Fact Check: គ្មាន​ការ​ចាប់​ខ្លួន​​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដូចការអះអាងលើ​ហ្វេសប៊ុក​ទេ​

False Political

លោក ស ខេង គឺ​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស​មួយ​រូប​របស់​កម្ពុជា ​កាន់​តំណែង​ឧបនាយក​រដ្ឋ​មន្ត្រីនិង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃហើយ​ទទួល​បាន​គោរមងារ​«សម្ដេច»​។ នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក ស ខេង មាន ​ឋានៈ​ជា​អនុ​ប្រធាន​គណបក្ស និង​ជា​សមាជិក​មួយ​រូប​នៃ​គណៈ​អចិន្ត្រៃយ៍​ ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់ ​គណ​បក្ស​កាន់​អំណាច។ ជា​រឿយៗ លោក ស ខេង ត្រូវ​បាន​ផ្គូរ​ផ្គង់​ដោយ​មហាជន​ថា ជា​គូ​ប្រជែង​អំណាច​នៅ​ក្នុង គណបក្ស​​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ទន្ទឹមគ្នា​នេះ មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រូប​នេះ ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះយ៉ាងណា ការផ្ទៀង​ផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ គឺមិនត្រឹម​ត្រូវនោះឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

ការពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អ្នកប្រើបណ្តាញសង្គមហ្វេសបុកម្នាក់ បានអះអាង​ថា លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ត្រូវបានគេ​ចាប់ខ្លួន។ ការ​អះ​អាង​ថា​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​​នេះ ត្រូវ​បាន​​ចែក​រំលែក​តៗ​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន។

លោក ស ខេង គឺជាអ្នកនយោបាយខ្មែរ និងជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច នាពេលបច្ចុប្បន្ននេះ។ លោក ស ខេង កាន់​តំណែង​ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។

ប៉ុស្តិ៍របស់អ្នកប្រើហ្វេសបុក បានសរសេររៀបរាប់យ៉ាងខ្លីថា «ព័ត៌មានបន្ទាន់ ក្រឡាហោម ស ខេង ត្រូវបាន​ចាប់ខ្លួន»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​ការពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​​តាម​រយៈ​​ការសម្ភាសដោយផ្ទាល់ ជាមួយនឹងអ្នកនាំពាក្យ​នគរបាល​ជាតិ និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ។

តាមការបញ្ជាក់តាមប្រព័ន្ធ​ទូរស័ព្ទជាមួយនឹង Fact Crescendo Cambodia ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ អ្នក​នាំ​ពាក្យ ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន បានបដិសេធ​ចំពោះ​ការ​អះ​អាង​នេះ ហើយ​បាន​ប្រាប់​ឱ្យ​​ស្វែង​រក​ការ​បញ្ជាក់ ​បន្ថែម​ពី​ខុទ្ទកាល័យ​របស់​លោក ស ខេង។

ដោយឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ការ​បញ្ជាក់​ពី Fact Crescendo Cambodia នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ អ្នក​នាំ​ពាក្យ​ ក្រសួង​មហាផ្ទៃ លោក ផាន សុផានិត ក៏បានបញ្ជាក់​ប្រាប់តាមប្រព័ន្ធទំនាក់ទំនង​តេឡេក្រាមផងដែរថា គ្មាន​ករណី ការ​ចាប់​ខ្លួនលោក ស ខេង​ បែប​នេះ​កើត​មានឡើងនោះ​ទេ។

លោក ផាន សុផានិត ក៏​បានបង្ហាញនូវ​រូបថតនៃកិច្ចប្រជុំមួយរបស់​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលដឹកនាំដោយលោក​ ស ខេង ហើយកិច្ចប្រជុំនោះបាន​កើតឡើង ៦ថ្ងៃក្រោយពីមាន​ការអះអាងរបស់អ្នកប្រើប្រាស់ខាងលើនេះ។

ទំព័រហ្វេសបុកផ្លូវការរបស់​លោក ស ខេង Fact Crescendo Cambodia បាន​បង្ហាញ​ថា កាលពីព្រឹកថ្ងៃទី២៦ មេសា កន្លងទៅនេះ លោក ស ខេង ក៏បានដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការ​អនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់​នាំជនបរទេស​ចេញពីភូមិសាស្ត្របិទខ្ទប់។ កិច្ច​ប្រជុំ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​តាមប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពី​​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​ថ្នាក់​ដឹកនាំ​នគរបាល​ជាតិ។

Facebook Post | Archived Link

នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​នោះ​ដែរ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​បង្ហោះ​ផង​ដែរ​នូវ​រូបថត​នៃ​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ ដែល​ដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

Facebook Post | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូច​ដែល​បានរៀបរាប់ខាងលើ​នេះ គឺ​មិនត្រឹមត្រូវនោះឡើយ។ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បំពេញ​ការងារ​ពី​គេហដ្ឋាន​របស់​លោក ហើយ​បាន​ដឹកនាំ​កិច្ច​ប្រជុំ​មួយ​តាម​អនឡាញ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​នគរបាល​ជាតិ។

Avatar

Title:Fact Check: គ្មាន​ការ​ចាប់​ខ្លួន​​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដូចការអះអាងលើ​ហ្វេសប៊ុក​ទេ​

Fact Check By: FC Cambodia Team 

Result: False

Leave a Reply

Your email address will not be published.