មក​ដល់ឆ្នាំ​​នេះ តើ​កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​​ចំនួន​ប៉ុន្មាន​ហើយ​?

Misleading Political

ជា​ច្រើន​ឆ្នាំ​មក​ហើយ បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស គឺ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ ដែល​ត្រូវ​បាន​លើក​យក​មក​ជជែក ឬ​ចោទ​សួរ​ទៅ​កាន់​រាជ​រដ្ឋាភិបាល។ បញ្ហា​បំណុល​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​អះ​អាង​ថា កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​ជាង ​១៥​ពាន់​លាន​ដុល្លារ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​

ការអះអាងលើបណ្តាញសង្គម

ការអះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​មក​នេះ បាន​លើក​ឡើង​ថា កម្ពុជា​ជាប់​បំណុល​បរទេស​រហូត​ដល់​ជាង ១៥,០០០​លាន​ដុល្លារ ឬជាង ១៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​មាន​រហូត​ដល់ ៤៨​ភាគរយ​ឯណោះ។

ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាងនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា​កន្លង​មក​នេះ ដែល​បាន​រៀប​រាប់​ថា​ «កម្ពុ​ជាមា​នបំណុ​លសរុប​ជាង​ ១៥,០០០​លានដុ​ល្លារ​។ (របាយការណ៍​ក្រសួងសេ​ដ្ឋកិច្ច​) ក្នុ​ងនោះ​ជំពា​ក់ចិ​ន ៤៨%។​ អបអរសាទរ​!»។​

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​បណ្ដា​សារព័ត៌មាន​នានា និង​របាយ​ការណ៍​ចេញ​ដោយ​​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​នានា​នៅ​កម្ពុជា។ ​សារព័ត៌មាន​​កម្ពុជា​ថ្មី​ បាន​ផ្សាយ​នៅ​ដើម​ខែ​សីហា​នេះ​ថា​ កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប​ចំនួន​ ៩.៨១​ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ថា តួលេខ​នេះ​ស្ថិត​​នៅ​ក្រោម​​អនុបាត​គោល ឬ​កម្រិត​ហានិភ័យ​ដែល​​កំណត់​ដោយ​​មូលនិធិរូ​បិយវត្ថុ​អន្តរជាតិ​ (IMF)​។​

Kampuchea Thmey | Archived Link

កាសែត​ភ្នំពេញ ប៉ុស្តិ៍ ក៏​បាន​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​ផង​ដែរ។ សារព័ត៌មាន​មួយ​ចុះ​ផ្សាយ​ថា កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប ៩.៨១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​នេះ។

Phnom Penh Post | Archived Link

សារព័ត៌មាន​ទាំង​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​ផ្អែក​តាម​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដែល​បាន​បក​ស្រាយ​បញ្ហា​បំណុល​កម្ពុជា​ជំពាក់​បរទេស​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​សីហា។

YouTube Link | Archived Link

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាដែល​ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​កាល​ពី​ដើម​ខែ​មិថុនាក​ន្លង​មក​នេះ បាន​បង្ហាញ​ថា ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាជំពាក់​បំណុលសាធារណៈសរុបចំនួន ៩.៨១​ពាន់លានដុល្លារអាមេរិក ដែលសុទ្ធសឹងជាបំណុលសាធារណៈក្រៅប្រទេស។

Ministry of Economy and Finance | Archived Link

ប៉ុន្តែ ព្រឹត្តិបត្រ​បំណុល​សាធារណៈ​កម្ពុជា​ចេញ​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ បង្ហាញ​ថា កម្ពុជា​បាន​ខ្ចី​លុយ​ពី​ដៃ​គូ​អភិវឌ្ឍន៍​នានា​មាន​ទំហំ​សរុប​រហូត​ដល់ ១៥,៥៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣​រហូត​ដល់​ឆ្នាំ​២០២១​កន្លង​មក​នេះ។

Ministry of Economy and Finance | Archived Link

លោក មាស សុខសេនសាន មិន​បាន​ឆ្លើយ​តប​នឹង Fact Crescendo Cambodia ដែល​ស្នើ​ឱ្យ​បក​ស្រាយ​ពី​តួលេខ​នៃ​ទំហំ​កម្ចី​ខាង​លើ​នេះ​ឡើយ ប៉ុន្តែ លោក​ចង្អុល​បង្ហាញ​ទៅ​​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ដែល​ចេញ​ដោយ​ធនាគារ​ពិភព​លោក​កាល​ពី​ខែ​មិថុនា​កន្លងម​ក​នេះ។

ក្នុង​របាយ​ការណ៍​​ «Cambodia Economic Update – Weathering the Oil Price Shock : Special Focus – Post-Pandemic Supply Chain Disruptions : Strategies to Reduce Logistics Costs»បាន​បញ្ជាក់​ថា​ កម្ពុជា​ជាប់​ជំពាក់​​បំណុល​សាធារណៈ​ប្រមាណ​ ៣៥​ភាគរយ​ ធៀប​នឹង​ផលិត​ផល​ក្នុង​ស្រុក​សរុប​។

World Bank Report | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​បង្ហោះ​សំណេរ​ខាង​លើ​នេះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ប្រទេស​កម្ពុជា​ គិត​ត្រឹម​ត្រី​មាស​ទី​១​ ឆ្នាំ​២០២២​នេះ​ ជាប់​ជំពាក់​បំណុល​សាធារណៈ​សរុប​ប្រមាណ​ ៩.​៨១​​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង​ ២៤​ភាគរយ ធៀប​នឹង​ផលិត​ផល​ក្នុង​ស្រុក​សរុប​។

Avatar

Title:មក​ដល់ឆ្នាំ​​នេះ តើ​កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​​ចំនួន​ប៉ុន្មាន​ហើយ​?

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *