តព្រោងព្រាតនៅសប្ដាហ៍នេះ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានចោទសួរថា តើព័ត៌មាននេះជាការពិតឬយ៉ាងណា។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយដែលកំពុងតែល្បីផុសផុលនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ បានលើកឡើងថា នាយកគ្រប់គ្រងការផ្សាយវិទ្យុអាស៊ីសេរីជាភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ បានទទួលមរណភាពនៅថ្ងៃនេះដោយសារតែជំងឺមហារីក។
ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាត និងទទួលបានប្រតិកម្មចម្រុះបែប ព្រមទាំងមតិយោបល់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបរាប់ថា “សូមវិញ្ញាណក្ខន្ធលោកពូទៅកាន់សុខគតិភព RIP សូមលោក ជុន ច័ន្ទបុត្រ បុគ្គលិកវិទ្យុអាស៊ីសេរី RFA Khmer បានស្លាប់មុននេះបន្តិចនៅមន្ទីរពេទ្យសហរដ្ឋអាមេរិកដោយសារជំងឺមហារីក”។
ការអះអាងដដែលនេះ ក៏ត្រូវបានចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមផ្សេងៗ ដែលមានគណនីហ្វេសប៊ុករាប់ម៉ឺននាក់ជាសមាជិកផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងខាងលើដែលត្រូវបានគេចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមមួយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
ការអះអាងដដែលនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកយកទៅបង្ហោះបន្តនៅលើបណ្ដាញសង្គម ព្រមជាមួយការចោទសួរថា តើដំណឹងនេះជាការពិតឬយ៉ាងណា។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកមួយដែលបានបង្ហោះបន្តនូវការអះអាងនេះ ហើយចោទសួរថា “តើជាការពិតទេ?” ដោយបញ្ជាក់ថា ដំណឹងនេះបានមកពីទំព័រហ្វេសប៊ុកខាងលើ។
គេអាចមើលការអះអាងដដែលនេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតតាមរយៈតំណភ្ជាប់នៅទីនេះ ១ (archived), ២ (archived), ៣ (archived), ៤ (archived),។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការសម្ភាសជាមួយប្រភពជិតស្និទ្ធនឹងលោក ជុន ច័ន្ទបុត្រ និងពិនិត្យមើលការបកស្រាយណាមួយពីខាងវិទ្យុអាស៊ីសេរី ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ការអះអាងខាងនេះ ត្រូវបានធ្វើឡើងដោយទំព័រហ្វេសប៊ុកមួយដែលដាក់ឈ្មោះថា “ព័ត៌មានកម្លាំងជាតិ” ហើយទំព័រហ្វេសប៊ុកនេះបានដាក់តាំងស្លាកសញ្ញាគណបក្សកម្លាំងជាតិនៅក្នុងប្រូហ្វាលរបស់ខ្លួន។
ឆ្លើយតបមកកាន់ Fact Crescendo Cambodia តាមតេឡេក្រាមកាលពីថ្ងៃម្សិលមិញនេះ អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី បានបដិសេធនូវការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកនេះ ដោយលោកថា ទំព័រហ្វេសប៊ុកមួយនេះ មិនស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមព័ត៌មានរបស់គណបក្សលោកនោះឡើយ។
ខាងក្រោមនេះ គឺជាការបញ្ជាក់របស់លោក ជា មុនី មកកាន់ Fact Crescendo Cambodia តាមរយៈបណ្ដាញតេឡេក្រាមកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យគណបក្សប្រឆាំងមួយនេះ បានបញ្ជាក់ថា គណបក្សបានគ្រប់គ្រងលើទំព័រហ្វេសប៊ុកចំនួន ២ ដែលមានឈ្មោះ “គណបក្ស កម្លាំងជាតិ - Nation Power Party” និងទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ “គណៈកម្មាធិការប្រតិបត្តិ គណបក្សកម្លាំងជាតិ”។
លោក ជុន ច័ន្ទបុត្រ បានបង្ហាញវត្តមានរបស់លោកជាលើកដំបូងនៅក្នុងកម្មវិធីផ្សាយប្រចាំថ្ងៃជាភាសាខ្មែររបស់វិទ្យុអាស៊ីសេរីកាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងមកនេះ បន្ទាប់ពីលោកបាត់មុខពីកម្មវិធីផ្សាយអស់រយៈពេល ១ខែមកហើយនោះ។
ក្នុងកម្មវិធីផ្សាយនោះ លោក ច័ន្ទបុត្រ បានបង្ហាញស្លាកស្នាមនៃការវះកាត់នៅលើបំពង់ករបស់លោក ហើយថ្ពាល់ខាងស្ដាំរបស់លោកហើមនៅឡើយ ហើយលោកបញ្ជាក់ថា លោកស្រកសាច់អស់ ១៤គីឡូក្រាម បន្ទាប់ពីវះកាត់។
មេគ្រប់គ្រងការផ្សាយជាភាសាខ្មែរនៃវិទ្យុអាស៊ីសេរីរូបនេះ បានបញ្ជាក់ថា លោកនឹងត្រឡប់មកកាន់កម្មវិធីផ្សាយវិញនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះ។
កាលពីសប្ដាហ៍មុន ក៏មានការអះអាងមួយទៀតថា លោក ជុន ច័ន្ទបុត្រ បានទទួលមរណភាពហើយ ប៉ុន្តែ ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនោះ ក៏ជាព័ត៌មានក្លែងក្លាយដែរ។ សូមអានលម្អិតនៅទីនេះ
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ លោក ជុន ច័ន្ទបុត្រ បានបង្ហាញមុខនៅក្នុងកម្មវិធីផ្សាយប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីកាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ដែលបញ្ជាក់ថា សុខភាពលោកកំពុងវិវត្តទៅរកភាពប្រក្រតី បន្ទាប់ពីលោកទទួលការវះកាត់ជំងឺមហារីកបំពង់ក។
Title:មេវិទ្យុអាស៊ីសេរីបង្ហាញមុខក្នុងកម្មវិធីផ្សាយក្រោយមានការអះអាងថាលោកស្លាប់
Written By: Jay UdomResult: False