រូបថត​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ធ្វើ​សញ្ញា​អក្សរ​ V ពី​ក្រោយ​លោក ពូទីន គឺ​ជា​រូបភាព​កាត់

Altered International

ខណៈ​ដែល​​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​បាន​អូស​បន្លាយ​ពេល​អស់​រយៈ​ពេល ១​ខែ​ហើយ​នោះ រឿង​រ៉ាវ​នៃ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ធ្វើ​សញ្ញា​អក្សរ V ពី​ក្រោយ​មេដឹកនាំ​រុស្ស៊ី ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​​សរសេរ​រៀបរាប់​ថា ជា​មូល​ហេតុ​នៃ​សង្គ្រាម​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy)​​លើក​ម្រាម​ដៃ​ពីរ​នៅ​ពី​ក្រោយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​រំលែក​បន្ត​ ដោយ​សរសេរ​រៀបរាប់​ថា «មូលហេតុ​ពី​ក្រោយ​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន»។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​នូវ​ការ​ចែក​រំលែក​រូបថត​មួយ​សន្លឹក​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

FACEBOOK POST | ARCHIVED LINK

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ដោយ​មាន​ការ​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា «Here is the real reason behind the war»។ រូបថត​មួយ​សន្លឹក​នេះ អាច​រក​មើល​បាន​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ផ្សេង​ទៀត​មាន​នៅ​ទីនេះ​ផង​ដែរ។

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​ការ​ពិត រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត​ដោយ​​ដាក់​បញ្ចូល​រូបថត​ពីរ​សន្លឹក​ចូល​គ្នា ដែលរូបថត​ទាំង​ពីរ​សន្លឹក​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ ALAMY ដែល​ជា​ទីភ្នាក់ងារ​ស្តុក​រូបថត​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស។

តាម​រយៈគេហទំព័រ ALAMY យើង​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ថត​រូប​រួម​គ្នា​ជា​មួយ​ប្រធានាធិបតី​បារាំង​ លោក អេម៉ានុយអ៊ែល ម៉ាក្រុង។

បើ​តាម​គេហទំព័រ ALAMY មេដឹកនាំ​បារាំង និង​រុស្ស៊ី បាន​ឈរ​​លើក​ដៃ​ជា​សញ្ញា​ស្វាគមន៍ និង​ថត​រូប​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៩​កន្លង​មក នៅ​ឯ​ទីក្រុង​ប៉ារីស នៅ​មុន​ជំនួប​កំពូល​មួយ Normandy Four ដែល​ជា​កិច្ច​ប្រជុំ​ខ្ពស់​បំផុត​​នៃ​មេដឹកនាំ​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អ៊ុយក្រែន ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​ជម្លោះ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

ALAMY | ARCHIVED LINK

តាម​រយៈ​គេហទំព័រ​ ALAMY ដដែល យើង​ក៏​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​ទៀត ដែល​បង្ហាញ​​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី ថត​រូប​ជាមួយ​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ផង​ដែរ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​លោក ហ្សេឡេនស្គី លើក​ម្រាម​ដៃ​ពីរ​ធ្វើ​ជា​សញ្ញា​អក្សរ V។

បើ​តាម​គេហទំព័រ ALAMY មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​ថត​រូប​ជាមួយ​មេដឹកនាំ​បារាំង នៅ​ឯ​ទីក្រុង​ប៉ារីស នៅ​មុន​ជំនួប​កំពូល Normandy Four ដែល​ជា​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​នៃ​មេដឹកនាំ​អ៊ុយក្រែន អាល្លឺម៉ង់ បារាំង និង​រុស្ស៊ី ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៩​ផង​ដែរ។

ALAMY | ARCHIVED LINK

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​រូភាព​កាត់​ត។ រូបថត​ច្បាប់​ដើម មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី លើក​ដៃ​ធ្វើ​ជា​សញ្ញា​អក្សរ V ដាក់​នៅ​លើ​ក្បាល​មេដឹកនាំ​រុស្ស៊ី លោក ពូទីន នោះ​ឡើយ។ រូបថត​ច្បាប់​ដើម​មួយ​សន្លឹក បង្ហាញ​លោក ហ្សេឡេនស្គី ថត​រូប​ជាមួយ​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ហើយ​រូបថត​ច្បាប់​ដើម​មួយ​សន្លឹក​ទៀត បង្ហាញ​លោក ពូទីន ថត​រូបថត​ជាមួយ​លោក ម៉ាក្រុង កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​។

Avatar

Title:រូបថត​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ធ្វើ​សញ្ញា​អក្សរ​ V ពី​ក្រោយ​លោក ពូទីន គឺ​ជា​រូបភាព​កាត់

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.