សំណង់​ផ្ទះ​ផ្ដល់​ឱ្យ​អតីត​យោធិន​កម្ពុជា​ត្រូវ​បាន​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម

False Political

បន្ទាប់​ពី​កម្ពុជា​បាន​ប្រកាស​ប្រគល់​ដី​ទំហំ ៤០​ហិកតា​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​រួច​មក ការ​អះអាង​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ រូបភាព​ផ្គុំ​មួយ​សន្លឹក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា «ផ្ទះ​យួន​ស្អាតៗ»។ រូបភាព​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​ពាន់​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបភាព​មួយ​ផ្ទាំង​ដែល​កើត​ចេញ​ពី​ការ​ផ្គុំ​ចូល​គ្នា​នៃ​រូបថត​២​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​សប្ដាហ៍​មុន។ រូបភាព​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​ផ្គុំ​ទៅ​ដោយ​រូបថត​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ពី​ថ្ម និង​រូបថត​មួយ​ទៀត ដែល​បង្ហាញ​ឱ្យ​សំណល់​បាក់​ផ្ទះ​បាក់​បែក​រាប​នៅ​លើ​ដី។

រូបភាព​មួយ​ផ្ទាំង​នេះ បាន​ភ្ជាប់​មក​ជាមួយ​សំណេរ​ថា «ផ្ទះ​យួន​ស្អាតៗ» ដែល​ចង់​សំដៅ​ដល់​ផ្ទះ​ថ្ម​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​សាង​សង់​សម្រាប់​ជន​ជាតិ​វៀតណាម​ដែល​ត្រូវ​បាន​ជម្លៀស​ឱ្យ​ចាកចេញ​ពី​ផ្ទៃ​បឹង​ទន្លេ​សាប និង​សំណេរ​មួយ​ទៀត​ថា «ផ្ទះ​ខ្មែរ​ក៏​អស់​ស្អាតៗ​ដែរ»។

រូបភាព​មួយ​ផ្ទាំង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក Politically of Cambodia កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ដោយ​មាន​សំណេរ​លើ​រូបថត​ផងដែរ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​សំណង់​ផ្ទះ​ដូចៗ​គ្នា​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ជាមួយ​នឹង​សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន Cambodia Property Report កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​មក ដោយ​និយាយ​ថា ផ្ទះនេះ ត្រូវ​បាន​សាង​សង់​សម្រាប់​ផ្ដល់​ឱ្យ​​យុទ្ធជន​ពិការ គ្រួសារ​យោធា​ពលី ពលរដ្ឋ​ក្រី​ក្រ​គ្មាន​ដី​ធ្លី​ជា​កម្មសិទ្ធិ និង​អតីត​យោធិន​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។

Cambodia Property Report | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ផង​ដែរ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩​កន្លង​មក​នេះ ដែល​និយាយ​អំពី​ការ​សាង​សង់​ផ្ទះ​សម្បែង​ជូន​អតីត​យោធិន គ្រួសារ​យោធា​ដែល​បាន​ពលី យុទ្ធជន​ពិការ និង​ពលរដ្ឋ​ក្រី​ក្រ​ នៅ​ក្នុង​ផែនការ​សង្គមកិច្ច​របស់​រាជ​រដ្ឋាភិបាល​នៅ​តាម​ខេត្ត​នានា។

សូម​មើល​ព័ត៌មាន​លម្អិត​អំពី​ដំណើរ​វិវត្តន៍​នៃ​គម្រោង​សម្បទាន​សង្គមកិច្ច​របស់​កម្ពុជា ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បង្ហាញ​ឱ្យ​ឃើញ​សំណង់​ផ្ទះ​មាន​រចនា​បថ​ដូច​ៗ​គ្នា ដែល​ត្រូវ​បាន​សាង​សង់​នៅ​ក្នុង​គម្រោង​សម្បទាន​សង្គម​កិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

MLMUC | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបភាព​មួយ​ផ្ទាំង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ថា​ជា​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​សម្រាប់​ជន​អន្តោ​ប្រវេសន៍​វៀតណាម។ រូបថត​សំណង់​ផ្ទះ​មាន​រចនាបថ​ដូចៗ​គ្នា​នេះ គឺ​ជា​ផ្ទះ​សម្បែង​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​សាង​សង់​សម្រាប់​អតីត​យោធិន យុទ្ធជន​ពិការ គ្រួសារ​យោធា​ពលី​ជីវិត ពលរដ្ឋ​ក្រីក្រ​នៅ​តាម​បណ្ដា​ខេត្ត​នានា នៅ​ក្នុង​គម្រោង​សម្បទាន​សង្គម​កិច្ច។

Avatar

Title:សំណង់​ផ្ទះ​ផ្ដល់​ឱ្យ​អតីត​យោធិន​កម្ពុជា​ត្រូវ​បាន​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *