លោក ហ៊ុន សែន បញ្ជាក់ថា សុខភាពភរិយាលោកបានល្អប្រសើរក្រោយព្យាបាលនៅមន្ទីរពេទ្យ
បន្ទាប់ពីមានការចុះផ្សាយថា អ្នកស្រី ប៊ុន រ៉ានី ភរិយារបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រនោះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានផ្សព្វផ្សាយថា ស្ត្រីមេដឹកនាំបក្សកាន់អំណាចរូបនេះ បានទទួលមរណភាពហើយ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយ បានលើកឡើងថា អ្នកស្រី ប៊ុន រ៉ានី ភរិយាអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាព។ ការអះអាងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកនាពេលថ្មីៗនេះ។
ទំព័រហ្វេសប៊ុកដដែលនេះ បានបង្ហោះរូបថតអ្នកស្រី ប៊ុន រ៉ានី ដោយមានសំណេរពាក្យ «RIP» នៅលើរូបថតនោះ ដែលមានន័យថា ប្រធានកាកបាទក្រហមកម្ពុជារូបនេះ បានទទួលមរណភាព។
ការអះអាងនេះ ត្រូវបានគេចែករំលែកបន្តនៅលើបណ្ដាញសង្គម ព្រមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មផ្សេងៗពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលសំណេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមគ្រួសាររបស់លោក ហ៊ុន សែន និងសេចក្ដីរាយការណ៍ព័ត៌មាននៅក្នុងកម្ពុជារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដំណឹងមរណភាពរបស់ភរិយារបស់មេដឹកនាំប្រទេស គួរតែត្រូវបានប្រកាសជាផ្លូវការជាសាធារណៈដោយស្ថាប័នរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឯកជន និងតាមមធ្យោបាយនៃការផ្សព្វផ្សាយសំខាន់ៗដទៃទៀត។
លោក ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រម្សិលមិញថា ភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពីលោកស្រីបានដួលនៅក្នុងបន្ទប់សម្រាកកាលពីប៉ុន្មានថ្ងៃកន្លងមក។
លោក ហ៊ុន សែន បញ្ជាក់ផងដែរថា សុខភាពរបស់ភរិយាលោក មានភាពល្អប្រសើរឡើងវិញ ក្រោយពីមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
ទោះជាយ៉ាងណា មេបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា ភរិយាលោកនៅមិនទាន់អាចចាកចេញពីមន្ទីរពេទ្យបាននៅឡើយទេ ព្រោះត្រូវការរង់ចាំថត និងត្រួតពិនិត្យក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិច។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បង្ហាញទិដ្ឋភាពរូបថតចាស់រវាងលោក ហ៊ុន សែន និងភរិយារបស់លោក លោកស្រី ប៊ុន រ៉ានី។
ការប្រកាសរបស់អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ ក៏ត្រូវបានយកមកផ្សព្វផ្សាយបន្ដដោយ Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស (archived link) និងបណ្ដាសារព័ត៌មានផ្សេងទៀតផងដែរ។ សូមអានព័ត៌មានលម្អិតនៅទីនេះ (archived link) ឬនៅទីនេះ (archived link)។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការភ្ជាប់រូបថតទៅនឹងការអះអាងខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ លោក ហ៊ុន សែន បានអះអាងថា សុខភាពភរិយារបស់លោកបានល្អប្រសើរហើយ ក្រោយពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
Title:លោក ហ៊ុន សែន បញ្ជាក់ថា សុខភាពភរិយាលោកបានល្អប្រសើរក្រោយព្យាបាលនៅមន្ទីរពេទ្យ
Written By: Kakada SimResult: Misleading